តុលាការ​ខេត្ត​កោះកុង​សម្រេច​រក្សា​បទ​ចោទ​និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​៣​នាក់

0:00 / 0:00

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង សម្រេច​រក្សា​បទ​ចោទ​សកម្មជន​បរិស្ថាន​បី​នាក់​មក​ពី​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ក្រោម​បទ​ចោទ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ​តាម​មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស និង​សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ទី​១៩ សីហា។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង បាន​សម្រេច​រក្សា​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន ៣​នាក់​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ដែល​ជា​សកម្មជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ក្នុង​នោះ​មាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ឹម សំណាង។

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​ជា​មន្ត្រី​ឃ្លាំ​មើល​ករណី​នេះ​ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៩ សីហា ថា ការ​សាកសួរ​នេះ​ធ្វើ​ឡើង​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង គឺ​អ្នកស្រី ឈុន ណាវី ព្រម​ទាំង​មាន​មេធាវី ២​រូប​ទៀត​មក​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍។ លោក អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​សាកសួរ​សកម្មជន​ទាំង ៣​នាក់​នេះ មិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ដំបូង​ខេត្ត​កោះកុង នោះ​ទេ បែរ​ជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​ទៅ​វិញ ខណៈ​សាលា​ដំបូង​ខេត្ត​កោះកុង មាន​កង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​អ្នក ធ្វើ​ការ​ឡោម​ព័ទ្ធ។

អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង រូប​នេះ​បាន​ឲ្យ​ដឹង​បន្ត​ថា យុវជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ទាំង ៣​នាក់​នោះ ត្រូវ​បាន​ចៅក្រម​ចោទ​ប្រកាន់​តាម​ក្រម​ព្រហ្មទណ្ឌ​តាម​មាត្រា​៤២៤ ពី​បទ​គំរាម​កំហែង ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ។ ប៉ុន្តែ លោក អ៊ិន គង់ជិត ថា តុលាការ​មិន​ទាន់​សម្រេច​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ទាំង ៣​នាក់​នោះ​នៅ​ឡើយ​ទេ។ តែ​រហូត​មក​ដល់​ពេល​នេះ យុវជន​ទាំង ៣​នាក់​នោះ នៅ​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង ដដែល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ និង​មេធាវី​ដែល​មាន​វត្តមាន​ក្នុង​ពេល​សាកសួរ​សកម្មជន​បរិស្ថាន​ទាំង ៣​នាក់​នោះ ដើម្បី​ដឹង​ពី​ចំណាត់​ការ​បន្ត​ក្រោយ​ការ​សាកសួរ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ សីហា។

ប៉ុន្តែ​បើ​តាម​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​នេះ ក្រុម​មេធាវី​នឹង​បន្ត​សិក្សា​ស្រាវជ្រាវ​ស្វែងរក​ភស្តុតាង​លើ​សំណុំ​រឿង​នេះ ដើម្បី​ដោះ​បន្ទុក​កូន​ក្ដី​របស់​ខ្លួន នៅ​ក្នុង​ដំណាក់​កាល​តុលាការ​កំពុង​ស៊ើប​អង្កេត​នេះ៖ «យើង​មិន​អាច​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ទេ ថា​ការ​សម្រេច ឬ​នីតិវិធី​របស់​តុលាការ​យ៉ាង​ណា​នោះ​ទេ ថា​ត្រូវ​ចោទ​ប្រកាន់ ឬ​ឲ្យ​មាន​ការ​ដោះ​លែង ព្រោះ​ក្នុង​ដំណាក់​កាល​នេះ ក្រោយ​ការ​សាកសួរ មេធាវី​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រយៈពេល ៤​ខែ»

ខណៈ​ដែល​មាន​ការ​សាកសួរ​សកម្មជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ប្រជាពលរដ្ឋ​ជិត ១០០​នាក់ ដែល​រងគ្រោះ​ដោយសារ​សកម្មភាព​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​ពន្ធនាគារ និង​សាលា​ដំបូង​ខេត្ត​កោះកុង ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​យុវជន​ទាំង ៣​នាក់​នោះ​វិញ​ជា​បន្ទាន់។ ពលរដ្ឋ​រងគ្រោះ​ដែល​តវ៉ា​ទាំង​នោះ​យល់​ថា ការ​ចាប់​សកម្មជន​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ គឺ​ជា​ការ​គំរាម​កំហែង​មិន​ឲ្យ​មាន​ការ​តស៊ូ​មតិ ប្រឆាំង​នឹង​អាជីវកម្ម​បូម​ខ្សាច់​ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​បរិស្ថាន និង​ជីវភាព​ប្រជាពលរដ្ឋ។

សកម្មជន​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ទាំង​បី​នាក់​នេះ ត្រូវ​សមត្ថកិច្ច​ខេត្ត​កោះកុង ចាប់​ខ្លួន ខណៈ​ដែល​ពួក​គេ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ធ្នង់ ឃុំ​កណ្ដោល និង​នៅ​ភូមិ​តាមាឃ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់។

យ៉ាង​ណា​ក៏ដោយ យុវជន​ដែល​ជា​សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ នៅ​តែ​ប្ដេជ្ញា​ទាមទារ​ស្វែងរក​អន្តរាគមន៍ ឲ្យ​ដោះ​លែង​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នោះ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​រួម​ជាមួយ​ប្រជា​សហគមន៍ នឹង​ធ្វើ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ម្តង​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access) ដែល​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នេះ សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។