ព្រះសង្ឃ​និង​ពលរដ្ឋ​នៅ​តែ​ប្រមូល​ផ្ដុំ​តវ៉ា​ឲ្យ​ដោះ​លែង​ជន​ជាប់​ចោទ​២៣​នាក់

0:00 / 0:00

ក្រុម​អ្នក​តវ៉ា​មាន​ទាំង​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ បន្ត​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ពិធី​ផ្សេងៗ និង​ស្រែក​ទាមទារ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​មនុស្ស​ទាំង ២៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ​នៅ​ពី​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បន្ត​បើក​សវនាការ​ទៅ​លើ​ជន​ជាប់​ចោទ​ចំនួន ២៣​នាក់ លើ​សំណុំ​រឿង​ប្រើ​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ យ៉ាក ជីន នា​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា នេះ។

ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជាប់​នឹង​របាំង​ដែក និង​ឡាន​ទឹក​របស់​កម្លាំង​សមត្ថកិច្ច រាប់​រយ​នាក់​នៅ​តាម​ផ្លូវ​ឆ្លង​កាត់​មុខ​សាលា​ដំបូង ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ឧសភា។

នៅ​អំឡុង​ពេល​សវនាការ​កំពុង​ដំណើរ​ការ​ចូល​ថ្ងៃ​ទី​៣ មក​ហើយ​នោះ ក្រុម​អ្នក​តវ៉ា​ដឹក​នាំ​ដោយ​ស្ត្រី​សហគមន៍​បឹងកក់ និង​ព្រះសង្ឃ​ផង បាន​និមន្ត និង​ដើរ​ហែ​ក្បួន​លើក​បដា ដើរ​ព័ទ្ធ​ជុំវិញ​សាលា​ដំបូង ដោយ​អ្នក​តវ៉ា​ខ្លះ​បាន​គោះ​ស្គរ ឬ​គោះ​ឆ្នាំង ជាដើម។ ខ្លឹមសារ​ក្នុង​បដា និង​សម្រែក​តវ៉ា​របស់​ក្រុម​អ្នក​តវ៉ា បាន​រិះគន់​សកម្មភាព​របស់​មន្ត្រី​តុលាការ ដែល​ក្រុម​អ្នក​តវ៉ា​ចាត់​ទុក​ថា​មិន​ឯករាជ្យ ពុក​រលួយ និង​ស្ថិត​ក្រោម​បង្គាប់​អ្នក​មាន​អំណាច។

អ្នកស្រី ទេព វន្នី តំណាង​ស្ត្រី​សហគមន៍​បឹងកក់ ឲ្យ​ដឹង​ថា ក្រុម​អ្នក​តវ៉ា​បាន​រៀបចំ​ធ្វើ​ពិធី​សែន​លុយ​ដុល្លារ​ក្លែងក្លាយ ឬ​ហៅ​ថា លុយ​ខ្មោច រាប់​ពាន់​ម៉ឺន​ដុល្លារ សែន​ដើម្បី​ឧបកិច្ច​ជូន​មន្ត្រី​តុលាការ​ពុក​រលួយ។ ជាង​នេះ ពិធី​សែន​ព្រេន​ក្រុម​អ្នក​តវ៉ា​ក៏​បាន​អន្ទង​ហៅ​ចំ​ឈ្មោះ​លោក​ចៅក្រម និង​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​មួយ​ចំនួន ឲ្យ​មក​ទទួល​យក​សំណែន​នោះ៖ «អ្នក​ដែល​ចាប់​ខ្លួន​ហ្នឹង​សុទ្ធ​តែ​ជា​អ្នក​ទោស​ក្លែងក្លាយ​ទាំងអស់។ ហើយ​តុលាការ​ហ្នឹង គាត់​ចូល​ចិត្ត​លុយ​ខ្លាំង​ណាស់ ចូល​ចិត្ត​អំពើ​ពុក​រលួយ។ អ៊ីចឹង​ក្នុង​នាម​យើង​ជា​អ្នក​ស្អាតស្អំ យើង​អត់​មាន​ប្រព្រឹត្ត​បទល្មើស​ខុស គឺ​យើង​អត់​មាន​លុយ​ដែល​ពិត​ប្រាកដ​យក​ទៅ​ឲ្យ​គាត់​ទេ គឺ​មាន​តែ​លុយ​ក្លែងក្លាយ ឧបកិច្ច​ជូន​គាត់​ទៅ»

សវនាការ​លើ​សំណុំ​រឿង​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ នៅ​ថ្ងៃ​នេះ ចាប់​ផ្ដើម​នៅ​ម៉ោង ៨​ព្រឹក។ រីឯ​ក្រុម​អ្នក​តវ៉ា ឬ​មន្ត្រី​សិទ្ធិ​មនុស្ស ក៏​បាន​បង្ហាញ​វត្តមាន​ព្រម​គ្នា​នៅ​ខាង​ក្រៅ​របង​តុលាការ។

សាច់ញាតិ​ជន​ជាប់​ចោទ​មួយ​ចំនួន ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ បាន​រិះគន់​ថា សកម្មភាព​ប្រើ​ហិង្សា និង​ចូល​ចាប់​សាច់ញាតិ​ដល់​ក្នុង​ផ្ទះ​របស់​សមត្ថកិច្ច​ចម្រុះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅ​តាម​ផ្លូវ​វ៉េងស្រេង និង​រោងចក្រ យ៉ាក ជីន ជា​រឿង​ឃោរឃៅ​បំផុត។

សាច់ញាតិ​ជន​ជាប់​ចោទ​មក​ពី​ខេត្ត​កំពង់ចាម ព្រៃវែង និង​កំពង់ស្ពឺ មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​កម្មករ បែរ​ជា​តុលាការ​មិន​កាត់​ទោស ហើយ​បែរ​ជា​ទៅ​កាត់​ទោស​ជន​រងគ្រោះ​ទៅ​វិញ៖ «ប្អូន​ខ្ញុំ​ដេក​ក្នុង​បន្ទប់​ចំនួន ៣​នាក់ មាន​ឈ្មោះ ឈឿន យ៉ុង ប៉ាង វណ្ណី និង ប៉ោ សារ៉ាត គឺ​សមត្ថកិច្ច​វ៉ៃ​បន្ទប់​ចាប់​ប្អូន​ខ្ញុំ អូស​ពី​ក្នុង​មុង ហើយ​មិន​ចាប់​ត្រឹមត្រូវ​ទេ គឺ​វ៉ៃ​បែក​ឈាម និង​បាញ់​ថែម​ទៀត​នៅ​ក្នុង​ផ្ទះ​ជួល។ ហើយ​នៅ​ពេល​ខ្ញុំ​រត់​ទៅ​តាម​ប្អូន កម្លាំង​សមត្ថកិច្ច​បាន​ចង្អុល​មុខ​ខ្ញុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ ប្រយ័ត្ន​ងាប់​ទាំងអស់​គ្នា។ តុលាការ​កម្ពុជា អយុត្តិធម៌​ណាស់ គឺ​គ្មាន​ភាព​យុត្តិធម៌​ទេ។ ចាប់​អ្នក​អត់​មាន​កំហុស​យក​មក​កាត់​ក្តី ដល់​ពួក​មាន​កំហុស​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ទេ»

លោក ស ម៉ូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា ដែល​បាន​តាម​ដាន​សំណុំ​រឿង​ក្តី​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​នយោបាយ។ លោក​សំណូមពរ​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​បក្ស​កាន់​អំណាច កុំ​ឲ្យ​ភ្ជាប់​ជន​ជាប់​ចោទ​ទាំង ២៣​នាក់ ដើម្បី​ស្ដារ​ស្ថានភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា៖ «រឿង​នេះ​វា​នៅ​តែ​ជា​រឿង​នយោបាយ ហើយ​តុលាការ តុលាការ​ពេល​ដែល​ចៅក្រម​សួរ​នាំ​ទៅ​លើ​ជន​ជាប់​ចោទ​ផ្សេងៗ​ហ្នឹង គឺ​យើង​ឃើញ​ថា មិន​មាន​លក្ខណៈ​ឯករាជ្យ ឬ​ត្រឹមត្រូវ​ទេ។ យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​រឿង​ហ្នឹង? មើល​ឃើញ​ថា វា​មាន​ឥទ្ធិពល​ពី​ផ្នែក​នយោបាយ ទៅ​លើ​រឿង​ហ្នឹង ហើយ​យើង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ជា​បន្ទាន់ ចំពោះ​អ្នក​ទាំង ២៣​នាក់​ហ្នឹង ដោយ​មិន​មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំងអស់»

សវនាការ​នៅ​ថ្ងៃ​នេះ​ក៏​ឃើញ​វត្តមាន​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ (Licadho) បាន​ចុះ​ទៅ​ផ្តល់​សេវា​ព្យាបាល​បឋម​ដល់​ជន​ជាប់​ចោទ និង​សាច់ញាតិ​ទាំង​នៅ​ខាង​ក្នុង និង​ខាង​ក្រៅ​បរិវេណ​តុលាការ។ ជាង​នេះ នៅ​ខាង​ក្រៅ​របង​តុលាការ ក្រុម​គ្រូពេទ្យ​លីកាដូ ក៏​បាន​ផ្តល់​សេវា​ព្យាបាល ឬ​ផ្តល់​ថ្នាំ​សង្កូវ​ផ្សេងៗ ជូន​ដល់​អ្នក​តវ៉ា​រាប់​សិប​នាក់​ថែម​ទៀត។

ទោះ​យ៉ាង​ណា ការ​ប្រមូល​ផ្តុំ​គ្នា ឬ​ការ​ដើរ​ហែ​ក្បួន​របស់​ក្រុម​អ្នក​តវ៉ា​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​សាលា​ដំបូង ទល់​មុខ​នឹង​របាំង​ដែក​របស់​សមត្ថកិច្ច នា​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ឧសភា មិន​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។