តុលាការ​សម្រេច​ផ្ដន្ទាទោស​បុរស​គំរាម​សម្លាប់​លោក​សុខ ទូច ឲ្យ​ជាប់​ឃុំ​៦​ខែ

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Faccbook) ឲ្យ​ជាប់​ទោស ១៨​ខែ តែ​ត្រូវ​អនុវត្ត​ទោស​ចំនួន ៦​ខែ និង​ពិន័យ​ប្រាក់ ១​លាន​រៀល។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​សវនាការ ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ។

បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ភរិយា​ជន​ជាប់​ចោទ​បាន​ព្រួយ​បារម្ភ​ថា ខ្លួន​ពុំ​មាន​លទ្ធភាព​រក​ថវិកា​ពិន័យ​ដើម្បី​បង់​ជូន​រដ្ឋ​នោះ​ទេ។

ភរិយា​របស់​បុរស​ជា​ទណ្ឌិត​ឈ្មោះ ផង់ សីហា លោកស្រី ម៉ៅ សុភ័ក្ត្រ ដែល​បី​កូន​នៅ​ដៃ ថ្លែង​ទាំង​ទឹក​មុខ​ភ័យ​អរ​ថា អ្វី​ដែល​ជា​ក្ដី​បារម្ភ​របស់​នាង​នៅ​ពេល​នេះ គឺ​គ្រួសារ​នាង​ទី​ទាល់ក្រ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​បង់​ចូល​ថវិកា​រដ្ឋ​បាន​ឡើយ។

នាង​បន្ត​ថា គិត​ទៅ​ដល់​ថ្ងៃ​ទី​៧ ខែ​មីនា ស្វាមី​នាង​អនុវត្ត​ទោស​បាន​គ្រប់ ៦​ខែ នឹង​ដល់​កំណត់​នៅ​ក្រៅ​ឃុំ៖ «ខ្ញុំ​ពេញ​ចិត្ត​ទទួល ព្រោះ​អី​គាត់​អត់​មាន​កាំភ្លើង​ពិត​ប្រាកដ ហើយ​គាត់​អត់​បាន​មាន​បំណង​ថា សម្លាប់​លោក​បណ្ឌិត សុខ ទូច ដែរ ព្រោះ​អី​គាត់​គ្រាន់​តែ​បង្ហោះ​ទៅ​ជ្រុល។ ខ្ញុំ​អត់​មាន​ថវិកា​សម្រាប់​ឲ្យ​សំណង​រដ្ឋ​សោះ តាំង​ពី​គេ​ចាប់​ប្ដី​ខ្ញុំ​មក ខ្ញុំ​មាន​ផ្ទៃ​ពោះ ៦​ខែ ខ្ញុំ​អត់​បាន​ចេញ​ទៅ​រក​ស៊ី​អី»

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ ឈ្មោះ ផង់ សីហា អាយុ ២៦​ឆ្នាំ ពី​បទ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស ៦​ខែ និង​ពិន័យ​ប្រាក់ ១​លាន​រៀល បង់​ចូល​ថវិកា​រដ្ឋ។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ និង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​ដែល​ផ្ដល់​ឲ្យ​ដោយ​គណៈ​មេធាវី។

បុរស​ជា​ជន​ជាប់​ចោទ​មិន​អាច​ឆ្លើយ​ប្រាប់​ពី​ការ​យល់​ឃើញ​របស់​ខ្លួន​ដល់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី អំពី​ការ​កាត់​សេចក្ដី​នេះ​បាន​ទេ ដោយ​កង​សន្តិសុខ​បណ្ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​បិទ​ជិត​យ៉ាង​ប្រញាប់ប្រញាល់​បន្ទាន់​ពី​ប្រកាស​សាលក្រម​រួច។

ភរិយា​របស់​បុរស​ជា​ទណ្ឌិត​ឈ្មោះ ផង់ សីហា លោកស្រី ម៉ៅ សុភ័ក្ត្រ និង​កូន មក​ចូល​រួម​ស្ដាប់​តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ប្ដី​របស់​លោកស្រី នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៦។
ភរិយា​របស់​បុរស​ជា​ទណ្ឌិត​ឈ្មោះ ផង់ សីហា លោកស្រី ម៉ៅ សុភ័ក្ត្រ និង​កូន មក​ចូល​រួម​ស្ដាប់​តុលាការ​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ប្ដី​របស់​លោកស្រី នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៦។ (RFA/Khe Sonorng)

ជន​ជាប់​ចោទ ផង់ សីហា ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​សរសេរ​គំរាម​សម្លាប់ ដោយ​ចោទ​ប្រកាន់​ថា លោក​បណ្ឌិត សុខ ទូច លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន ដោយ​បង្ហោះ​តាម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ជន​ជាប់​ចោទ​អះអាង​ថា ខ្លួន​បាន​ចែក​រំលែក (Share) បន្ត​ពី​គេ​ដើម្បី​បង្ហោះ​តែ​ប៉ុណ្ណោះ។

ភ្លាមៗ​នោះ ជន​សង្ស័យ​ត្រូវ​បាន​ត្រូវ​ប៉ូលិស​ខ្មែរ និង​ប៉ូលិស​ថៃ សហការ​គ្នា​ចាប់​ខ្លួន​បញ្ជូន​ពី​ក្រុង​ថេប ប្រទេស​ថៃ ក្នុង​ពេល​កំពុង​ធ្វើ​ការ ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។

ការ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច បាន​កើត​ឡើង​បន្ទាប់​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម បាន​ផ្ទុះ​ឡើង និង​ទំនង​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បកស្រាយ​របស់​លោក។ ក្រៅ​ពី​នេះ​អ្នកស្រី កុយ ពិសី ជា​អនុ​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ក៏​រង​ការ​ប្រមាថ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូច​គ្នា។

ពាក់ព័ន្ធ​នឹង​រឿង​គំរាម​សម្លាប់​តាម​ហ្វេសប៊ុក​នេះ​ដែរ កាល​ពី​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​ដោះលែង​ឲ្យ​យុវជន​ឈ្មោះ តៅ សាវឿន ដែល​គំរាម​ដាក់​គ្រាប់បែក​សម្លាប់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​កាត់​ទោស​រយៈពេល ១៥​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​តែ ១​ខែ។

ទាក់ទង​នឹង​ការ​គំរាម​សម្លាប់ និង​ប្រមាថ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃ​ក្នុង​ក្រសួង​មហាផ្ទៃ ក៏​បាន​ឃាត់​ខ្លួន​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ទៅ​សាកសួរ​អស់​ជា​ច្រើន​ម៉ោង បន្ទាប់​ពី​នាង​បង្ហោះ​រូបភាព​ប្រមាថ​លោក ហ៊ុន សែន កាត់​ត​រូបភាព​លោក ហ៊ុន សែន ដេក​ក្នុង​មឈូស តែ​ត្រូវ​បាន​ដោះលែង​វិញ​ក្រោយ​ពី​សាកសួរ។

នៅ​ក្នុង​ខែ​កុម្ភៈ នេះ តុលាការ​ខេត្ត​កំពង់ធំ បាន​ដោះ​លែង​យុវជន​ម្នាក់​ឈ្មោះ ម៉ាន់ សំអ៊ាន់ ពាក់ព័ន្ធ​ករណី​គំរាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម ដោយ​បញ្ជា​ឲ្យ​ឈប់​ប្រើ​គណនេយ្យ​ហ្វេសប៊ុក របស់​ខ្លួន​បន្ត​ទៀត។

ដោយ​ឡែក​ជុំវិញ​ការ​ដែល​គំរាម​សម្លាប់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូច​គ្នា​ដែរ​នោះ តុលាការ​នៅ​មិន​ទាន់​ចាត់ការ​រក​ជន​ល្មើស​បាន​នៅ​ឡើយ ទោះ​បី​ជា​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។