គ.ខ.ប​ខេត្ត​កំពត​បដិសេធ​ការ​ចាប់​បុរស​៦​នាក់​ថា​មិន​មែន​រឿង​នយោបាយ

អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ចាប់​មនុស្ស ៦​នាក់ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​ឈើ​តាម​រទេះគោ កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា។ ការ​ចាប់​ខ្លួន​នេះ ត្រូវ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ថា​ជា​រឿង​នយោបាយ តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត និយាយ​ថា​ជា​រឿង​កាប់​ឈើ​ខុស​ច្បាប់។

0:00 / 0:00

គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត បាន​អះអាង​ថា ការ​ដែល​អង្គភាព​មាន​សមត្ថកិច្ច​ចាប់​មនុស្ស ៦​នាក់ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​ឈើ​តាម​រទេះ មិន​មែន​ជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​ជា​រឿង​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវ​តុលាការ។ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​និយាយ​ថា​ជា​រឿង​នយោបាយ។

អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពត លោក អ៊ុង វិសាល ថ្លែង​ថា ករណី​ចាប់​ខ្លួន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ខេត្ត​កំពត ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ ទាក់ទង​នឹង​រឿង​គំរាម​សម្លាប់ និង​រឿង​រដ្ឋបាល​ព្រៃ​ឈើ ចាប់​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់។ លោក​ថា បច្ចុប្បន្ន​ជន​ទាំង ៦​នាក់​នោះ​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ មិន​នៅ​ក្នុង​ការងារ​បោះឆ្នោត​ទេ៖ «រឿង​បទ​ល្មើស​ព្រៃ​ឈើ​ទេ ហើយ​បណ្ដឹង​នោះ​ក៏​អត់​បាន​ដាក់​មក ស៊ិក (CEC) យើង​ដែរ ជា​រឿង​របស់​មេ​ព្រៃ​ទេ របស់​រាជ​រដ្ឋាភិបាល រឿង​ដឹក​ឈើ​ខុស​ច្បាប់​ទេ មិន​មែន​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត​ទេ»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពត លោក យន់ ផល្លី ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង បុរស​នៅ​ខេត្ត​កំពង់ស្ពឺ ៤​នាក់ បាន​ដឹក​ឈើ​តាម​រទេះគោ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃោសនា​ចែក​ខិត្តប័ណ្ណ​ឃោសនា​ទៅ​អ្នក​ដឹក​ឈើ​នោះ។ បុរស​ទាំង ៤​នាក់​នោះ បាន​យក​ក្រដាស​ឃោសនា​គោលការណ៍ ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​សៀត​ក្នុង​ដើម​ឈើ​ដែល​កំពុង​ដឹក ក៏​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពត តាម​ចាប់​ដោយ​ចោទ​ថា បាន​ដឹក​ឈើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ បុរស​ទាំង ៤​នាក់ មាន​ឈ្មោះ បូ ឧត្តម អាយុ ២១​ឆ្នាំ ឈ្មោះ ទិត ផា អាយុ ៣៩​ឆ្នាំ ឈ្មោះ សេង អឿន អាយុ ២៩​ឆ្នាំ និង​ឈ្មោះ ញាញ ណាង។

លោក​បន្ត​ថា មាន​បុរស ២​នាក់​ទៀត រស់នៅ​ក្នុង​ខេត្ត​កំពត ក៏​ត្រូវ​សមត្ថកិច្ច​ខេត្ត​នេះ​ចាប់​ខ្លួន​ដែរ មាន​ឈ្មោះ ស៊ូ តន រង​នូវ​ការ​ចោទ​ពី​បទ​កែច្នៃ​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​បុរស​ម្នាក់​ទៀត​ឈ្មោះ ហុង វីរ៉ាវុធ រង​នូវ​ការ​ចោទ​ថា បាន​គំរាម​តាម​ទូរស័ព្ទ​សម្លាប់​លោក ជុំ ប៊ុនថាន ហៅ ថុង ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ស្រុក​អង្គរជ័យ។ អ្នក​ទាំង ៦​នាក់ កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​កំពត៖ «យើង​ជួប​ទៅ​ក្រុម​គ្រួសារ ម្ដាយ​របស់​គាត់ បើ​សិន​ជា​គាត់​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន នោះ ហុង វីរ៉ាវុធ ត្រូវ​បាន​ដោះ​លែង ប៉ុន្តែ​ការ​សន្យា​នេះ​គេ​បាន​ថា​ទាល់​តែ​ក្រោយ​បោះឆ្នោត»

ក្រុម​គ្រួសារ​លោក ហុង វីរ៉ាវុធ ឲ្យ​ដឹង​ថា មាន​គេ​ខ្ចី​ទូរស័ព្ទ ហុង វីរ៉ាវុធ ទៅ​ប្រើ​នៅ​ពេល​ដែល​លោក ហុង វីរ៉ាវុធ ចេញ​ទៅ​ទិញ​ដែក ដើម្បី​បោះពុម្ព​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ។ ពួក​គាត់​បន្ត​ថា មាន​ក្រុម​មនុស្ស​មក​លួងលោម​ឲ្យ​ក្រុម​គ្រួសារ ហុង វីរ៉ាវុធ នេះ ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ចង់​ចេញ​ក្រៅ​ឃុំ​ឆាប់ ឬ​សម្រួល​តុលាការ​មិន​ឲ្យ​ចាត់​ការ​បណ្ដឹង​នោះ​ជា​ដើម៖ «ខ្ញុំ​សុខ​ចិត្ត ខ្លួន​ខ្ញុំ​ហ្នឹង​ចុះ​ចូល​ហើយ ឥឡូវ​ហ្នឹង គឺ​ចូល​អស់​ហើយ​ពួក​ខ្ញុំ​ហ្នឹង យក​ស្អីៗ​ដាក់​អា​លេខ​អត្តសញ្ញាណប័ណ្ណ គេ​យក​ទៅ​កត់​របស់​ពួក​ខ្ញុំ​អស់​ហើយ​ណា»

លោក ជុំ ប៊ុនថាន ហៅ ថុង រស់នៅ​ភូមិ​ពោធិ ឃុំ​ភ្នំកុង ស្រុក​អង្គរជ័យ ដែល​ជា​ដើម​ចោទ​ថា លោក ហុង វីរ៉ាវុធ បាន​គំរាម​សម្លាប់​រូប​គាត់​តាម​ទូរស័ព្ទ​នោះ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ នៅ​ថ្ងៃ​ទី៩ និង​ទី១០ ខែ​កក្កដា ព្រោះ​លោក​កំពុង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន៖ «ខ្ញុំ​ខ្លាច​ការ​គំរាម​ស្អីៗ​អីចឹង តាំង​ពី​ហ្នឹង​មក ខ្ញុំ​ខ្លាច​ខ្ញុំ​លែង​ហ៊ាន​និយាយ​ស្តី​អី​ពិស្ដារ​ទេ ហើយ​ខ្ញុំ​នៅ​តែ​ផ្ទះ​ទៅ​មិន​សូវ​ហ៊ាន​នេះ​ទេ ព្រោះ​ខ្ញុំ​ខ្លាច»

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​លេខ​រៀង​ទី១ ប្រចាំ​ខេត្ត​កំពត លោក ជា ប៉ូច ថ្លែង​ថា សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៦​នាក់ ដែល​សមត្ថកិច្ច​ខេត្ត​កំពត បាន​ចាប់​ខ្លួន​នៅ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នោះ​ជា​រឿង​នយោបាយ៖ «ខ្ញុំ​មាន​ជំនឿ​ថា សកម្មជន​ទាំង ៦​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដាច់​ខាត​គាត់​ដាច់​ខាត​អត់​ចូល​ទៅ​គណបក្ស​ប្រជាជន​ទេ ប៉ុន្តែ​ការ​បង្ខិត​បង្ខំ​ខ្ញុំ​ជឿ​ថា យើង​មាន​មេធាវី គាត់​នឹង​បដិសេធ​នៅ​ថ្ងៃ​អនាគត​នេះ​វិញ»

ប្រធាន​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពត លោក ប្រាក់ សារ៉ាន់ ថ្លែង​ថា ប្រសិន​បើ​មាន​ការ​អូស​ទាញ លោក ហុង វីរ៉ាវុធ ឲ្យ​ចូល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​លើក​ឡើង​របស់​ក្រុម​គ្រួសារ​នោះ​មែន តុលាការ​ខេត្ត​កំពត គួរ​ពិចារណា​រឿង​នេះ​ឡើង​វិញ។

លោក​បន្ត​ថា ទោះ​ជា​យ៉ាង​ណា មេធាវី​របស់​អង្គការ​នេះ​កំពុង​រៀប​ចំ​ឯកសារ និង​ភស្តុតាង ដើម្បី​ការពារ​ជន​សង្ស័យ​ទាំង​នោះ និង​សុំ​ឲ្យ​តុលាការ​ពន្លឿន​បើក​សវនាការ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត ដើម្បី​ឲ្យ​ជន​សង្ស័យ​ទាំង ៦​នាក់ បាន​ចូលរួម​បោះឆ្នោត​ដោយ​សេរី គ្មាន​ការ​រើសអើង​គណបក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។