កង​រាជ​អាវុធហត្ថ​ស្នើ​ឲ្យ​ផ្អាក​ត្រួត​ពិនិត្យ​យានយន្ត​ពាក់​ស្លាក​ខ.ម​បណ្ដោះ​អាសន្ន

0:00 / 0:00

កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ស្នើ​ឲ្យ​​ស្ថាប័ន​ជំនាញ​​នានា​ ​​ផ្អាក​ត្រួត​ពិនិត្យ​​ទៅ​លើ​យានយន្ត​យោធា​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ (ខ.ម) ដែល​កំពុង​ចរាចរណ៍​នៅ​កម្ពុជា ជា​បណ្ដោះ​អាសន្ន។ គោល​បំណង​នៃ​​ការ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​នេះ ​គឺ​រង់ចាំ​ក្រសួង​ពាក់ព័ន្ធ​សហការ​​សម្រប​សម្រួល​គ្នា​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់។

រថយន្ត​​ដែល​ពាក់​ស្លាក់​លេខ ខេមរភូមិន្ទ ឬ​ហៅ​ថា ខ.ម ត្រូវ​គេ​ចាត់​ទុក​ថា ជា​រថយន្ត​មួយ​មាន​​អំណាច​​ ឬ​មាន​ឥទ្ធិពល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍ ដែល​មន្ត្រី​ទាំង​នោះ​មិន​ហ៊ាន​យក​ខ្លួន​បៀត ដោយ​គិត​ថា ម្ចាស់​ដែល​​បើក​យានយន្ត​ទាំង​នោះ​ ជា​អ្នក​មាន​ងារ​ខ្ពស់ ដូច​ជា​ឧត្ដមសេនីយ៍ ឬ​​ងារ​ជា​ឯកឧត្ដម​ជា​ដើម។

ផ្ទុយ​ទៅ​វិញ សកម្មភាព​របស់​អ្នក​បើក​បរ​រថយន្ត​ទាំង​នោះ ផ្ទុយ​ពី​​តួនាទី​នេះ ដោយ​ម្ចាស់​រថយន្ត ខ.ម ខ្លះ មិន​គោរព​ច្បាប់​​ចរាចរណ៍ និង​រថយន្ត​មួយ​​ចំនួន​ទៀត ​​គេចវេះ​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជា​ដើម ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លិខិត​របស់​អគ្គនាយកដ្ឋាន​​សម្ភារៈ​បច្ចេកទេស​របស់​ក្រសួង​ការពារ​ជាតិ បាន​រក​ឃើញ។ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ​ លិខិត​របស់​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ជូន​ដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​​កង​កម្លាំង​​ចម្រុះ ត្រូវ​ផ្អាក​ការ​ត្រួត​ពិនិត្យ​យានយន្ត​ដែល​​ពាក់​ស្លាក ខ.ម ជា​បណ្ដោះអាសន្ន​​ទាំង​អស់។

លិខិត​​​របស់​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយ​ឧត្ដមសេនីយ៍​ សៅ សុខា ​នោះ​បាន​បញ្ជាក់​ថា​ ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​សហការ​​​សម្របសម្រួល​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ត្រួត​ពិនិត្យ​លើ​យានយន្ត​ដែល​ពាក់​ស្លាក​​លេខ ខ.ម បណ្ដោះអាសន្ន​​​ទាំង​នោះ ​ឲ្យ​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ ខេង ទីតូ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​សម្រប​សម្រួល​​គ្នា​រវាង​ក្រសួង​ការពារ​ជាតិ និង​អគ្គនាយកដ្ឋាន​ពន្ធដារ លើ​ការ​ស្នើ​សុំ​កុំ​ឲ្យ​ឃាត់​​​យានយន្ត​​ដែល​ពាក់​ស្លាក​លេខ ខ.ម ​ដែល​កំពុង​ចរាចរណ៍​នៅ​​ប្រទេស​កម្ពុជា៖ «រឿង​ផ្អាក​គឺ​ជា​រឿង​ស្នើ​សុំ​របស់​ក្រសួង​ការពារ​ជាតិ ដូច្នេះ ខាង​កង​រាជអាវុធ គ្រាន់​តែ​ជូន​ដំណឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​របស់​ក្រសួង​ទាំង​ពីរ»

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ អង្គការ​សង្គម​ស៊ីវិល​វិញ​យល់​ឃើញ​ថា ការ​ផ្អាក​ត្រួត​ពិនិត្យ​រថយន្ត ខ.ម នេះ ហាក់​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​បើក​បរ​រថយន្ត​ពាក់​ស្លាក​លេខ ខ.ម ប្រព្រឹត្ត​បទ​ល្មើស​បន្ថែម​ទៀត។ អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​អះអាង​ថា វិធានការ​ផ្អាក​ការ​ត្រួត​ពិនិត្យ​​យានយន្ត ខ.ម នៅ​ពេល​នេះ ​ហាក់​ដោយសារ​តែ​ខ្លាច​អ្នក​មាន​បុណ្យស័ក្ដិ និង​​មាន​លុយ​ស្ដុកស្ដម្ភ​ដែល​ប្រើ​ប្រាស់​រថយន្ត​មាន​ផ្លាក​លេខ ខ.ម ទាំង​នោះ។

ប្រធាន​សមាគម​​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​​បាន​អង្កេត​ការ​ចរាចរណ៍​យានយន្ត​ពាក់​ស្លាក់​​លេខ ខ.ម យល់​ឃើញ​ថា ការ​ផ្អាក​​ឃាត់​ទុក​​យានយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម ជា​បណ្ដោះ​អាសន្ន​ ហាក់​​​ជា​រូប​ភាព​លើក​ទឹក​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ត​ល្មើស​ បន្ត​ធ្វើ​ខុស​បន្ត​​ទៀត​ ឬ​មាន​ន័យ​ថា​ ​អ្នក​មាន​បុណ្យស័ក្ដិ និង​​មាន​លុយ​ស្ដុកស្ដម្ភ ​នៅ​​តែ​អាច​ប្រើប្រាស់​ស្លាក​លេខ ខ.ម ល្មើស​ច្បាប់​ តាម​តែ​អំពើ​ចិត្ត៖ «គ្រាន់​តែ​គ្រួសារ​របស់​កងរាជអាវុធហត្ថ​ទាំង​នោះ ក៏​មាន​ស្លាក​លេខ​ ខ.ម ដែរ ដូច្នេះ បើសិន​ជា​មិន​ឃាត់​ទេ អ្នក​ដែល​មាន​ខ្នង​​ជា ខ.ម ទាំង​នោះ នឹង​រួច​អំពី​កាតព្វកិច្ច​នៅ​ពេល​ដែល​គេ​ធ្វើ​ខុស»

បន្ថែម​លើ​នេះ អ្នក​វិភាគ​​សង្គម​ និង​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​អះអាង​ថា កង​កម្លាំង​ចម្រុះ​ដែល​ហ៊ាន​ចាប់​ឆែកឆេរ​យានយន្ត​​​ដែល​ពាក់​ស្លាក​លេខ ខ.ម ទាំង​នោះ ត្រូវ​ប្រឈម​នឹង​ការ​គុំកួន ការ​សង​សឹក និង​​​ប៉ះពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដ៏​រាប​នោះ ​ប្រទេស​កម្ពុជា នឹង​មាន​វប្បធម៌​​គ្រាន់​តែ​ហ៊ាន​​​និយាយ​តែ​​មិន​ហ៊ាន​អនុវត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។