ការរៀបចំសំណុំរឿងប្ដឹងផ្តល់ឡើងវិញនេះ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ច្រានចោលពាក្យបណ្ដឹងរបស់រណសិរ្សរំដោះជាតិខ្មែរ កាលពីខែមិថុនា ឆ្នាំ២០១៣ កន្លងមកនេះ សម្អាងថា ពុំមានបញ្ជាក់ភស្តុតាងច្បាស់លាស់ទាក់ទងនឹងឧក្រិដ្ឋកម្មទាំងនោះ។
ប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា មានប្រសាសន៍ថា រណសិរ្សនេះនឹងបន្តស្វែងរកភស្តុតាងបន្ថែម ដើម្បីដាក់នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ឲ្យបន្តដំណើរការបណ្ដឹងរបស់លោកដែលបានប្ដឹងកាលពីខែមិថុនា ឆ្នាំ២០១៣។
បណ្ដឹងរបស់លោក សម សេរី ចោទលោក ហ៊ុន សែន ពីបទអាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ពលរដ្ឋកម្ពុជា កាលពីឆ្នាំ១៩៨០ ក្នុងយុទ្ធនាការ "ក៥" ការសម្លាប់សកម្មជនសហជីព ព្រៃឈើ ព្រះសង្ឃ និងការបង្ខំបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។
លិខិតការិយាល័យព្រះរាជអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៣ បញ្ជាក់ថា ការចោទប្រកាន់លោក ហ៊ុន សែន ពីបទល្មើសផ្សេងៗ ក្នុងបណ្ដឹងរបស់រណសិរ្សរំដោះជាតិខ្មែរ មិនឋិតនៅក្រោមយុត្តាធិការរបស់តុលាការកំណត់ដោយសន្ធិសញ្ញាទីក្រុងរ៉ូម ទេ។
ព្រះរាជអាជ្ញាបញ្ជាក់ថា បច្ចុប្បន្ននេះនៅមិនទាន់មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ដើម្បីឲ្យតុលាការបន្តដំណើរការលើបណ្ដឹងនេះនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ តុលាការនៅតែរក្សាទុកពាក្យបណ្ដឹងនេះជាឯកសារ ហើយនឹងអាចបើកការស៊ើបអង្កេតឡើងវិញ នៅពេលណាមានភស្តុតាងថ្មីផ្ដល់ឲ្យតុលាការ ដែលអាចបង្ហាញថា បទល្មើសទាំងឡាយនោះឋិតនៅក្រោមយុត្តាធិការតុលាការ។
កាលពីឆ្នាំ២០១២ ចលនាអំណាចពលរដ្ឋខ្មែរក៏បានប្តឹងរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ធ្លាប់បានឲ្យដឹងថា ចលនាលោកទាមទារអោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ អង្កេតអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តដោយរដ្ឋាភិបាលក្រុងភ្នំពេញ ប៉ុន្តែក្រោយមកទៀត តុលាការមិនបានចាត់ការបណ្តឹងរបស់លោក សួន សេរីរដ្ឋាឡើយ ដោយសារលោកមិនបានប្រគល់ភស្តុតាងបន្ថែមប្រឆាំងនឹងលោក ហ៊ុន សែន។
លោក សម សេរី បន្ថែមទៀតថា ការព្រមានបង្ក្រាបមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ អាចនឹងក្លាយជាភស្តុតាងថ្មីបន្ថែមទៀតសម្រាប់តុលាការ ប្រសិនបើមានការបង្ក្រាបដោយហិង្សាលើបាតុករ៖ «អ្វីដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គេមិនទាន់ពិចារណានោះគឺថា ដោយសារយើងអត់ទាន់បានដាក់ភស្តុតាងទៅឲ្យគេ យើងគ្រាន់តែដាក់សំណុំរឿងទៅ។ គេនឹងបើកផ្លូវពិចារណាឡើងវិញ ពេលដែលយើងដាក់ភស្តុតាងសាជាថ្មីនឹងមានហេតុការណ៍ថ្មី»។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលមិនបានចាប់អារម្មណ៍ទៅនឹងបណ្ដឹងនេះឡើយ។ លោកបន្តថា រដ្ឋាភិបាលទុកឲ្យតុលាការស៊ើបអង្កេតករណីនោះ។
មន្ត្រីជំនាញផ្នែកច្បាប់នៃតុលាការអន្តរជាតិ បញ្ជាក់ថា ដើម្បីអោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ចាត់ការរឿងក្តីព្រហ្មទណ្ឌណាមួយបាននោះ លុះត្រាតែម្ចាស់បណ្ដឹង ឬដើមចោទ អាចបង្ហាញ និងបញ្ជាក់អោយរដ្ឋអាជ្ញានៃតុលាការនេះជឿជាក់ថា ទី១ បទល្មើសដែលប្ដឹងទៅនោះ មានសភាពធ្ងន់ធ្ងរដែលអាចបង្កក្តីបារម្ភដល់សហគមន៍អន្តរជាតិ។ ទី២ ពាក្យបណ្ដឹងត្រូវមានមានភស្តុតាងបញ្ជាក់ថា បទល្មើសនោះកើតឡើងយ៉ាងទូលំទូលាយជាលក្ខណៈប្រព័ន្ធ និងទី៣ តុលាការនៅក្នុងប្រទេសនោះមិនមានឆន្ទៈ ឬមិនអាចរកយុត្តិធម៌ជូនជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។