អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធផ្នែកយុវជន កម្មករ សហជីព និងកសិករ រៀបចំវេទិកាសាធារណៈនៅថ្ងៃទី២១ ខែធ្នូ នាទីលានប្រជាធិបតេយ្យ ដើម្បីឲ្យអ្នកចូលរួមបង្ហាញពីការបារម្ភរបស់ពួកគេចំពោះសេចក្ដីព្រាងច្បាប់មួយចំនួនដែលរដ្ឋាភិបាលគ្រោងបង្កើត។ សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ីនធឺណិត ច្បាប់ស្ដីពីដីកសិកម្ម និងច្បាប់ស្ដីពីសហជីព។
វេទិកាសាធារណៈដែលធ្វើឡើងពេញមួយថ្ងៃ និងមានអ្នកចូលរួមភាគច្រើនជាយុវជនកម្មករមន្ត្រីសហជីព ព្រមទាំងកសិករ និងព្រះសង្ឃសរុបប្រមាណ ១ពាន់នាក់ និងអង្គ បានពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់ទាំង ៣ ជាពិសេសទៅលើផលប៉ះពាល់របស់សេចក្ដីព្រាងច្បាប់ទាំងនេះទៅលើយុវជន កសិករ និងកម្មករ។
វេទិកានេះ ក្រៅតែពីផ្ដល់ឱកាសឲ្យអ្នកជំនាញ និងវាគ្មិនពន្យល់ដល់អ្នកចូលរួមអំពីខ្លឹមសារ និងផលប៉ះពាល់នៃសេចក្ដីព្រាងច្បាប់ទៅលើសង្គមកម្ពុជា អ្នកចូលរួមក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមថ្លែងផ្ដល់យោបល់ និងលើកឡើងពីការយល់ឃើញរបស់ពួកគេចំពោះសេចក្ដីព្រាងច្បាប់ទាំងនេះ។ អ្នកចូលរួមភាគច្រើនលើកឡើងថា ពួកគេពុំសូវដឹងអំពីខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ទាំងនោះឡើយ។
អ្នកសម្របសម្រួលសេរីភាពបញ្ចេញមតិ និងគម្រោងសិទ្ធិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា ដែលបានចូលរួមធ្វើជាវាគ្មិនក្នុងវេទិកានោះ កត់សម្គាល់ថា វេទិកាសាធារណៈដែលសង្គមស៊ីវិលរៀបចំឡើងនៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ចំពោះអ្នកចូលរួមនិងប្រជាពលរដ្ឋទូទៅឲ្យយល់ដឹងអំពីខ្លឹមសារ និងផលប៉ះពាល់របស់សេចក្ដីព្រាងច្បាប់។
កញ្ញា សន រ៉ាមណា សង្កត់ធ្ងន់ថា សង្គមស៊ីវិលធ្វើការតស៊ូមតិ និងយុទ្ធនាការដើម្បីឲ្យការផ្លាស់ប្ដូរ ឬកែប្រែសេចក្ដីព្រាងច្បាប់ ប៉ុន្តែវាក៏ទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសគឺអ្នកគោលដៅតែម្ដង។
កញ្ញា សន រ៉ាមណា បញ្ជាក់ថា រដ្ឋាភិបាលហាក់មានភាពលាក់លៀមក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់មួយចំនួន ជាពិសេសគឺច្បាប់ស្ដីពីឧក្រិដ្ឋកម្មអ៊ិនធឺណិត។ កញ្ញាថា សូម្បីតែសេចក្ដីព្រាងច្បាប់ដែលសង្គមស៊ីវិលទទួលបានសព្វថ្ងៃ ក៏មិនមែនជាសេចក្ដីព្រាងច្បាប់ផ្លូវការនោះទេ គឺគ្រាន់តែជាសេចក្ដីព្រាងច្បាប់ដែលបែកធ្លាយតៗគ្នាប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ តាមរយៈវេទិកានេះ អ្នកចូលរួមប្រហែលជាអាចទទួលបាននូវចំណេះដឹងច្រើន ព្រោះថាក្រៅពីពន្យល់ផ្ទាល់មាត់ អ្នករៀបចំកម្មវិធីក៏បានចែកចាយឯកសារវិភាគពីផលប៉ះពាល់របស់សេចក្ដីព្រាងច្បាប់នីមួយៗទៅឲ្យពួកគេ។
សម្រាប់ប្រធានកម្មវិធីដីធ្លីសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលចូលរួមឃ្លាំមើលការជួបជុំនេះ មានប្រសាសន៍ថា វេទិកាសាធារណៈដែលសង្គមស៊ីវិលរៀបចំឡើងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសេចក្ដីព្រាងច្បាប់ដូចនេះ គឺជាការចូលរួមចំណែកជួយរដ្ឋាភិបាលទៅវិញទេ ព្រោះលោកថា នៅពេលដែលពលរដ្ឋយល់ដឹងច្រើន រដ្ឋាភិបាលក៏ស្រួលដែរ។ ដូច្នេះលោកថា ការផ្សព្វផ្សាយគឺមានសារសំខាន់ខ្លាំងណាស់នៅក្នុងសង្គម។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរបស់មន្ត្រីរដ្ឋាភិបាលជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ ធ្នូ។
យ៉ាងណាក៏ដោយ អ្នកចូលរួមទាំងអស់ចង់ឲ្យរដ្ឋាភិបាលបញ្ចេញសេចក្ដីព្រាងច្បាប់ផ្លូវការជាសាធារណៈ ដូចជាតាមរយៈការបង្ហោះសេចក្ដីព្រាងច្បាប់នៅលើគេហទំព័រជាដើម។ លើសពីនេះ ពួកគេក៏ចង់ឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យមានការប្រឹក្សាយោបល់ជាចំហទៅលើសេចក្ដីព្រាងច្បាប់ប្រសិនបើរដ្ឋាភិបាលគិតថា ច្បាប់ទាំងនេះជាច្បាប់អាទិភាព ដែលចាំបាច់ត្រូវបង្កើតឡើងក្នុងអាណត្តិទី៥នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។