ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី ១២ សីហា បានឡាយ ព្រះហស្តលេខាប្រកាសឲ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចំរូងចំរាស់។ ការឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ ធ្វើឡើងក្នុងថ្ងៃជាមួយគ្នាបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យ និងប្រកាសថាច្បាប់នេះ គឺស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលព្រះមហាក្សត្រទើបប្រកាសឲ្យប្រើនេះ មានទំាងអស់៩ជំពូក និងចែកជា៣៩ មាត្រា។ ច្បាប់នេះចែងពីការបង្កើត ការចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ពីធនធាន និងទ្រព្យសម្បត្តិ របស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ពីសិទ្ធិផលប្រយោជន៍ និងកាតព្វកិច្ចរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ពីការផ្អាកសកម្មភាព ការរំលាយ ការបញ្ចប់សុពល ភាពអនុស្សរណៈ ការចាត់ចែងធនធាន និងទ្រព្យសម្បត្តិរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអំពីវិធានការរដ្ឋបាល ឬទោសប្បញ្ញត្តិជាដើម។
រដ្ឋាភិបាលអះអាងថា ច្បាប់នេះតាក់តែងឡើងគឺដើម្បីបំរើផលប្រយោជន៍របស់សមាគម និង អង្គការមិនមែនរដ្ឋាភិបាលជាង៥ពាន់ស្ថាប័ននៅកម្ពុជា។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ មើលឃើញថា មាត្រាមួយចំនួននៅក្នុងច្បាប់នេះ រឹតត្បិតទៅលើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលទៅវិញ ក្នុងនោះដូចជាសេរីភាពខាងការបង្កើតអង្គការ សមាគម សេរីភាព ខាងការបញ្ចេញមតិ សេរីភាពខាងការជួបប្រជុំ សិទ្ធិក្នុងការចូលរួមក្នុងជីវភាពសាធារណៈ ព្រមទាំងការរឹតបន្តឹងទៅលើមតិប្រឆាំងជាដើម។
អង្គការសិទ្ធិមនុស្សអន្តរជាតិប្រតិកម្មចំពោះច្បាប់គ្រប់គ្រងអង្គការ-សមាគម
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ចេញសេចក្តីប្រកាសព័ត៌មានរិះគន់ថា៖ "ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដូចជាពូថៅដៃមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើទុកតាមកម្ចាត់ក្រុមអ្នកការពារសិទ្ធិ និងក្រុមប្រឆាំងអំពើពុករលួយដែលតែងការពារដល់សហគមន៍ និងក្រុមអ្នកដែលហ៊ានរិះគន់អំពីភាពលោភលន់ហួសប្រមាណរបស់លោក [ហ៊ុន សែន] ជាច្រើនឆ្នាំមកហើយនោះ..."។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា លោក ហ្វីល រ៉ូប៊ើតសុន គូសបញ្ជាក់ថា ស្ថានភាពថ្មីពិតរបស់សង្គមស៊ីវិលនៅពេលនេះ គឺថា រដ្ឋាភិបាលអាចបិទអង្គការរបស់ពួកគេ ឬ អាចចាប់ពួកគេដាក់គុកបានប្រសិនបើជននោះមិនស្តាប់តាមបង្គាប់របស់នាយករដ្ឋមន្ត្រី។
លោកបន្តថា ច្បាប់ថ្មីនេះពិតជាបានរំលោភស្តង់ដារសិទ្ធិមនុស្សអន្តរជាតិអំពីសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការប្រមូលផ្តុំ ហើយច្បាប់អង្គការ-សមាគមនេះ ប្រៀបដូចជាជញ្ជាំងកំផែងដ៏រឹងម៉ាំមួយដែលលោក ហ៊ុន សែន ប្រើប្រាស់ដើម្បីការពារប្រព័ន្ធអំណាចផ្តាច់ការរបស់លោក។
លោក ហ្វីល រ៉ូប៊ើតសុន ថាក្រុមអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សអន្តរជាតិនៅពេលនេះ នឹងធ្វើការតស៊ូប្រយុទ្ធប្រឆាំងមួយករណីម្តងៗ ទៅនឹងការបិទទ្វាសង្គមស៊ីវិលឯករាជ្យដែលរងនូវការកាប់ជាច្រើនកំណាត់ដោយរដ្ឋាភិបាលនៅពេលគេរកឃើញថា សង្គមស៊ីវិលទាំងនោះជាអ្នកនាំរឿង ឬហ៊ានរិះគន់ពេក។ លោកបន្តថា ថ្ងៃដែលច្បាប់នេះចូលជាធរមានគឺជាថ្ងៃដ៏គួរឲ្យសោកស្ដាយណាស់សម្រាប់ការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។