សភា​បន្ត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាក់ទង​តុលាការ

0:00 / 0:00

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា បន្ត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​ប្រព័ន្ធ​តុលាការ​ចំនួន ៣ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។​

ក្នុង​ចំណោម​សេចក្ដី​ព្រាង​ច្បាប់​ទាំង​៣​នេះ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ​ត្រូវ​បាន​សភា​អនុម័ត​រួច​រាល់​ហើយ ចំណែក​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា ត្រូវ​អង្គ​សភា​អនុម័ត​បាន​មួយ​ជំពូក​ហើយ ហើយ​រដ្ឋ​សភា​នឹង​បន្ត​ការងារ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ទៀត។

​សមាជិក​រដ្ឋ​សភា​ដែល​មាន​តែ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចំណាយ​ពេល​ប្រហែល ២​ម៉ោង ដើម្បី​បន្ត​ការ​ពិភាក្សា​និង​អនុម័ត​ទៅ​លើ​ជំពូក​ចំនួន ៦​បន្ថែម​ទៀត នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ​ដែល​សភា​មិន​ទាន់​បាន​អនុម័ត​រួច​រាល់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ​នេះ មាន​ទាំង​អស់ ៨​ជំពូក និង​ចែក​ចេញ​ជា ៩១​មាត្រា ត្រូវ​បាន​សភា​អនុម័ត​ដោយ​រលូន ដោយ​សំឡេង ៦៤ លើ ៦៤ នៃ​ចំនួន​សមាជិក​សភា​ចូល​រួម។​

​សេចក្ដី​ព្រាង​ច្បាប់​ដែល​ត្រូវ​បាន​សភា​អនុម័ត​មួយ​ជំពូក​ម្តងៗ បន្ទាប់​ពី​ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋ​សភា លោក ប៉ែន បញ្ញា អាច​ចប់​នោះ មិន​ត្រូវ​បាន​សមាជិក​សភា​ពិភាក្សា​លំអិត​ឲ្យ​បាន​គ្រប់​ចំណុច ឬ​សួរ​ដេញ​ដោល​ឲ្យ​ផុស​ផុល​លើ​ខ្លឹមសារ​ច្បាប់​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សមាជិក​សភា​ដែល​ឡើង​សម្ដែង​មតិ ភាគ​ច្រើន​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ ហើយ​បែរ​ជា​យក​វេទិកា​សភា​នេះ វាយ​ប្រហារ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ដែល​ចេះ​តែ​រិះគន់​មិន​ឈប់ឈរ​ទៅ​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​អស់​នេះ។ មាន​តំណាងរាស្ត្រ​ខ្លះ ថែមទាំង​ស្នើ​ឲ្យ​សង្គម ស៊ីវិល ឈប់​បន្ត​និយាយ​ឲ្យ​សភា ផ្អាក​ការ​អនុម័ត​ច្បាប់​ទាំង​នេះ​ទៀត​ទៅ ហើយ​បាន​ពោល​របៀប​ចំអក​ទៅ​វិញ​ថា គេ​មិន​អាច​ចាប់​ផែនដី​ដែល​កំពុងតែ​វិល​ឲ្យ​ឈប់​វិល​បាន​នោះ​ឡើយ រី​ឯ​តំណាងរាស្ត្រ​ខ្លះ​ទៀត​ពោល​ថា មិន​ខ្វល់​ថា សង្គម​ស៊ីវិល​លើក​ឡើង​យ៉ាង​ម៉េច​នោះ​ទេ សំខាន់​ឲ្យ​តែ​មាន​ច្បាប់ វា​ប្រសើរ​ជាង​អត់​ច្បាប់​ជាដើម។

​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​ទាំង​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្លឹមសារ​មួយ​ចំនួន ដោយ​លើក​ឡើង​ថា ច្បាប់​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ដាច់​ដោយ​ឡែក​មួយ នឹង​បន្ត​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រសួង​យុត្តិធម៌ ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល។ ពួកគេ​ក៏​បាន​រិះគន់​ចំពោះ​របៀប​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ​ផង​ដែរ។ ចំណែក​គណបក្ស​ប្រឆាំង​វិញ បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ច្បាប់​ដែល​រដ្ឋ​សភា​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​អនុម័ត​នេះ នឹង​គ្មាន​តម្លៃ​នោះ​ទេ ហើយ​ថា ពួកគេ​នឹង​ធ្វើ​ការ​សើរើ​ឡើង​វិញ។

​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា​ថា ការ​ដែល​ចង់​សើរើ ឬ​មិន​សើរើ វា​ជា​សិទ្ធិ​របស់​បក្ស​ប្រឆាំង ប៉ុន្តែ​លោក​ថា វា​ក៏​អាស្រ័យ​លើ​សំឡេង​ភាគ​ច្រើន និង​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​សភា​ដែរ៖ «ប្រហែល​ជា​គាត់​មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​សើរើ​ទេ​មិន​ដឹង គាត់​លើក​ឡើង លើក​បាន ប៉ុន្តែ​គ្រាន់​ថា ឲ្យ​ឈាន​ទៅ​ដល់​អនុម័ត​ដើម្បី​សើរើ​ច្បាប់​នេះ ច្បាប់​នោះ ប្រហែល ជា​មិន​មាន​ឱកាស​ទេ។ ប៉ុន្តែ​បើ​ពេល​ហ្នឹង អា​ពេល​កំពុង​ជជែក​ពិភាក្សា​ហ្នឹង​ណា គាត់​ចូល​មក​ពិភាក្សា​ប្រហែល​ជា​គាត់​អាច​បញ្ចូល​គំនិត​របស់​គាត់ តែ​គាត់​បោះ​បង់​ចោល​ឱកាស​ហ្នឹង ហើយ​គាត់​ចោទ​ថា សភា​មិន​គ្រប់​ទឹក ការ​ពិត​គាត់​ទេ​ដែល​មិន​គ្រប់​ទឹក»

​ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ថា បក្ស​ប្រឆាំង​មិន​មែន​កំពុង​បោះ​បង់​ឱកាស​ឡើយ តែ​តាម​ពិត​គណបក្ស​មួយ​នេះ កំពុង​តែ​រក​ឱកាស​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ។ លោក​ថា គណបក្ស​ប្រឆាំង​សុខ​ចិត្ត​លំបាក​នៅ​ពេល​នេះ តែ​មិន​អាច​បោះបង់​ឱកាស​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​នោះ​ទេ។

​លោក យឹម សុវណ្ណ៖ «គ្មាន​អ្វី​ដែល​ហួស​ពេល​នោះ​ទេ ឲ្យ​តែ​ប្រជាពលរដ្ឋ​មាន​ឆន្ទៈ​ផុសផុល​គាំទ្រ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ យើង​មាន​អំណាច​នៅ​ក្នុង​រដ្ឋសភា និង​នៅ​ក្នុង​រដ្ឋាភិបាល​គ្រប់គ្រាន់ គឺ​យើង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ដែល​មិន​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាពលរដ្ឋ គឺ​ថា យើង​ធ្វើ​វិសោធនកម្ម ហើយ​យើង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ទាំង​ខ្លឹមសារ ទាំង​ការ​អនុវត្ត គឺ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»

​បន្ទាប់ពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ត្រូវ​បាន​អនុម័ត​រួច​រាល់​ហើយ សភា​ក៏​បន្ត​ពិភាក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា​បន្ត​ទៀត ហើយ​បាន​អនុម័ត​ជំពូក​ទី​១ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​រួច​ហើយ។ រដ្ឋ​សភា​បាន​បិទ​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន​នៅ​ម៉ោង​ប្រមាណ​ជាង ១២​ថ្ងៃ​ត្រង់ ហើយ​នឹង​បន្ត​ការ​ជជែក​អំពី​ជំពូក​ផ្សេង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។