ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយចំនួនក្នុងខេត្តសៀមរាប បានសហការជាមួយសមត្ថកិច្ច ដើម្បីស៊ើបអង្កេតទៅលើប្រធានអង្គការកុមារកំព្រាម្នាក់ ដោយសង្ស័យថា ប្រធានអង្គការនោះអាចមានជាប់ពាក់ព័ន្ធនឹងការប៉ះពាល់កេរ្តិ៍ភេទកុមារ។
ការស៊ើបអង្កេតនោះ បានធ្វើឡើងបន្ទាប់ពីមានជនបរទេសមួយចំនួនដែលជាម្ចាស់មូលនិធិឧបត្ថម្ភអង្គការនោះ បានទម្លាយចេញនូវអាថ៌កំបាំងឱ្យដឹង។
ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ជាប្រធានអង្គការកុមារកំព្រា និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនា។
បុរសឈ្មោះ ម៉ន សាវុធ ជាប្រធានអង្គការកុមារកំព្រាអប់រំអង្គរ (អេអូអ៊ីអូ = AOEO) ត្រូវបានគេសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើក្មេងស្រីមួយចំនួន ដែលស្នាក់នៅក្នុងមណ្ឌលនោះ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប គឺលោក ទី សុវិនថាល់ លោកបានមានប្រសាសន៍ថា លោកមិនទាន់បានរកឃើញភស្តុតាងថា ប្រធានអង្គការកុមារកំព្រានោះមានពាក់ព័ន្ធនឹងការរំលោភផ្លូវភេទទៅលើក្មេងស្រីនៅឡើយទេ ក៏ប៉ុន្តែតាមរយៈការស៊ើបអង្កេតជាបឋម គឺបានរកឃើញថា បុរសនោះបានប៉ះពាល់ដល់កេរ្តិ៍ខ្មាសរបស់ក្មេងស្រីមួយចំនួន។
លោក ទី សុវិនថាល់៖ «ខ្ញុំឱ្យបើកការស៊ើបអង្កេតទៅ វាចូលដូចគេរាយការណ៍ក្នុងអង្គហេតុអីចឹងមែន គឺបានត្រឹមតែយកក្មេងៗដេកជាមួយ អោបប្រឡែងលេងតែប៉ុណ្ណោះ ហើយព័ត៌មានបន្ថែមថាមានប៉ះពាល់ដល់កេរ្តិ៍ខ្មាស ប៉ុន្តែរឿងដែលថារំលោភផ្លូវភេទនោះ វាមិនទាន់រកឃើញទេ។ អយ្យការចោទប្រកាន់ត្រឹមប្រទូស្តកេរ្តិ៍ខ្មាស ប្រសិនទៅដល់ចៅក្រមរកទៅឃើញបទរំលោភផ្លូវភេទនោះ យើងនឹងបន្ថែមមួយបទទៀត»។
ទោះយ៉ាងណា លោក ម៉ន សាវុធ ជាប្រធានអង្គការកុមារកំព្រាអប់រំអង្គរ បានបដិសេធន៍យ៉ាងខ្លីនៅក្នុងពេលចាប់ខ្លួនថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទាំងនោះទេ។
ព័ត៌មានចុងក្រោយ ឱ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបុរសនោះជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារហើយ។
អ្នកស្រី ឈុយ វ៉ាន់ថា ជាអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់ អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប បានមានប្រសាសន៍ថា អ្នកស្រីជាមួយនឹងអង្គការជាដៃគូមួយចំនួនទៀត បានបើកការស៊ើបអង្កេតទៅលើករណីនេះរយៈពេល ២សប្ដាហ៍មកហើយ។ ក្នុងការស៊ើបអង្កេត គេបានរកឃើញថា ប្រធានអង្គការកុមារកំព្រារូបនោះ អាចជាប់ពាក់ព័ន្ធនឹងការប៉ះពាល់កេរ្តិ៍ភេទទៅលើក្មេងស្រីចំនួន ២នាក់ ដែលធ្លាប់ស្នាក់នៅក្នុងមណ្ឌល។
អ្នកស្រី ឈុយ វ៉ាន់ថា៖ «ខ្ញុំបានសម្ភាសសាក្សីខ្លះៗតាំងពីម្ចាស់ជំនួយ គាត់បាននិយាយថា ប្រធានមណ្ឌលហ្នឹងគាត់បានអនុញ្ញាតឱ្យក្មេងៗស្រីចេញចូលបន្ទប់គាត់ដោយសេរី ទៅដេកនៅលើគ្រែក្នុងបន្ទប់ជាមួយនឹងគាត់អីចឹង។ ហើយទៅ ពួកគាត់បានរិះគន់ចំពោះសកម្មភាពហ្នឹងដែរ ប៉ុន្តែប្រធានមណ្ឌលហ្នឹងគាត់មិនធ្វើតាមទេ ហើយរហូតដល់ពួកម្ចាស់ជំនួយគាត់ព្រមានថា បើសិនជាអ្នកឯងនៅតែឱ្យក្មេងទៅដេកជាមួយអីចឹងទៀត ប្រយ័ត្នប៉ូលិសចាប់ ប៉ុន្តែគាត់នៅតែមិនព្រមកែប្រែ»។
ស្ត្រីម្នាក់ដែលធ្លាប់ជាបុគ្គលិករបស់អង្គការកុមារកំព្រាអប់រំអង្គរ ហើយបានលាឈប់ពីការងារកាលពីខែមុន បានឱ្យដឹងថា កាលពីគាត់ធ្វើការនៅទីនោះ គាត់ធ្លាប់ឃើញក្មេង ២នាក់ តែងតែចូលទៅក្នុងបន្ទប់គេងជាមួយប្រធានអង្គការនោះ ក៏ប៉ុន្តែរឿងរំលោភ ឬក៏បៀតបៀនកេរ្តិ៍ភេទអ្វីផ្សេងទៀត គឺនាងមិនបានដឹងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។