ក្រុមអ្នកច្បាប់អាមេរិក រកឃើញថា អាជ្ញាធរកម្ពុជាយកតុលាការធ្វើជាឧបករណ៍បម្រើប្រយោជន៍នយោបាយ ក្នុងការធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ដែលហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាល។ ក្រុមអ្នកច្បាប់ទាំងនេះ បន្តថា មកដល់ពេលនេះទៅហើយ មិនគួរណាកម្ពុជានៅតែមិនព្រមកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ខ្លួនសោះ។
ក្រុមអ្នកច្បាប់អាមេរិកនៃកម្មវិធីឃ្លាំមើលភាពយុត្តិធម៌នៃការជំនុំជម្រះក្ដី ដែលជាផ្នែកមួយនៃមូលនិធិដើម្បីគម្រោងយុត្តិធម៌អាមេរិក ( Clooney Foundation for Justice Initiative) និងដែលជាដៃគូជាមួយគណៈមេធាវីអាមេរិកផង បានតាមដានដំណើរការក្តីនៅកម្ពុជា។
ក្រុមនេះបានចេញ របាយការណ៍កម្រាស់ ១៨ ទំព័រ កាលពីចុងខែឧសភា ដោយរកឃើញការរំលោភបំពានសិទ្ធិរបស់សកម្មជនសង្គម និងនយោបាយ ដែលត្រូវតុលាការកោះហៅឲ្យឡើងតុលាការជាក្រុម ដែលមានគ្នាជិត ៥០ នាក់ ពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងសមគំនិតក្បត់។ ក្នុងនោះ មានកញ្ញា សេង ធារី ដែលជាពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក និងជាមេធាវីមួយរូបផងនោះ។
បទចោទស្តីពីការញុះញង់ និងសមគំនិតក្បត់នេះ ជាបទចោទដែលមានប្រជាប្រិយជាងគេនៅកម្ពុជា ដែលតុលាការយកមកប្រើដើម្បីចោទប្រកាន់អ្នកហ៊ានរិះគន់រដ្ឋាភិបាល។ ជារឿយៗតុលាការ ជ្រើសរើសយកវិធីមិនចាំបាច់ពន្យល់អ្វីទាំងអស់ ហើយចោទ និងចាប់មនុស្សជាក្រុមធំថែមទៀតផង។

ក្រុមអ្នកច្បាប់អាមេរិករកឃើញថា អាជ្ញាធរមិនខ្វល់ខ្វាយក្នុងការពន្យល់អំពីបទចោទទាំងនេះដល់កញ្ញា សេង ធារី នោះឡើយ។ មិនតែប៉ុណ្ណោះ តុលាការខកខានក្នុងការបំពេញឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ ដោយសូម្បីតែក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះ ក៏គ្មានរៀបរាប់អំពីអំពើ និងសកម្មភាពរបស់កញ្ញា សេង ធារី ក្នុងសកម្មភាព និងអំពើញុះញង់ និងសមគំនិតក្បត់ ដូចការចោទប្រកាន់នោះឡើយ គឺគ្រាន់តែសរសេរឈ្មោះកញ្ញាប៉ុណ្ណោះ។
ជាងនេះទៅទៀត ពួកគាត់រកឃើញថា តុលាការកម្ពុជាមិនត្រឹមតែរំលោភច្បាប់ជាតិទេ គឺបំពានបទដ្ឋានអន្តរជាតិទៅទៀត ក្នុងការណ៍ដែលមន្រ្តីតុលាការបដិសេធសំណើរបស់កញ្ញា សេង ធារី ដែលស្នើសុំឯកសារសំណុំរឿង ដោយតុលាការយកលេសថា កញ្ញាមិនអាចការពារក្តីដោយខ្លួនឯង ដោយគ្មានមេធាវី ទើបតុលាការមិនផ្តល់ឯកសារសំណុំរឿង។
ក្រោយតុលាការកោះហៅលើកដំបូងអស់រយៈពេល ៦ ខែ ប៉ុន្តែកញ្ញា សេង ធារី នៅតែគ្មានទទួលបានឯកសារតុលាការអំពីបទចោទទាំងនេះកញ្ញា សេង ធារី សន្និដ្ឋានថា តុលាការទំនងជាចោទប្រកាន់កញ្ញា អំពីការរិះគន់លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន។ ការសន្និដ្ឋានបែបនេះ គឺយោងលើអង្គហេតុដែលតុលាការចោទសួរជនជាប់ចោទផ្សេងទៀត ដោយគ្រាន់តែពួកគាត់បញ្ចេញមតិរិះគន់រដ្ឋាភិបាលតាមបណ្ដាញសង្គមហ្វេសប៊ុក និងការចុចចូលចិត្ត ឬ likes ព័ត៌មានអំពីប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។

តាមពិតសិទ្ធិបញ្ចេញមតិនេះ មានធានាដោយច្បាប់កំពូលកម្ពុជា។ មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបប្រជុំ។
ទាំងរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា សុទ្ធតែមានចែង អំពីគោលការណ៍នៃការជំនុំជម្រះក្ដីដោយយុត្តិធម៌ ដែលរួមមានទាំងសិទ្ធិការពារក្ដី។ មាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ។ សិទ្ធិការពារខ្លួននេះ ចែកចេញជាពីរបន្តទៀត គឺសិទ្ធិការពារក្ដីដោយខ្លួនឯង ដោយមិនចាំបាច់មានមេធាវី និងសិទ្ធិមានជំនួយរបស់មេធាវី ដូចមានចែងក្នុងមាត្រា ៣០១ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
ក្រុមអ្នកច្បាប់អាមេរិកយល់ថា ការណ៍ដែលតុលាការកម្ពុជាមិនពន្យល់លម្អិតអំពីបទចោទដល់ជនជាប់ចោទ ចោទនិងចាប់មនុស្សជាក្រុមធំ និងប្រើច្បាប់ដែលមានភាពស្រពិចស្រពិលបែបនេះ បង្ហាញឲ្យឃើញនូវប្រព័ន្ធតុលាការដែលមិនឯករាជ្យ និងគ្មានយុត្តិធម៌។
ដូចគ្នានេះដែរ មន្រ្តីសង្គមស៊ីវិលជាតិ ដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក៏មើលឃើញអំពីភាពឆកល្វែង និងការអនុវត្តស្តង់ដាពីររបស់ប្រព័ន្ធតុលាការកម្ពុជានេះដែរ។ អ្នកនាំពាក្យសមាគមអាដហុកលោក ស៊ឹង សែនករុណា ថារាល់ករណីដែលពាក់ព័ន្ធនឹងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល មិនថា អ្នករិះគន់ជាសកម្មជនបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល ឬសកម្មជនបរិស្ថាន និងសង្គមនោះទេ គឺតុលាការតែងតែចោទប្រកាន់ពួកគាត់ពីបទញុះញង់ ឬរួមគំនិតក្បត់នេះ៖ «អង្គការសង្គមស៊ីវិលយើងខាងក្នុងប្រទេស និងអង្គការតំបន់ អង្គការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ហើយ ថាការប្រើប្រាស់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ក្នុងការចោទប្រកាន់ ឬបើកសវនាការលើអ្នកទាំងអស់នោះ គឺជាករណីពាក់ព័ន្ធនឹងរឿងនយោបាយហ្នឹងច្រើនជាង»។
ដូចគ្នានេះដែរកញ្ញា សេង ធារី ថាបើតុលាការអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវ កញ្ញាមិនពិបាកក្នុងការតតាំងក្ដីនោះទេ ព្រោះកញ្ញាជាមេធាវី និងបានយល់ដឹងច្រើនអំពីកិច្ចដំណើរការនីតិវិធីតាមផ្លូវច្បាប់ច្រើនគួរសមល្មមអាចការពារក្ដីដោយខ្លួនឯង ដោយចាំបាច់មានមេធាវីផង។
ប៉ុន្តែជាអកុសល កញ្ញាថា ប្រព័ន្ធតុលាការនៅប្រទេសផ្តាច់ការ គេប្រើស្នៀតដដែលៗបែបនេះឯង ដើម្បីធ្វើបាបពលរដ្ឋដែលហ៊ានរិះគន់រដ្ឋាភិបាល។ កញ្ញាថាដោយសារតែតុលាការ ក្លាយជាឧបករណ៍នយោបាយរបស់បក្សកាន់អំណាច ដើម្បីធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង កញ្ញាត្រូវទប់ទល់ប្រព័ន្ធតុលាការបែបនេះ តាមរូបភាពពីរបែប គឺទីមួយតតាំងតាមនីតិវិធីតុលាការ និងទីពីរតតាំងក្តីតាមរូបភាពនយោបាយ ព្រោះវាលែងមានយុត្តិធម៌ហើយសម្រាប់កញ្ញា៖ «អំពីយុត្តិធម៌ វាហួសពេលវេលាហើយ ពីព្រោះរឿងហ្នឹងវាអយុត្តិធម៌តាំងពីជំហានទីមួយ ក្នុងការចោទខ្ញុំ។ ដូច្នេះពេលខ្ញុំឆ្លើយតប ខ្ញុំឆ្លើយតបក្នុងការលេងសើចម្ខាង និងជាក់ស្ដែងម្ខាងដោយតាមនីតិវិធីច្បាប់។ វាជាការចាំបាច់ បើគេលេងល្ខោនច្បាប់ ខ្ញុំត្រូវការចូលក្នុងឆាកល្ខោនច្បាប់ហើយ។ ប៉ុន្តែបើយើងមើលពីចម្ងាយ យើងឃើញថា រូបភាពធំដុំ មិនមែនជាតុលាការជាក់ស្តែងទេ វាគ្រាន់តែជាល្ខោននយោបាយ»។

ទោះជាយ៉ាងនេះក្ដី សំណុំរឿងរបស់កញ្ញា សេង ធាវី នៅទ្រឹងមួយកន្លែង ក្រោយតុលាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ ប្រកាសផ្អាកសវនាការដោយគ្មានកាលកំណត់ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រោយរដ្ឋាភិបាលដកបម្រាមបិទខ្ទប់ទីក្រុងភ្នំពេញកាលពីខែឧសភា តុលាការបានចាប់ផ្តើមបើកសវនាការឡើងវិញ ប៉ុន្តែរឿងក្តីរបស់កញ្ញា សេង ធារី នៅតែមិនទាន់លឺដំណឹងថា នឹងចាប់ផ្តើមឡើងវិញនៅពេលណានោះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ បានទេ។ វិទ្យុអាស៊ីសេរី ក៏មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ជុំវិញរបាយការណ៍របស់ក្រុមអ្នកច្បាប់អាមេរិកនោះបាននៅឡើយដែរ។ ប៉ុន្តែ កន្លងមកមន្រ្តីក្រសួងយុត្តិធម៌តែងតែអះអាងថាតុលាការកម្ពុជាជាតុលាការឯករាជ្យ និងអនុវត្តនីតិវិធីតាមច្បាប់កំណត់។
ផ្ទុយពីការអះអាងរបស់មន្រ្តីក្រសួងយុត្តិធម៌ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសរំលោភច្បាប់ជាងគេបំផុត ឈរនៅលេខរៀងទី ១២៧ ជាប់បាតតារាង ក្នុងចំណោមប្រទេស ១២៨ ប្រទេសនៅលើពិភពលោក ក្នុងសន្ទស្សន៍នៃការគោរពច្បាប់ឆ្នាំ ២០២០ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project)។
បើទោះជាដឹងថា ប្រព័ន្ធតុលាការកម្ពុជាគ្មានយុត្តិធម៌ ក៏កញ្ញា សេង ធារី ថាកញ្ញារីករាយនឹងបន្តកំដរតតាំងក្តី និងតស៊ូមតិយូរតទៅទៀតមិនថា ត្រូវប្រថុយប្រថានគ្រោះថ្នាក់ប៉ុនណានោះឡើយ ព្រោះកញ្ញាចង់ផ្ញើសារដល់អ្នកដែលរងការរំលោភបំពានសិទ្ធិទាំងអស់ ឲ្យបានដឹងថា មានតែការតស៊ូរើបម្រះនឹងអំពើអយុត្តិធម៌នេះតែប៉ុណ្ណោះ ទើបអាចមានការផ្លាស់ប្តូរជាវិជ្ជមាន៖ «ខ្ញុំរីករាយក៍មកពីខ្ញុំយកករណីខ្ញុំមិនមែនគ្រាន់តែការខ្លួនខ្ញុំ ខ្ញុំចង់ជះឥទ្ធិពលក្នុងការការពារ បងប្អូនយើងផ្សេងទៀត ដែលអត់មានសំឡេង ក្នុងឆាកអន្តរជាតិ»។
រីឯក្រុមអ្នកច្បាប់អាមេរិកវិញ ក្រុមនេះក៏បានរម្លឹកឲ្យកម្ពុជា គួរកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ខ្លួនឡើងវិញ ដើម្បីឲ្យតុលាការមានភាពឯករាជ្យ រួចផុតពីឥទ្ធិពលនយោបាយ ហើយឈប់ប្រើប្រាស់ច្បាប់ស្រពិចស្រពិល និងឈប់ចាប់មនុស្សទាំងហ្វូងឲ្យឡើងតុលាការ ដែលគ្រាន់តែពួកគាត់បញ្ចេញមតិរិះគន់រដ្ឋាភិបាលបែបនេះតទៅទៀត បើកម្ពុជាចង់ស្តារប្រព័ន្ធយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។