ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ី សុវណ្ណ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៣ បានសម្រេចបីចំណុច គឺចាត់ឲ្យស៊ើបអង្កេតបន្ថែមទៅលើអង្គហេតុ ៨ចំណុច ដែលចៅក្រមស៊ើបសួរក្នុងរឿងក្ដីឃាតកម្មលើអ្នកសារព័ត៌មាននៅខេត្តរតនគិរី គឺលោក ឡុច ឡៅ មិនបានស៊ើបសួរបានសព្វគ្រប់។ ចាត់តាំងចៅក្រមស៊ើបសួរថ្មី គឺលោក សួស ឡា បច្ចុប្បន្នជាប្រធានតុលាការខេត្ត និងសម្រេចឃុំខ្លួនជនជាប់ចោទជាមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី លោក អ៊ាន ប៊ុនហេង ហៅ អេង និងភរិយាឈ្មោះ ស៊ឹម ស្រីវី ជាបណ្ដោះអាសន្នបន្តទៀត។
អង្គហេតុ ៨ចំណុចដែលក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការខេត្តរតនគិរី ចាត់ឲ្យស៊ើបសួរបន្ថែម រួមមាន ឯកសារផ្ដល់ដោយក្រុមហ៊ុនទូរស័ព្ទ ម៉ូប៊ីថែល (Mobitel) និងក្រុមហ៊ុន អឹមហ្វូន (Mfone) ទាក់ទិនលេខទូរស័ព្ទ និងការទំនាក់ទំនងគ្នាតាមទូរស័ព្ទរវាងជនជាប់ពាក់ព័ន្ធក្នុងរឿងក្ដី។
សាក្សីជាជាងរថយន្តបំភ្លឺពីឭសំឡេងស្រែកពីទីតាំងសង្ស័យបង្កហេតុ។ ចម្លើយបំភ្លឺរបស់ម្ចាស់ភោជនីយដ្ឋាន សាវាឌី ទិនទិន ដែលជនសង្ស័យនាំគ្នាទៅផឹកស៊ីនៅទីនោះនៅថ្ងៃកើតហេតុ និងចម្លើយសាក្សីពាក់ព័ន្ធជនជាប់ចោទ និងជនជាប់សង្ស័យផ្សេងទៀត ដូចជា លោក សាត សឿន ហៅ សឿន ផែនដី មន្ត្រីកងរាជអាវុធហត្ថលោក គឺងសៀងឡៃ ជាដើម។
ព្រះរាជអាជ្ញារង លោក ជា សុភ័ក្រ្ត ជាអ្នកចោទប្រកាន់ជនជាប់សង្ស័យទាំងពីរក្នុងរឿងក្ដីនេះមានប្រសាសន៍បញ្ជាក់ថា លោកយល់ស្របចំពោះចំណាត់ការរបៀបនេះដើម្បីស៊ើបអង្កេតបានស៊ីជម្រៅក្នុងរឿងក្ដីនេះ។
ចំណែកភាគីដើមចោទជាភរិយាជនរងគ្រោះ អ្នកស្រី អឹម ចន្ធី បានសំដែងការត្រេកអរ ដោយសារចៅក្រមជំនុំជម្រះមិនបានសម្រេចដោះលែងជនជាប់សង្ស័យ ហើយបើកការស៊ើបអង្កេតបន្ថែម។ អ្នកស្រីអំពាវនាវសុំឲ្យចៅក្រមស៊ើបសួរថ្មី ផ្ដល់យុត្តិធម៌ដល់ក្រុមគ្រួសារអ្នកស្រី និងផ្ដល់សំណងក្នុងរឿងនេះ។
ទាក់ទិនករណីនេះដែរ មេធាវីការពារជនជាប់ចោទ លោក ហេង សុធារ៉ា កត់សំគាល់ថា សាលក្រមរបៀបនេះអាចប៉ះពាល់ផលប្រយោជន៍កូនក្តីរបស់លោក ប៉ុន្តែលោកគាំទ្រសេចក្ដីសម្រេចឲ្យស៊ើបអង្កេតបន្ថែមរបស់ក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីផ្ដល់យុត្តិធម៌ដល់គូភាគីក្នុងរឿងក្តី។
ចៅក្រមជំនុំជម្រះរឿងក្តីសម្លាប់អ្នកសារព័ត៌មានវរជនខ្មែរមានបីរូប គឺលោក អ៊ី សុវណ្ណ ជាប្រធាន និងចៅក្រមប្រឹក្សាពីររូប គឺលោក អេង ចំណាប់ និងលោក ឯក ប៉ូលីហ្វៀល។
ចៅក្រមប្រឹក្សា លោក អេង ចំណាប់ មានប្រសាសន៍បញ្ជាក់ថា រយៈពេលនៃការស៊ើបអង្កេតបន្ថែម គឺមិនមានកំណត់ទេ ប៉ុន្តែក៏មិនមានរយៈពេលវែងដែរ គឺចៅក្រមស៊ើបសួរតែចំណុចណាដែលក្រុមប្រឹក្សាដាក់ឲ្យស៊ើបសួរ។ ក្រមនីតិព្រហ្មទណ្ឌចែងថា ក្នុងបទល្មើសឧក្រិដ្ឋ ការស៊ើបសួរមានរយៈពេល ៦ខែ និងអាចបន្តរយៈពេលដូចគ្នានេះបានពីរដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។