ជនជាតិ​ដើម​ភាគ​តិច​កួយ​ជិត​៤០០​គ្រួសារ​ប្ដឹង​ក្រុមហ៊ុន​ចិន​ពីរ​នៅ​ព្រះវិហារ

0:00 / 0:00

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ជិត ៤០០​គ្រួសារ (៣៦៧​គ្រួសារ) រស់​នៅ​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត ប្ដឹង​ក្រុមហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រ៉ូយ ហ្វេង។ ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ព្រះវិហារ ប្រាប់​ថា ករណី​បណ្ដឹង​នេះ​លោក​នឹង​ចាត់​ចែង​បើក​ការ​ស៊ើប​អង្កេត​បឋម។

តុលាការ​ខេត្ត​ព្រះវិហារ យល់​ព្រម​ទទួល​លិខិត​បណ្ដឹង​របស់​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​ប្ដឹង​ក្រុមហ៊ុន​ចិន ចំនួន​២ ថា​បាន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ៣​ភូមិ ស្ថិត​ក្នុង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ឡោ ចាន់ ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ​តិច​ជិត ៤០០​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ប្រមេរ ភូមិ​ស្រែព្រាង និង​ភូមិ​បោះធំ ក្នុង​ឃុំ​ប្រមេរ ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​ទី​៧ ឧសភា។ លោក​បន្ត​ថា ក្នុង​លិខិត​បណ្ដឹង​នោះ ជនជាតិ​ដើម​ភាគ​តិច​កួយ ប្ដឹង​ក្រុមហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រ៉ូយ ហ្វេង ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ តាម​មាត្រ​១៨៨ នៃ​ក្រម​ព្រហ្មទណ្ឌ៖ «ដូច​ជា ការ​បណ្ដេញ​ចេញ អត់​ឲ្យ​ពួក​គាត់​ធ្វើ​ស្រែ​ចម្ការ ការ​បង្ខិតបង្ខំ​អត់​ឲ្យ​ពួក​គាត់​បង្កបង្កើនផល គាត់​ចាត់​ទុក​វា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ»

លោក ឡោ ចាន់ បញ្ជាក់​ថា ក្រៅ​ពី​ស្នើសុំ​ឲ្យ​តុលាការ​ចាត់​ការ​ស៊ើប​អង្កេត​ទៅ​លើ​ក្រុមហ៊ុន​ចិន ចំនួន​២ ដែល​បន្ត​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ហើយ​នោះ ខាង​ជនជាតិ​ភាគ​តិច​កួយ ក៏​ប្ដឹង​ទាមទារ​សំណង​ខូចខាត ការ​ខាតបង់​អនុផល​ព្រៃ​ឈើ​រាប់​ពាន់​ហិកតារ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​អស់​ចំនួន​សរុប ២.៤០០​លាន​រៀល។

សមាជិក​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ លោក ស្វាយ ភឿន ឲ្យ​ដឹង​ថា ពួក​គាត់​ចង់​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ពី​រឿង​ឈូស​ឆាយ​ព្រៃ និង​រាន​យក​ដី​របស់​ក្រុមហ៊ុន​ចិន ទាំង​២​នោះ។ លោក​បន្ត​ថា ខាង​សហគមន៍​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ច្រើន​លើក​ច្រើន​សា ទៅ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ប៉ុន្តែ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ដល់​ពួក​គាត់ ទើប​លើក​នេះ​ខាង​សហគមន៍​បាន​រួម​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​វិញ​ម្តង ដោយ​សង្ឃឹម​ថា តុលាការ​នឹង​ចាត់​វិធាន​ការ​តាម​ច្បាប់៖ «ឲ្យ​តុលាការ​ទៅ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឡើង​វិញ ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ដី​របស់​ពួក​គាត់​ដែល​កំពុង​រងគ្រោះ​នៃ​ការ​ឈូស​ឆាយ»

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​ព្រះវិហារ លោក លី លន់ ប្រាប់​ថា លោក​បាន​ឃើញ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ ហើយ​លោក​កំពុង​ចាត់​ចែង​ស៊ើប​អង្កេត​បឋម​ចំពោះ​ករណី​បណ្ដឹង​នេះ៖ «ត្រូវ​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​បឋម​សិន វា​មាន​បទ​ល្មើស​ដែរ ឬ​ក៏​អត់​យ៉ាង​ម៉េច​ដែរ បើ​សិន​ជា​មាន​បទ​ល្មើស​មាន​ភស្តុតាង​ដែល​ល្មម​អាច​ធ្វើ​ការ​ចោទ​បាន ព្រះរាជ​អាជ្ញា​គាត់​ធ្វើ​ការ​សន្និដ្ឋាន​ទៅ ចៅក្រម​ស៊ើប​សួរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន ឡាន ហ្វេង និង​ក្រុមហ៊ុន រ៉ូយ ហ្វេង បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ឧសភា។

ជនជាតិ​ដើម​ភាគ​តិច​កួយ ក្នុង​ឃុំ​ប្រមេរ បាន​រិះគន់​ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន វិនិយោគ ថា​កំពុង​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​កួយ បាត់​បង់​វប្បធម៌​ប្រពៃណី​ពី​ដូនតា។ ការ​ចោទ​ប្រកាន់​នេះ កើត​មាន​បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​ព្រៃ​ឲ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​ដោយ​ពុំ​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ម្ចាស់​ស្រុក​ជា​មុន។ ក្រុមហ៊ុន ឡាន ហ្វេង ឈូស​ឆាយ​ដី​ព្រៃ​វាល​របស់​សហគមន៍​ជនជាតិ​ភាគ​តិច​កួយ ប្រមាណ ៥០% លើ​ផ្ទៃ​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ (៩.០១៥​ហិកតារ)។

បច្ចុប្បន្ន ក្រុមហ៊ុន​ចិន ចំនួន​៥ កំពុង​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃ​ដី​ជាង ៤​ម៉ឺន ២​ពាន់​ហិកតារ (៤២.០០០​ហិកតារ) នៅ​ក្នុង​ស្រុក​ឆែប ស្រុក​ជ័យសែន និង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។