អង្គការជាតិ អន្តរជាតិ បានអំពាវនាវជាថ្មីទៀតទៅស្ថាប័នព្រឹទ្ធសភា ឲ្យផ្អាកកិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។
ច្បាប់ទាំងបីនេះ គឺរួមមានសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំអង្គការតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ សង្គមស៊ីវិល និងអ្នកច្បាប់យល់ថា ច្បាប់នេះមានមាត្រាមួយចំនួនបានធ្វើឲ្យប៉ះពាល់នឹងឯករាជ្យភាពរបស់តុលាការ។
ការអំពាវនាវ និងសំណើរបស់អង្គការសង្គមស៊ីវិលនោះ ត្រូវបានព្រឹទ្ធសភាបដិសេធ ដោយស្ថាប័ននេះយល់ថា ខ្លួនកំពុងធ្វើការដោយផ្អែកទៅលើមាត្រាច្បាប់នៃរដ្ឋធម្មនុញ្ញ និងអាស្រ័យទៅលើពេលវេលា។
កាលពីថ្ងៃទី១០ មិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា បានសម្រេចថា កិច្ចប្រជុំពេញអង្គនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ដើម្បីពិនិត្យ និងផ្ដល់យោបល់លើច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែងនៅថ្ងៃទី១១ មិថុនា ថា ព្រឹទ្ធសភាមិនអាចផ្អាកកិច្ចប្រជុំនេះបានទេ ហេតុផល គឺជាការអនុលោមទៅតាមមាត្រា១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា នឹងពិនិត្យឲ្យយោបល់រយៈពេល១ខែលើសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័ត និងយល់ព្រមលើកដំបូងរួចហើយនោះ។ លោកថា រីឯខ្លឹមសារច្បាប់នេះទៀតសោត ក៏មិនបានខុសអ្វីដែលមិនអាចទទួលយកបាននោះឡើយ។
លោក ម៉ម ប៊ុននាង៖ «ការកែទម្រង់របស់រាជរដ្ឋាភិបាល យើងត្រូវបានបង្កើតច្បាប់ឲ្យបានច្រើន ដើម្បីយើងកំណែទម្រង់ទៅតាមនីតិវិធីនៃច្បាប់។ សង្គមស៊ីវិលអី លោកបានស្នើមកហើយ មានអង្គការ ស៊ី.ស៊ី.ស៊ី (CCC) អិនជីអូហ្វ័រ៉ុម (NGO FORUM) អេ.ភី.អាយ (API) ស៊ី.ស៊ី.អេច្ឆ.អ (CCHR) ហ្នឹង គឺគាត់ស្នើមក ប៉ុន្តែយើងពិនិត្យទៅលើរដ្ឋធម្មនុញ្ញប្រការ១១៣ថ្មីហ្នឹង គឺយើងមិនអាចធ្វើតាមសំណូមពរគាត់បានទេ។ ស្អែកនេះយើងនឹងប្រជុំធ្វើការពិភាក្សាលើសេចក្ដីស្នើច្បាប់ ដែលរដ្ឋសភាបានស្នើនោះហើយ»។
សេចក្ដីថ្លែងការណ៍រួមដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មការអ្នកច្បាប់អន្តរជាតិ នៅថ្ងៃទី១១ មិថុនា បានជំរុញឲ្យព្រឹទ្ធសភាពន្យារសេចក្ដីសម្រេចរបស់ខ្លួន ដើម្បីពិនិត្យឡើងវិញទៅលើច្បាប់កំណែទម្រង់ផ្នែកតុលាការទាំង៣នេះ និងបានស្នើឲ្យបើកកិច្ចពិគ្រោះយោបល់ជាមួយសាធារណជន និងសង្គមស៊ីវិល ក្នុងបំណងកែលំអ ដើម្បីធានាថាសេចក្ដីព្រាងច្បាប់ទាំងនេះអនុលោមតាមបទដ្ឋានអន្តរជាតិនានា។
អ្នកសម្របសម្រួលគម្រោងសង្កេតការណ៍សវនាការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ លោក ឌុច ពិសិដ្ឋ មានប្រសាសន៍ថា តាមការពិនិត្យមើលសេចក្ដីព្រាងច្បាប់នេះ បានបំពានយ៉ាងជាក់ស្ដែងដល់គោលការណ៍បែងចែកអំណាច។ លោកថា ប្រសិនបើសេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានអនុម័តជាស្ថាពរ ក្នុងទម្រង់ដដែលនោះ នឹងប្រគល់អំណាចហួសហេតុដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឯករាជ្យភាពរបស់តុលាការកម្ពុជា។
លោក ឌុច ពិសិដ្ឋ៖ «ពាក់ព័ន្ធនឹងនីតិវិធី ជាធម្មតាការពិភាក្សាអនុម័ត គឺរដ្ឋសភាគាត់ពិភាក្សាអនុម័ត ហើយតួនាទីរបស់រដ្ឋសភា គឺថាពិនិត្យ និងផ្ដល់យោបល់សេចក្ដីព្រាងច្បាប់ទាំងឡាយណា ដែលរដ្ឋសភាអនុម័ត អ៊ីចឹងព្រឹទ្ធសភាគេនឹងពិនិត្យមើលសេចក្ដីព្រាងច្បាប់ ហើយនឹងផ្ដល់មតិយោបល់។ បើជាមានមតិយោបល់ណាដែលវាដូចថាប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងឯករាជ្យភាពរបស់តុលាការ អ៊ីចឹងគេនឹងអាចឲ្យមតិយោបល់។ ក៏ប៉ុន្តែខ្ញុំជឿថា ព្រឹទ្ធសភាគាត់នឹងបដិសេធទេ ព្រោះព្រឹទ្ធសមាជិករបស់គណបក្ស សម រង្ស៊ី ក៏នឹងធ្វើពហិការមិនចូលដែរ។ អ៊ីចឹងហើយព្រឹទ្ធសភានឹងអនុម័តសេចក្ដីព្រាងច្បាប់ទាំងបីនេះក្នុងពេលដ៏ខ្លីទៀត បើតាមយើងមើលឥរិយាបថនៃការប្រជុំធ្វើការអនុម័តសេចក្ដីព្រាងច្បាប់នេះ គឺលឿនមែនទែន»។
សេចក្ដីព្រាងច្បាប់ទាំងបីនេះ ត្រូវបានរដ្ឋសភាអនុម័តយ៉ាងតក់ក្រហល់ ដោយគ្មានការជំទាស់ ដោយគ្មានសមាជិកសភាពីគណបក្សប្រឆាំង កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤។
នៅក្នុងសេចក្ដីថ្លែងការណ៍បានសរសេរថា សេចក្ដីព្រាងច្បាប់ទាំងនេះនឹងផ្ដល់អំណាចដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គ្រប់គ្រងហួសហេតុទៅលើកិច្ចការផ្នែករដ្ឋបាលជាច្រើនរបស់តុលាការ និងការងាររបស់ព្រះរាជអាជ្ញា ដែលកិច្ចការទាំងនេះគួរតែស្ថិតនៅក្នុងរង្វង់សមត្ថកិច្ចរបស់អាជ្ញាធរទាំងនោះទៅវិញ។ ឧទាហរណ៍ មាត្រា៣៩នៃច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺជាអ្នកធ្វើសេចក្ដីសម្រេចដ៏សំខាន់ក្នុងការដំឡើងមុខតំណែងរបស់ចៅក្រម និងព្រះរាជអាជ្ញា។ ឯមាត្រា២៣ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ចែងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងទទួលបន្ទុកក្នុងការត្រួតពិនិត្យ និងស្រាវជ្រាវបឋមលើសំណុំរឿងវិន័យផ្នែកតុលាការនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។