តុលាការសម្រេចឃុំខ្លួនឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ នៅពន្ធនាគារព្រៃស នៅថ្ងៃទី៧ ធ្នូ បន្ទាប់ពីការសាកសួរអស់មួយថ្ងៃកន្លះ។ ប៉ុន្តែភរិយា និងប្អូនប្រុសបង្កើតលោក ថោង សារ៉ាត់ តុលាការសម្រេចឲ្យនៅក្រៅឃុំក្រោមហេតុផលថា អ្នកទាំងពីរមិនជាប់ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
ក្នុងពេលដែលសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ឪពុកម្ដាយលោកឧកញ៉ា ថោង សារ៉ាត់ បានញញឹមស្វាគមន៍ការឃុំខ្លួន និងលើកឡើងថា ចំណាត់ការនេះគឺតុលាការធ្វើត្រឹមត្រូវល្អណាស់តាមនីតិវិធី។ គាត់បាននិយាយជាមួយអ្នកកាសែត បន្ទាប់ពីចៅក្រមស៊ើបសួរ លោក ស្វាយ តុញ បានសាកសួរគាត់នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា។
ក្រៅពីសុំទោសលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ទាំងអ្នកស្រី កែវ សារី និងលោក ថោង ចំរើន មិនប្រាប់ឲ្យដឹងថា ការសាកសួរកន្លងមកនេះ តុលាការចោទសួររឿងអ្វី និងចោទប្រកាន់ពីរឿងអ្វីនោះទេ។ ប៉ុន្តែមូលហេតុការនាំរហូតដល់ការឃុំខ្លួននេះ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា ពួកគេព្យាយាមដើម្បីរារាំងការស៊ើបអង្កេតរបស់សមត្ថកិច្ច និងលាក់អាវុធខុសច្បាប់។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស្វាយ តុញ និងមេធាវីការពារក្តីគ្រួសារឧកញ៉ា ថោង សារ៉ាត់ គឺលោកមេធាវី ចុង អៀវហេង បានទេ នៅថ្ងៃទី៧ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។