អ្នកភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៣ បាននាំគ្នាតវ៉ាសុំឲ្យចៅក្រមតុលាការលើកយកសំណុំរឿងជម្លោះដីធ្លីរវាងអ្នកភូមិ ជាមួយសាច់ញាតិអ្នកមានអំណាចមកកាត់សេចក្តី។
ការតវ៉ានេះ ធ្វើឡើងតាមលក្ខណៈប្រពៃណី គឺអ្នកភូមិរួមគ្នាលើកផ្ទាំងបដាមួយផ្ទាំងនៅកណ្ដាលភូមិ សរសេរអក្សរមានន័យថា សុំឲ្យតុលាការប្រញាប់ចាត់ការរឿងក្តីអ្នកភូមិឲ្យបានឆាប់ ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់អ្នកភូមិដែលរង់ចាំចំណាត់ការរឿងក្តីនេះ តាំងពីឆ្នាំ២០០៨ រហូតមក។
តំណាងអ្នកភូមិ លោក រម៉ាម ហ្វីល មានប្រសាសន៍បញ្ជាក់ថា នេះជាជម្រើសចុងក្រោយរបស់ពួកគាត់ ដែលរង់ចាំចំណាត់ការតាមផ្លូវតុលាការ។ លោកបន្តថា មន្ត្រីស្ថាប័នតុលាការគួរតែបំពេញតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋ៖ «យើងលើកផ្លាកឲ្យតុលាការខេត្តរតនគិរី ដោះស្រាយជាបន្ទាន់ឲ្យឆាប់ៗបន្តិច យើងដាក់ហ្នឹងយូរហើយ។ លើកផ្លាក យើងយកស្រាពាង កូនជ្រូកមួយ យើងសែន អ្នកណាបំផ្លាញផ្លាកហ្នឹងឲ្យវារន្ទះបាញ់គាត់»។
សហគមន៍ជនជាតិដើមភូមិគងយុ ជាង ៤០គ្រួសារ កាលពីដើមឆ្នាំ២០០៥ កើតមានជម្លោះជាមួយលោកស្រី គាត កុលណី ទាក់ទិនរឿងដីធ្លីសហគមន៍ជិត ៥០០ហិកតារ បន្ទាប់ពីដីនោះត្រូវបានលោកស្រី គាត កុលណី ចាប់ផ្ដើមឈូសឆាយដាំកៅស៊ូ។ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ តំណាងអ្នកភូមិគងយុ បានដាក់ពាក្យប្ដឹងចំនួនពីរ ចោទប្រកាន់លោកស្រី គាត កុលណី ក្នុងរឿងព្រហ្មទណ្ឌពីបទក្លែងឯកសាររំលោភដីអ្នកភូមិ ក៏ប៉ុន្តែសំណុំរឿងនេះត្រូវបានតុលាការខេត្តចេញដីកាសម្រេចមិនចាត់ការនឹងពាក្យបណ្ដឹងរដ្ឋប្បវេណី ប្ដឹងសុំបដិសេធន៍កិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីចំនួនពីរ ទាក់ទិនការទិញលក់ដីរបស់អ្នកភូមិ ជាមួយលោកស្រី គាត កុលណី។
វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី១២ ខែមីនា មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានតុលាការខេត្តរតនគិរី លោក សួស ឡា ជុំវិញការតវ៉ារបស់អ្នកភូមិបានទេ។
ទាក់ទងរឿងនេះ កាលពីដើមខែមករា ឆ្នាំ២០១៣ លោកមានប្រសាសន៍បញ្ជាក់ជាមួយវិទ្យុអាស៊ីសេរី ថា លោកទើបនឹងបានទទួលសំណុំរឿងនេះពីមន្ត្រីក្រឡាបញ្ជី បន្ទាប់ពីលោកចូលកាន់តំណែងកាលពីពេលថ្មីៗ ហេតុនេះលោកសំណូមពរឲ្យម្ចាស់បណ្ដឹងមកជួបលោក ដើម្បីសាកសួរ ហើយលោកនឹងជំរុញឲ្យចាត់ការរឿងក្តីនេះ៖ «ប្រធានចាស់មុនហ្នឹង គាត់អត់មានចូលខ្លួនមកប្រគល់សារពើភ័ណ្ឌក្នុងតុលាការ ហើយសំណុំរឿងគាត់ឲ្យក្រឡាបញ្ជីមកប្រគល់ឲ្យខ្ញុំ មិនទាន់ឃើញមុខគាត់យ៉ាងម៉េចផង»។
មេធាវីការពារក្តីអ្នកភូមិគងយុ លោក យិន សាវ៉ាត មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃពុធ ទី១៣ ខែមីនា ខាងមុខនេះ លោកនឹងទៅជួបជាមួយប្រធានតុលាការខេត្ត ដើម្បីសុំឲ្យចាត់ការរឿងក្តីនេះជាថ្មីទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០១០ រហូតបច្ចុប្បន្ន លោកបានធ្វើលិខិតក្រើនរំលឹកប្រធានតុលាការខេត្តដែលទើបប្ដូរចេញពីភារកិច្ចចំនួនបីលើក ឲ្យចាត់ការរឿងក្តីនេះ ប៉ុន្តែមិនបានផល៖ «គាត់បានសុំតាមរយៈមេធាវី គឺច្រើនដងហើយ យើងបានសុំទៅតុលាការឲ្យដំណើរការ ហើយវាអត់ដំណើរការ អាហ្នឹងរឿងរបស់គាត់ៗសម្ដែងមតិ គាត់ចង់ឲ្យមានការដោះស្រាយជូនពួកគាត់»។
កាលពីដើមខែធ្នូ ឆ្នាំ២០១១ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍនា បានធ្វើលិខិតជម្រាបជូនប្រធានតុលាការសាលាដំបូងខេត្តរតនគិរី ឲ្យចាត់ចៅក្រមទទួលបន្ទុកដោះស្រាយរឿងក្តីនេះ ហើយលើកយករឿងក្តីនេះមកទាញហេតុផលផ្ទាល់មាត់ តាមនីតិវិធីតុលាការឲ្យបានឆាប់ ចៀសវាងខូចផលប្រយោជន៍ភាគីរឿងក្តី។ ហើយនៅខែតុលា ឆ្នាំ២០១២ លោករដ្ឋមន្ត្រីក៏បានចេញលិខិតបន្ថែមទៀត សុំឲ្យប្រធានតុលាការខេត្តរតនគិរី បំភ្លឺមកក្រសួងពីមូលហេតុនៃការមិនចាត់ការរឿងក្តីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។