អាជ្ញាធរខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឃាត់ខ្លួនស្ត្រីតំណាងសហគមន៍ដីធ្លីចំនួន ៥នាក់ក្នុងពេលពួកគេហែក្បួនចែកចាយសារប្រឆាំងច្បាប់អង្គការ-សមាគម។ ពួកគេត្រូវបានអាជ្ញាធរនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សីទី២ និងបន្ទាប់មកនាំទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
យ៉ាងណា ពួកគេត្រូវបានអាជ្ញាធរដោះលែងមកវិញនៅល្ងាចថ្ងៃដដែល បន្ទាប់ពីអាជ្ញាធរបញ្ចប់ការសាកសួរ និងតម្រូវឲ្យពួកគេសន្យាថា នឹងមិនហែក្បួនណាមួយនៅពេលត្រឡប់ទៅវិញ។
ក្នុងការឃាត់ខ្លួនប្រមាណជាង ៦ម៉ោង អាជ្ញាធរបានព្យាយាមសួរនាំរកអ្នកដែលនៅពីក្រោយការហែក្បួនរបស់ក្រុមសហគមន៍ ដើម្បីចែកចាយសារប្រឆាំងច្បាប់អង្គការ-សមាគម។
តំណាងស្ត្រីសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍នៅក្រោយការដោះលែងថា ពួកគាត់ត្រូវអាជ្ញាធរអោយផ្ដិតមេដៃលើរបាយការណ៍សាកសួរ និងសន្យាថា ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។ អ្នកស្រីហៅការឃាត់ខ្លួនពួកគាត់ថា ជាជាចេតនារបស់រដ្ឋាភិបាល ដែលប្រាថ្នាចេញច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយពុំមានការតវ៉ា៖ «ពួកខ្ញុំក៏ឆ្លើយទៅវិញថា គឺពួកខ្ញុំស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ព្រោះច្បាប់គ្រប់គ្រងអង្គការ សមាគម និងសហជីពហ្នឹងប៉ះពាល់ទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយខ្ញុំក៏ជាពលរដ្ឋខ្មែរដែរ ពួកខ្ញុំពេញចិត្តនឹងចូលរួមធ្វើដោយខ្លួនឯង ហើយគេក៏សួរដែរថា យើងបោះពុម្ពប័ណ្ណនៅឯណា? ខ្ញុំឆ្លើយថា បោះនៅគ្រប់កន្លែង»។
ស្ត្រីទាំង ៥នាក់នោះរួមមានលោកស្រី ទេព វន្នី សុង ស្រីលាភ ឆាយ គឹមហ៊ន ហេង ចន្ថា និងលោកស្រី បូវ សោភា។ ក្រុមស្ត្រីទាំងនេះអះអាងថា នឹងមិនបោះបង់ការតវ៉ា ប្រឆាំងការបង្កើតច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះឡើយ។
កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ក្រុមតំណាងសហគមន៍ដីធ្លី និងតំណាងអង្គការសង្គមស៊ីវិលប្រមាណ ៥០នាក់ បាននាំគ្នាហែក្បួនតាមផ្លូវចែកចាយប័ណ្ណដែលមានសារជាអក្សរប្រឆាំងនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ។ ពួកគេបានចេញដំណើរពីផ្សារចាស់ ទៅផ្សារថ្មី និងបន្ទាប់មកបានទៅដល់ផ្សារអូរឫស្សី។
នៅទីនោះប្រធានគណៈកម្មការផ្សារអូរឫស្សី លោក ឡេង គឹមស្រុង បាននាំកម្លាំងសន្តិសុខជាច្រើននាក់ ទៅសាកសួររកច្បាប់អនុញ្ញាតពីក្រុមអ្នកហែក្បួន។ បន្ទាប់មកក៏មានការប្រកែកគ្នាជាមួយតំណាងសហគមន៍ជាស្ត្រីមួយចំនួន។
ប្រធានផ្សារអូរឫស្សី និងកម្លាំងសន្តិសុខបានចាប់អូសស្ត្រីទាំង ៥នាក់នាំទៅប៉ុស្តិ៍នគរបាល សង្កាត់ផ្សារអូឫស្សីទី២។ បន្ទាប់មកពួកគេក៏ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា។
ក្រៅពីស្ត្រីទាំង ៥នាក់ដែលត្រូវឃាត់ខ្លួននោះ ក៏មានមនុស្ស ៩នាក់ទៀតបានចូលទៅតាមពួកគេដែរ ក្នុងនោះមានតំណាងអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មួយចំនួនទៀត។
ប្រធានគណៈកម្មការផ្សារអូរឫស្សី លោក ឡេង គឹមស្រុង មានប្រសាសន៍ថា លោកចង់បានការបញ្ជាក់ពីក្រុមអ្នកហែក្បួនថា តើពួកគេបានសុំការអនុញ្ញាតហែក្បួននេះ ឬយ៉ាងណា៖ «ក្នុងនាមអាជ្ញាធរខ្ញុំរក្សាសណ្ដាប់ធ្នាប់ យើងអត់ចង់ធ្វើអីអោយមានបញ្ហាជាមួយបងប្អូនប្រជាពលរដ្ឋទេ។ ប្រទេសយើងមានច្បាប់ ធ្វើអ្វីយើងយកច្បាប់យកអ្វីមកអនុវត្ត ច្បាប់ជាបន្ទាត់ ជាអ្នកតម្រែតម្រង់ ហើយច្បាប់មានសីលធម៌ មានគុណធម៌នៅក្នុងហ្នឹងមិនមែនច្បាប់បង្កើតមកដើម្បីសម្លាប់នរណា ម្នាក់ទេ»។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រធានផ្សារអូរឫស្សី បានធ្វើខុសតួនាទី ដ្បិតលោកថា ប្រធានផ្សាររូបនោះ ពុំមានសមត្ថកិច្ចចាប់ ឬឃាត់ខ្លួនជនណានោះឡើយ៖ «គួរតែមានសមត្ថកិច្ចនគរបាល ដែលទៅហើយធ្វើការសាកសួរ និយាយគ្នាមុននឹងធ្វើការនាំខ្លួន។ ប៉ុន្តែមិនមានការនិយាយគ្នាណាមួយទេ គឺចាប់ហើយចាប់ទៀត ដែលធ្វើអោយសាធារណជនគេឃើញទៅហាក់ដូចជា បុរសហ្នឹងទៅចាប់ស្ត្រី ព្រោះគាត់ស្លៀកសម្លៀកបំពាក់ស៊ីវិល អ៊ីចឹងគួរតែសមត្ថកិច្ចចរចា និងសម្របសម្រួល»។
ទាក់ទិននឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សមួយចំនួ ធ្លាប់បានតវ៉ាជំទាស់នឹងរដ្ឋសភាដែលបានអនុម័តដោយមានតែសំឡេងគាំទ្រពីខាងគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ ដោយសំអាងថា ច្បាប់នេះនឹងរឹតត្បិតលើសេរីភាពក្នុងការបង្កើតអង្គការ-សមាគម និងផ្ទុយពីរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។