តុលាការ​ដោះ​លែង​លោក វន់ ពៅ និង​មនុស្ស​២៤​នាក់​ទៀត​ក្នុង​សំណុំ​រឿង​បី​ផ្សេង​គ្នា

0:00 / 0:00

0:00 / 0:00

មនុស្ស​ទាំង ២៣​នាក់​ក្នុង​សំណុំ​រឿង​ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ យ៉ាក ជីន (Yak Jin) ព្រម​ទាំង​មនុស្ស ២​នាក់​ទៀត​នៅ​ស្ទឹងមានជ័យ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​ទី​៣០ ឧសភា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​ជន​រងគ្រោះ​ចាត់​ទុក​ថា ថ្វី​បើ​ការ​ដោះ​លែង​នៅ​ពេល​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​សេរីភាព​ឡើង​វិញ​ដល់​ពួក​គេ តែ​ថា​អ្នក​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ ហើយ​បែរ​ជា​មាន​ទោស​ទៅ​វិញ។

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅ​ក្នុង​អង្គ​សវនាការ ដែល​ធ្វើ​ឡើង​ក្នុង​បី​បន្ទប់​ដាច់​ដោយ​ឡែក​ពី​គ្នា នៅ​ម៉ោង​ប្រហាក់​ប្រហែល​គ្នា នា​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ដោយ​សម្រេច​ដោះ​លែង​ភ្លាមៗ​ប្រធាន​សមាគម សហជីព សកម្មជន​ដីធ្លី និង​កម្មករ​ទាំង ២៣​នាក់ រួម​ទាំង​មនុស្ស ២​នាក់​ផ្សេង​ទៀត ក្នុង​សំណុំ​រឿង​ស្ទឹងមានជ័យ ឲ្យ​មាន​សេរីភាព ដោយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​៣០ ឧសភា ត​ទៅ។

នៅ​បន្ទប់​សវនាការ​ទី​១ ក្នុង​សំណុំ​រឿង​រោងចក្រ យ៉ាក ជីន ដែល​មាន​មនុស្ស ១០​នាក់ ក្នុង​នោះ​មាន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផង និង​មនុស្ស ៩​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក កែវ មុនី សម្រេច​ក្នុង​អង្គ​សវនាការ ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​មុខ​រោងចក្រ យ៉ាក ជីន។

ក៏ប៉ុន្តែ ក្នុង​សំណុំ​រឿង​នេះ មនុស្ស ៤​នាក់ មាន លោក វន់ ពៅ លោក ចាន់ ពុទ្ធិស័ក លោក ថេង សាវឿន និង​លោក សុគុណ សម្បត្តិពិសិដ្ឋ ត្រូវ​បាន​តុលាការ​កែប្រែ​បទ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម មក​ជា​បទ​ចោទ​ផ្ដួចផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​វិញ។

ចំណែក​មនុស្ស ៦​នាក់​ក្នុង​ចំណោម​នោះ តុលាការ​នៅ​រក្សា​បទ​ចោទ​ដូច​ដើម គឺ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ ក្នុង​សំណុំ​រឿង​នេះ សាលក្រម​បាន​ផ្ដន្ទាទោស​លើ​មនុស្ស ៤​នាក់ មាន លោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិស័ក និង​លោក សុគុណ សម្បត្តិពិសិដ្ឋ ចន្លោះ​ពី ៤​ឆ្នាំ​ទៅ ៤​ឆ្នាំ​កន្លះ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ៨​លាន​រៀល​ក្នុង​ម្នាក់ៗ និង​អនុវត្ត​ទោស​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​រហូត​ដល់​ថ្ងៃ​ទី​៣០ ឧសភា ដោយ​ឡែក​ទោស​ដែល​សល់​ត្រូវ​ព្យួរ។ ចំណែក​មនុស្ស ៦​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​ផ្ដន្ទាទោស​ចន្លោះ​ពី ២​ឆ្នាំ​កន្លះ ទៅ ៣​ឆ្នាំ ដោយ​ពុំ​មាន​ពិន័យ​ជា​ប្រាក់​នោះ​ទេ និង​ត្រូវ​រួច​ទោស​ជា​ស្ថាពរ។

ជាមួយ​គ្នា​នេះ​ដែរ បន្ទប់​សវនាការ​ទី​២​វិញ គឺ​សំណុំ​រឿង​ផ្លូវ​វ៉េងស្រេង ដែល​មាន​កម្មករ ១៣​នាក់ ត្រូវ​បាន​ចៅក្រម​ជំនុំ​ជម្រះ លោក លាង សំណាត់ ប្រកាស​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ដូច​គ្នា​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា ហើយ​សាលក្រម​នេះ​នៅ​រក្សា​៤​បទ​ចោទ​ដូច​ដើម គឺ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ប្រើប្រាស់​មធ្យោបាយ​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ និង​ពី​បទ​ជេរ​ប្រមាថ​មន្ត្រី​រាជការ​សាធារណៈ។ កម្មករ​ទាំង ១៣​នាក់ ក្នុង​សំណុំ​រឿង​នៅ​ផ្លូវ​វ៉េងស្រេង នេះ ត្រូវ​បាន​សាលក្រម​ផ្ដន្ទាទោស​ចន្លោះ​ពី ១​ឆ្នាំ​ដល់ ៤​ឆ្នាំ តែ​ត្រូវ​កាត់​តម្រឹម ដោយ​អនុវត្ត​ទោស​គិត​ពី​ថ្ងៃ​ចាប់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​៣០ ឧសភា ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

ចំពោះ​បន្ទប់​សវនាការ​ទី​បី​នៃ​សំណុំ​រឿង​ស្ទឹងមានជ័យ ឯណេះ​វិញ ដែល​មាន​មនុស្ស ២​នាក់ ឈ្មោះ មាស នន់ និង​វណ្ណី វណ្ណន ត្រូវ​បាន​សាលក្រម​ផ្ដន្ទាទោស​ចន្លោះ ៦​ខែ ទៅ ៣​ឆ្នាំ គិត​ចាប់​អនុវត្ត​ទោស​ពី​ថ្ងៃ​ចាប់​ខ្លួន​ដល់​ថ្ងៃ​ទី​៣០ ឧសភា ដូច​គ្នា។ ចំណែក​ទោស​ដែល​នៅ​សល់ ក៏​ត្រូវ​ព្យួរ​ដែរ។

មនុស្ស ២៥​នាក់ ទាំង​សំណុំ​រឿង​នៅ​ស្ទឹងមានជ័យ ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ និង​ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​នៅ​ខាង​មុខ​រោងចក្រ យ៉ាក ជីន កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​មេធាវី​បំពេញ​បែបបទ​ឲ្យ​ពួក​គេ​បាន​ចេញ​ពី​ពន្ធនាគារ​រួច​ហើយ​នៅ​ម៉ោង​ជិត ១២​ថ្ងៃ​ត្រង់​នា​ថ្ងៃ​ទី​៣០ ឧសភា។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ទាំង លោកស្រី ប្រាក់ សុវណ្ណារី ប្រពន្ធ​របស់ លោក វន់ ពៅ និង​លោក យ៉ោម សុគុណ ឪពុក​របស់ លោក សុគុណ សម្បត្តិពិសិដ្ឋ សុទ្ធ​តែ​អះអាង​ថា ថ្វី​បើ​នៅ​ពេល​នេះ​អាច​រាប់​ថា​ជា​ការ​ផ្ដល់​យុត្តិធម៌​ក៏​ពិត​មែន តែ​ថា​មនុស្ស​ដែល​គ្មាន​កំហុស ហើយ​ត្រូវ​រង​ការ​ចោទ​ប្រកាន់ និង​ប្រឈម​ការ​ជាប់​ឃុំ​អស់​ជាច្រើន​ខែ គឺ​ពុំ​អាច​ទទួល​យក​បាន​ឡើយ៖ «ខ្ញុំ​មិន​សូវ​សប្បាយ​ចិត្ត ដោយសារ​ស្វាមី​ខ្ញុំ​ឥត​បាន​ខុស​អី​សោះ បែរ​ជា​គេ​ព្យួរ​ស្វាមី​ខ្ញុំ​ដល់​ទៅ ៤​ឆ្នាំ ៦​ខែ ហើយ​ត្រូវ​ផាក​ពិន័យ​ទៀត​នោះ។ ក្នុង​ពេល​នេះ ខ្ញុំ​មាន​ក្តី​រំភើប​នៅ​ពេល​ដែល​ខ្ញុំ​ជួប​កូន​ខ្ញុំ​វិញ។ ខ្ញុំ​អរ​ណាស់ ខ្ញុំ​អរ​ណាស់!»

ចំណែក​មេធាវី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​កាន់​សំណុំ​រឿង​រោងចក្រ យ៉ាក ជីន លោក គង់ ពិសី ថ្លែង​ថា ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ និង​ការ​ប្រកាស​របស់​ចៅក្រម​ជំនុំ​ជម្រះ​បើក​ផ្លូវ​តវ៉ា ក្នុង​រយៈ​មួយ​ខែ​គិត​ពី​សាលក្រម​នេះ​ចេញ។ ក្រុម​មេធាវី​នឹង​ពិនិត្យ​លទ្ធភាព​ជា​ថ្មី​ទៀត ដើម្បី​តតាំង​តាម​ផ្លូវ​ច្បាប់​ឲ្យ​សាលក្រម​នេះ ត្រូវ​បញ្ចប់​ដោយ​ស្ថាពរ ចំពោះ​កូន​ក្ដី​របស់​ខ្លួន៖ «យើង​ត្រូវ​តែ​ជជែក​គ្នា​ជាមួយ​សហ​មេធាវី ថា​តើ​យើង​ត្រូវ​បន្ត​នីតិវិធី ហើយ​ក៏​ត្រូវ​តែ​ពិភាក្សា​ជាមួយ​នឹង​កូន​ក្តី​របស់​យើង​ដែរ។ យើង​នឹង​ធ្វើ​ទៅ​តាម​នីតិវិធី»

លោក អំ សំអាត មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ចាត់​ទុក​ថា ការ​ប្រកាស​សាលក្រម​ព្រម​គ្នា​នៃ​បន្ទប់​សវនាការ​ទាំង​បី បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​សេចក្ដី​សម្រេច​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ និង​សម្ពាធ​របស់​អ្នក​បញ្ជា​ទិញ និង​សហជីព​អន្តរជាតិ។

សាលក្រម​ដែល​ដោះ​លែង​ឲ្យ​មនុស្ស​ទាំង ២៥​នាក់ បាន​នៅ​ក្រៅ​ឃុំ​នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​សហជីព​អន្តរជាតិ និង​ក្រុម​អ្នក​បញ្ជា​ទិញ បាន​ជួប​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ឧសភា កន្លង​ទៅ​នេះ។ ក្រុម​អ្នក​បញ្ជា​ទិញ បាន​ព្រមាន​ទៅ​រដ្ឋាភិបាល​ថា អាច​នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​ការ​បញ្ជា​ទិញ​ពី​កម្ពុជា បើ​សំណុំ​រឿង​នេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​តម្លាភាព​ទេ។

សង្គម​ស៊ីវិល​សាទរ​សេចក្ដី​សម្រេច​របស់​តុលាការ​ភ្នំពេញ

ក្រុម​អង្គការ​សង្គម​ស៊ីវិល ផ្នែក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ដែល​ព្យួរ​ទោស​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​កម្មករ ២៥​នាក់ ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​នៅ​ពេល​នេះ។ ប៉ុន្តែ ចាត់​ទុក​ចំណាត់​ការ​របស់​ចៅក្រម ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​តស៊ូ​ក្នុង​រឿង​ដីធ្លី និង​កម្មករ​ទាំង​នេះ ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ប្រឆាំង​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ខាង​ការ​បញ្ចេញ​មតិ និង​ជួប​ជុំ​ដោយ​សន្តិវិធី។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣០ ឧសភា របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ព្យួរ​ទោស​មនុស្ស​ទាំង ២៥​នាក់​នៅ​ពេល​នេះ។ ប៉ុន្តែ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ការ​ផ្ដន្ទាទោស​ដែល​ធ្វើ​ឡើង​ដោយ​ចៅក្រម​នៅ​ពេល​នេះ ប្រឆាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន និង​អ្នក​តវ៉ា​ទាំង ២៥​នាក់ ក្នុង​ពេល​ធ្វើ​បាតុកម្ម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ និង​កាល​ពី​ដើម​ឆ្នាំ​២០១៤ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ហេតុ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​បំពាន ជាពិសេស​ការ​បំពាន​តាម​ផ្លូវ​តុលាការ ប្រឆាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សំឡេង​ជំទាស់។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​បណ្ដុំ​ដោយ​អង្គការ និង​សមាគម​មិន​តិច​ជាង ២០ បាន​ហៅ​ការ​សម្រេច​ក្តី​របស់​ចៅក្រម​នៅ​ពេល​នេះ​ថា ជា​ការ​អនុវត្ត​ដែល​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ ប្រឆាំង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​កម្មករ។

អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ការ​ដោះ​លែង​កម្មករ និង​មន្ត្រី​សិទ្ធិ​មនុស្ស

ដោយ ជី វិតា និង យន់ សាមៀន

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​អង្គការ​ការងារ​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា ថៃ និង​ឡាវ និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ទៀត សម្ដែង​ការ​ស្វាគមន៍​លាយ​ឡំ​នឹង​ក្តី​បារម្ភ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង ដែល​បាន​ដោះ​លែង​អោយ​មនុស្ស ២៥​នាក់ រួម​មាន​ទាំង​កុមារា​ផង អោយ​មាន​សេរីភាព ប៉ុន្តែ​ស្ថិត​ក្នុង​ស្ថានភាព​ព្យួរ​ទោស។

តុលាការ​បាន​ដោះ​លែង​មនុស្ស ២២​នាក់ នៅ​ថ្ងៃ​សុក្រ ទី​៣០ ឧសភា ក្រោយ​ពេល​ប្រកាស​សាលក្រម។ ចំណែក ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ដោះ​លែង​អោយ​នៅ​ក្រៅ​ឃុំ​មួយ​រយៈ​កន្លង​មក​ហើយ។

សេចក្តី​ថ្លែងការណ៍​អង្គការ​សហប្រជាជាតិ សម្ដែង​ក្តី​បារម្ភ​ថា សវនាការ​កាត់​ទោស​មនុស្ស ២៥​នាក់ ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ​ដែល​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លា សម្រាប់​កម្មករ កាល​ពី​ដើម​ខែ​មករា នោះ ធ្វើ​ឡើង​ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​មាន​ចំណុច​ខ្វះខាត​នីតិវិធី​ច្បាប់​ជាច្រើន។ សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ក្នុង​ចំណោម ២៥​នាក់ បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្តុំ ដែល​ធានា​ដោយ​ច្បាប់។

អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​បន្ត​ស៊ើប​អង្កេត​ករណី​ប្រើប្រាស់​ហិង្សា​បង្ក្រាប​បាតុកម្ម​នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ ដែល​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់។

មនុស្ស ២៥​នាក់ ដែល​ត្រូវ​បាន​ដោះ​លែង ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ឧសភា នេះ បាន​ត្រូវ​ចាប់​ខ្លួន​ពី​តំបន់​ផ្លូវ​វ៉េងស្រេង នៅ​មុខ​រោងចក្រ យ៉ាក ជីន និង​នៅ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​អបអរ​សាទរ​តុលាការ​ដោះ​លែង​ជន​ជាប់​ចោទ​២៣​នាក់

ដោយ ដែន អយុធ្យា

នៅ​ខាង​ក្រៅ​របង​សាលា​ដំបូង ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា ក្រុម​អ្នក​ចូលរួម​គាំទ្រ​លើក​ទឹក​ចិត្ត និង​ទាមទារ​រក​យុត្តិធម៌​ជូន​មនុស្ស​ទាំង ២៣​នាក់ បាន​ស្រែក​ហ៊ោ​កញ្ជ្រៀវ​បង្ហាញ​ភាព​រីករាយ នៅ​ពេល​ដែល​តុលាការ​សម្រេច​ដោះ​លែង​ពួក​គេ​អោយ​មាន​សេរីភាព។

ភាព​សប្បាយ​រីករាយ​នោះ បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ បាន​ស្រែក​ទាមទារ​យ៉ាង​កង​រំពង ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មនុស្ស​ទាំង ២៣​នាក់ និង​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ។

ការ​តវ៉ា​នោះ មាន​ទាំង​ការ​ធ្វើ​រូប​ទីងមោង​ជា​និម្មិត​រូប​តំណាង​ឲ្យ​សាកសព​របស់​ចៅក្រម និង​ព្រះរាជ​អាជ្ញា​រូប​ណា ដែល​កាត់​ក្តី​ដោយ​អយុត្តិធម៌ និង​ពុក​រលួយ ដើម្បី​ដាក់​បណ្ដាសា​ថែម​ទៀត។

នៅ​មុន​តុលាការ​ប្រកាស​សាលក្រម​ដោះ​លែង​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ វេលា​ម៉ោង​ជិត ៩​ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា ក្រុម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​របង​តុលាការ បាន​ស្រែក​ថ្កោលទោស និង​មាន​រៀបចំ​ពិធី​បួង​សួង​តាម​រូបភាព​ផ្សេងៗ។

ស្ត្រី​សហគមន៍​បឹងកក់ ស្ថិត​ក្នុង​ចំណោម​អ្នក​តវ៉ា​មក​ពី​សហគមន៍​បណ្ដាញ​ព្រះសង្ឃ និង​សហគមន៍​ច្រើន​ទៀត ដែល​បាន​ប្រើ​ពាក្យ​ប្រមាថ​សកម្មភាព​មន្ត្រី​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មួយ​ចំនួន។ លើក​នេះ ស្ត្រី​សហគមន៍​បឹងកក់ បាន​ធ្វើ​រូប​ទីងមោង​ជា​និម្មិត​រូប​តំណាង​ឲ្យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​តុលាការ ដាក់​ក្នុង​មឈូស​សិប្បនិម្មិត​ចំនួន​២ និង​មាន​រៀបចំ​ផ្កាភ្ញី និង​លុយ​ខ្មោច ដូច​គ្នា​នឹង​ពិធី​ហែ​ខ្មោច​ទៅ​ដុត​ដែរ។

អ្នកស្រី ទេព វន្នី តំណាង​ស្ត្រី​សហគមន៍​បឹងកក់ ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​កម្មវិធី​ធ្វើ​រូប​ទីងមោង​ដាក់​ក្នុង​មឈូស បញ្ជាក់​ថា រូប​ទីងមោង​ក្នុង​មឈូស​ចំនួន​២ ដែល​បាន​យក​មក​តម្កល់​នៅ​មុខ​តុលាការ​សាលា​ដំបូង​នេះ ជា​តំណាង​ឲ្យ​ខ្មោច​ព្រះរាជ​អាជ្ញា និង​ចៅក្រម​តុលាការ​សាលា​ដំបូង​មួយ​ចំនួន ដែល​កាត់​ក្តី​មិន​យុត្តិធម៌ និង​ពុក​រលួយ៖ «ទីងមោង​នេះ​គេ​ហៅ​ថា ជា​សព​របស់​ព្រះរាជ​អាជ្ញា និង​ចៅក្រម​ដែល​ពុក​រលួយ​កាត់​ក្តី​មិន​យុត្តិធម៌ ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​ទូទាំង​ប្រទេស និង​ពិភពលោក​ថែម​ទៀត ព្រោះ​អី​យើង​គិត​ថា សព​របស់​គាត់​ដែល​ស្លាប់​ហ្នឹង​អត់​មាន​អ្នក​យក​ទៅ​បូជា អត់​មាន​អ្នក​ឧទ្ទិស​កុសល​ផល​បុណ្យ​ឲ្យ​គាត់។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​សព​គាត់​ហ្នឹង​ស្អុយ​រលួយ ហើយ​ស្អុយ​ហ្នឹង​មិន​មែន​ស្អុយ​ត្រឹម​ប្រទេស​ខ្មែរ​ទេ គឺ​ស្អុយ​ទូទាំង​ពិភពលោក។ ហើយ​ព្រលឹង​គាត់​ហ្នឹង​នៅ​វិល​វល់​កកូរកកាយ​ប្រជាពលរដ្ឋ​រស់នៅ​អត់​បាន​សុក​ទេ។ ចា៎! ដូច​ជា​ព្រាយ​បិសាច​ចឹង តាម​ព្យាបាទ​ប្រជាជន​ខ្មែរ អ្នក​ដែល​រងគ្រោះ​ក្លាយ​ជា​អ្នក​ទោស ហើយ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ខុស បែរ​ជា​រួច​ខ្លួន»

ពិធី​ដាក់​តាំង និង​ដង្ហែ​រូប​ទីងមោង​និម្មិត​រូប​សព​ចៅក្រម និង​ព្រះរាជ​អាជ្ញា ក៏​មាន​ចាក់​ភ្លេង​ក្លងខែក​តាម​មេក្រូ​តិចៗ​ផង គឺ​មិន​ខុស​ពី​ពិធី​ហែ​សព​ទៅ​បូជា​នោះ​ទេ។ ចំណែក​ព្រះសង្ឃ​ជាច្រើន​អង្គ ដែល​បាន​និមន្ត​ចូលរួម​គាំទ្រ និង​ទន្ទឹង​ស្តាប់​លទ្ធផល​នៃ​ការ​ប្រកាស​សាលក្រម​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ ក៏​បាន​និមន្ត​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធ​សាសនា ដើម្បី​បួង​សួង​ស្វែងរក​យុត្តិធម៌​ជូន​ជាប់​ចោទ​ទាំង ២៣​នាក់។

បន្ថែម​លើ​ពិធី​សូត្រ​មន្ត និង​សម្ដែង​ធម៌​អប់រំ ព្រះសង្ឃ​ជាច្រើន​អង្គ រួម​ជាមួយ​អ្នក​តវ៉ា​រាប់​រយ​នាក់ ក៏​បាន​និមន្ត និង​ដើរ​ហែ​ព័ទ្ធ​ជុំវិញ​បរិវេណ​តុលាការ​សាលា​ដំបូង និង​បាន​ផ្តល់​ឱវាទ​ឲ្យ​មនុស្ស​ធ្វើ​ល្អ និង​មាន​ចិត្ត​ធម៌។

ដោយ​ឡែក កូន​តូចៗ​របស់ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​អាយុ​មិន​ដល់ ១០​ឆ្នាំ​ផង ក៏​បាន​អុជ​ធូប​បួង​សួង​ឲ្យ​តុលាការ​ដោះ​លែង​ឪពុក​ដែល​កំពុង​មាន​ជំងឺ ហើយ​បញ្ជាក់​ថា ឪពុក​របស់​ខ្លួន​មិន​មាន​កំហុស៖ «សូម​ព្រះអង្គ​ចេក​ព្រះអង្គ​ចម និង​វត្ថុ​ស័ក្តិសិទ្ធិ ព្រម​ទាំង​ព្រះបាទ​ជ័យវរ្ម័នទី៧ ជួយ​ឲ្យ​ប៉ា​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ។ ដោះ​លែង​ប៉ា​ខ្ញុំ​វិញ​មក ប៉ា​ខ្ញុំ​អត់​មាន​កំហុស​អី​ទេ។ សុំ​ដោះ​លែង​ពី​ពន្ធនាគារ​ឥឡូវ​នេះ​ទៅ»

ជា​ការ​កត់​សម្គាល់ នៅ​មុន​តុលាការ​ប្រកាស​សាលក្រម​ដោះ​លែង ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​មនុស្ស​ទាំង ២៣​នាក់ ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា។ ក្រុម​អ្នក​តវ៉ា បាន​ស្រែក​ដាក់​បណ្ដាសា និង​ប្រមាថ​ដល់​សកម្មភាព​របស់​លោក​ចៅក្រម​ព្រះរាជ​អាជ្ញា​តុលាការ​សាលា​ដំបូង មិន​សំចៃ​មាត់។ ប៉ុន្តែ​នៅ​ក្រោយ​ពេល​ដឹង​ថា តុលាការ​បាន​សម្រេច​ដោះ​លែង​អ្នក​ជាប់​ចោទ​ទាំង ២៣​នាក់ បែរ​ជា​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ប្រកាស​សាទរ និង​លែង​មាន​សម្រែក​ថ្កោលទោស​ដាក់​បណ្ដាសា​ចៅក្រម និង​ព្រះរាជ​អាជ្ញា​ត​ទៅ​ទៀត។ ផ្ទុយ​ទៅ​វិញ បាន​ប្ដូរ​ទៅ​គាំទ្រ​ការ​កាត់​ក្តី​របស់​តុលាការ​សាលា​ដំបូង មាន​យុត្តិធម៌​ម្តង​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ថ្លែង​នៅ​មុខ​តុលាការ​សាលា​ដំបូង​ថា ការ​ចាប់​ខ្លួន​មនុស្ស​ទាំង ២៣​នាក់ នាំ​ឲ្យ​អ្នក​បញ្ជា​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា បាន​ថយ​ចុះ និង​រង​ការ​រិះគន់​ពី​អន្តរជាតិ។ លោក​ថា ការ​ចាប់​ខ្លួន​មនុស្ស​ទាំង ២៣​នាក់ នាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាត់​បង់​កិត្តិយស​លើ​ឆាក​អន្តរជាតិ៖ «យើង​បាន​ដឹង​ទីផ្សារ​មួយ​ទៅ​ពីរ គឺ​បាន​បញ្ជាក់​មក​យើង​ថា គេ​បាន​ដក​ការ​កុម្ម៉ង់​ទិញ​ផលិតផល​មួយ​ចំនួន​ពី​កម្ពុជា លុះ​ណា​តែ​រដ្ឋាភិបាល ឬ​ក៏​ក្រុមហ៊ុន​អ្នក​ផលិត​ដោះស្រាយ​បញ្ហា​ហ្នឹង»

មនុស្ស​ទាំង ២៣​នាក់​រួម​មាន សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​រោងចក្រ ត្រូវ​តុលាការ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា និង​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ឯកជន នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កម្លាំង​ចម្រុះ​រដ្ឋាភិបាល បង្ក្រាប​បាតុកម្ម​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​តាម​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ យ៉ាក ជីន កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។

ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​បាញ់​សម្លាប់​កម្មករ​ចំនួន ៥​នាក់ និង​របួស​ជាង ៤០​នាក់ ព្រម​ទាំង​ចាប់​ខ្លួន​ចំនួន ២៣​នាក់។ អំពើ​ហិង្សា​នេះ មន្ត្រី​សង្គម​ស៊ីវិល ថ្លែង​ថា ជន​ដៃ​ដល់​ដែល​ជា​អ្នក​បង្ក​ហិង្សា​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស បែរ​ជា​តុលាការ​មិន​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស ប៉ុន្តែ​ទៅ​ចាប់​ខ្លួន​ជន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។