ជនរងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ តាត ម៉ារីណា នៅ​តែ​ចង់​រក​យុត្តិធម៌

0:00 / 0:00

រហូត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល ១៥​ឆ្នាំ​ហើយ​នៃ​ឧក្រិដ្ឋកម្ម​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​បំផ្លាញ​សម្ផស្ស​អតីត​តារា​ខារ៉ាអូខេ អ្នកស្រី តាត ម៉ារីណា ពី​សំណាក់​ជន​ដៃដល់​ឈ្មោះ ឃួន សុផល ដែល​ជា​ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​ទឹក​អាស៊ីដ​ប្ដេជ្ញា​ថា​នៅ​តែ​បន្ត​រក​យុត្តិធម៌។

ទោះបីជា​ពេល​វេលា​បាន​កន្លង​ផុត​ទៅ​ដ៏​សែន​លឿន​ក្នុង​រយៈពេល ១៥​ឆ្នាំ​មក​នេះ​ក៏​ពិត​មែន ប៉ុន្តែ​ការ​ឈឺ​ចុក​ចាប់​លើ​រាងកាយ លើ​ផ្ទៃមុខ និង​ការ​ឈឺ​ចុកចាប់​ខាង​ផ្លូវ​ចិត្ត​របស់​អ្នកស្រី តាត ម៉ារីណា នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត នៅ​តែ​ជា​ស្រមោល​អន្តកាល​ដ៏​ខ្មៅ​ងងឹត និង​នៅតែ​ជា​ដុំ​ភ្លើង​ដ៏​ក្ដៅ​ងំ​ក្នុង​ទ្រូង​ដែល​មិន​អាច​ពន្លត់​បាន​ នៅ​ពេល​ដែល​ជន​ដៃដល់​នៅ​មិន​ទាន់​ត្រូវ​បាន​នាំ​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

​ពី​ទីក្រុង​បូសស្តុន (Boston) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក អ្នកស្រី តាត ម៉ារីណា ដែល​មាន​វ័យ ៣១​ឆ្នាំ​ហើយ មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា អ្នកស្រី​នៅ​តែ​បន្ត​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង​ផង ក៏​ដូចជា​សម្រាប់​ជនរងគ្រោះ​ដទៃ​ទៀត​ដែល​បាន​រង​ការ​ឈឺ​ចាប់ ឬ​ការ​សម្លាប់​ដោយ​អំពើ​និទ្ទណ្ឌភាព​ផង៖ «ក្នុង​រយៈពេល ១៥​ឆ្នាំ​នេះ ខ្ញុំ​នៅ​តែ​បន្ត​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ខ្ញុំ និង​សម្រាប់​ប្រជាជន​ដែល​គាត់​រស់​នៅ​ស្រុក​ខ្មែរ ហើយ​គ្រាន់តែ​ថា​សូម​ឲ្យ​តុលាការ​រក​យុត្តិធម៌ និង​ការពារ​ជនរងគ្រោះ និង​ដាក់​ទោស​ដល់​ជនល្មើស​គ្រប់​រូប​ទាំង​អស់​ឲ្យ​សក្ដិសម​នឹង​ទោស​កំហុស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត»

​ទោះបីជា​មានការ​វះកាត់​ជា​ច្រើន​លើក​ច្រើន​សា​ដោយ​ពេទ្យ​ជំនាញៗ ក្នុង​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​ផ្ទៃ​មុខ​របស់​អ្នកស្រី តាត ម៉ារីណា មិន​អាច​វិល​ទៅ​រក​ភាព​ដើម​វិញ​បាន​នោះ​ឡើយ។ ស្លាកស្នាម​ទាំង​នេះ​នៅ​តែ​ធ្វើ​ឲ្យ​អ្នកស្រី​នឹក​ឃើញ​ដល់​ព្រឹត្តិការ​ដ៏​រន្ធត់​កាល​ពី ១៥​ឆ្នាំ​មុន នៅ​ពេល​អ្នកស្រី​មាន​វ័យ ១៦​ឆ្នាំ ដែល​ជា​តារា​ខារ៉ាអូខេ​ដ៏​ស្រស់​ស្អាត បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ​ខ្លាំង យ៉ាង​ជោកជាំ​ពេញ​រាងកាយ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ពី​សំណាក់​ឧក្រិដ្ឋជន​មួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ឃួន សុផល ប្រពន្ធ​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

​ងាក​ទៅ​ព្រឹត្តិការណ៍​នៃ​ឧក្រិដ្ឋកម្ម​នោះ​បន្តិច។ ជនរងគ្រោះ​អ្នកស្រី តាត ម៉ារីណា អះអាង​ថា ឃួន សុផល បាន​ទាញ​សក់​របស់​នាង​អូស​ពី​លើ​កៅអី​ធ្លាក់​មក​នឹង​ដី ហើយ​ធាក់​ជា​ច្រើន​ជើង។ ពេល​នោះ​អង្គរក្ស​របស់ ឃួន សុផល បាន​លោត​ធាក់ ម៉ារីណា ហើយ​ចាប់​អុក​នឹង​ជង្គង់​ជា​ច្រើន​ដង​ដែល​បណ្ដាល​ឲ្យ ម៉ារីណា ហូរ​ឈាម​តាម​ច្រមុះ​ហើយ​សន្លប់​បាត់​ស្មារតី។ នៅ​ពេល​ដឹង​ខ្លួន​ឡើង​វិញ ម៉ារីណា មាន​អារម្មណ៍​ហាក់​ដូចជា​គេ​យក​ទឹក​ក្តៅ​ទៅ​ចាក់​ស្រោច​មក​លើ​ខ្លួន តាម​ពិត​នោះ​គឺ​ជា​​ទឹក​​អាស៊ីដ​ខ្លាំង​សោះ។

ក្នុង​សំឡេង​ញ័រៗ​ទាំង​អួល​ដើមក អ្នកស្រី តាត ម៉ារីណា មាន​ប្រសាសន៍​​ទាំង​រំជួលចិត្ត​ថា ពេល​អ្នកស្រី​ឆ្លុះ​កញ្ចក់​ម្តងៗ អ្នកស្រី​តែង​ស្រមៃ​ឃើញ​ហេតុការណ៍​នៃ​ឧក្រិដ្ឋកម្ម​កាល​ពី​អតីតកាល​ភ្លាម៖ «នៅ​តែ​ដិត​ជាប់​ក្នុង​ខ្លួន​អ៊ីចឹង ព្រោះ​អី​ស្លាកស្នាម​នៅ​លើ​ខ្លួន​ខ្ញុំ និង​នៅ​លើ​រាងកាយ​ខ្ញុំ​វា​នៅ​មាន​នៅ​ឡើយ។ ម៉្លោះ​ហើយ​រឿង​អតីតកាល​វា​នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ​អស់​មួយ​ជីវិត។ វា​មិន​រសាយ​ទេ វា​មិន​អាច​បាត់​បង់​ទៅ​បាន​ទេ។ ប្រសិនបើ​ស្លាកស្នាម​នេះ​វា​បាត់បង់​ទៅ​មែន រឿង​អតីតកាល​ក៏​វា​អាច​រលាយ​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ​នេះ​វា​មិន​បាន​បាត់​ទៅ​ណា​ទេ គឺ​វា​ដិត​ជាប់​លើ​ខ្លួន​ប្រាណ​របស់ខ្ញុំ​ហ្នឹង គឺ​ការ​ចងចាំ​វា​នៅ​ជាប់​រហូត គឺ​មិន​អាច​បំបាត់​បាន​ទេ។ ទោះបី​ខំ​ទៅ​និយាយ​ជាមួយ​វេជ្ជបណ្ឌិត​ព្យាបាល​ផ្លូវ​ចិត្ត​ក៏ដោយ វា​ជា​មែន ប៉ុន្តែ​នៅ​ពេល​សម្លឹង​ឃើញ​ស្លាកស្នាម​នៅ​លើ​ខ្លួន​គឺ​ឃើញ​អតីតកាល​រហូត»

ទូរទស្សន៍​អប្សរា​របស់​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ​២០១១ បាន​ចុះ​ផ្សាយ​សម្ដី​របស់​អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក ជីវ កេង ថា សមត្ថកិច្ច​កម្ពុជា បាន​ធ្វើ​កិច្ចការ​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទៅ​តាម​ផ្លូវច្បាប់​គ្រប់​ជ្រុងជ្រោយ៖ «ករណី​ជះ​ទឹក​អាស៊ីដ​លើក​កញ្ញា តាត ម៉ារីណា នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ធ្វើ​ការ​ជំនុំជម្រះ​ចប់​សព្វគ្រប់​អស់​ហើយ តាម​សាលក្រម​លេខ ៧៨.ជ ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ហើយ​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ ហើយ​សម្រេច​ផ្ដន្ទាទោស​ជនល្មើស​ឈ្មោះ ឃួន សុផល រយៈពេល​មួយ​ឆ្នាំ ហើយ​ព្យួរ​ទោស​ដោយ​សាកល្បង​រយៈពេល ៥​ឆ្នាំ។ អ៊ីចឹង​មាន​ការ​អនុវត្ត​ចប់​សព្វគ្រប់​អស់​ហើយ»

ទោះបីជា​មានការ​អះអាង​របស់​លោក ជីវ កេង បែប​នេះ​ក្តី ប៉ុន្តែ​ជន​រងគ្រោះ អ្នកស្រី តាត ម៉ារីណា និង​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​អះអាង​ថា ពួកគេ​មិន​ដែល​ឃើញ​ជន​ដៃដល់ និង​បក្សពួក​ត្រូវ​ជាប់គុក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មាន​អះអាង​ថា ករណី​ជះ​ទឹក​អាស៊ីដ​លើ​អ្នកស្រី តាត ម៉ារីណា បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​អាជ្ញាយុកាល​នៃ​ទោស​របស់​ជន​ដៃ​ដល់​ក៏​បាន​ផុត​រលត់​ដែរ៖ «តុលាការ​គេ​ព្យួរទោស​ប្រាំ​ឆ្នាំ។ រឿង​នេះ​ជា​សមត្ថកិច្ច​របស់​តុលាការ​សុទ្ធសាធ។ រឿង​នេះ​ដូចជា​ចប់​អាជ្ញាយុកាល​ទៅ​ហើយ​ដែរ​ទេ។ ខ្ញុំ​គិត​ថា សាមី​ខ្លួន​អាច​ប្ដឹង​ទៅ​ឧទ្ធរណ៍​ក៏ដោយ ឬ​មិន​ប្ដឹង​ក៏ដោយ តែ​វា​មិន​មែន​ជា​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​នោះ​ឡើយ»

​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក ចាន់ សុវ៉េត មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) មាន​ប្រសាសន៍​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​លោក​ទទួល​អនិច្ចកម្ម​ថា អ្នកស្រី តាត ម៉ារីណា និង​ក្រុម​គ្រួសារ​នៅ​តែ​អាច​ប្ដឹង​សើរើ​ករណី​ឧក្រិដ្ឋកម្ម​មួយ​នេះ​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត ហើយ​ថា សមាគម​ការពារ​សិទ្ធិមនុស្ស អាច​មាន​លទ្ធភាព​ស្វែង​រក​មេធាវី​ផ្ដល់​ជូន ពីព្រោះ​សំណុំរឿង​ព្រហ្មទណ្ឌ​ដូច្នេះ​នៅ​មិន​ទាន់​ផុត​អាជ្ញាយុកាល​នោះ​ទេ។

​លោក ចាន់ សុវ៉េត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​នីតិវិធី​របស់​សមត្ថកិច្ច​កម្ពុជា បណ្ដោយ​ឲ្យ​ឧក្រិដ្ឋកម្ម​កម្រិត​ធ្ងន់​មួយ​នេះ​ក្លាយ​ទៅ​ជា​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដោយសារ​ជន​ដៃ​មិន​ត្រូវ​បាន​នាំ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​តុលាការ​នោះ​ឡើយ។

លោក ចាន់ សុវ៉េត៖ «ទាក់ទង​រឿង​កញ្ញា តាត ម៉ារីណា នេះ​គឺ​រឿង​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​យក​ទឹក​អាស៊ីដ​ទៅ​ជះ​ដែល​ធ្វើ​ឲ្យ​គ្នា​ពិការភាព​រហូត​ដល់​ថ្ងៃ​នេះ។ ខ្ញុំ​ហាក់​ដូចជា​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​សម្រាប់​ដំណើរការ​នៃ​នីតិវិធី​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ពេញលេញ​តាម​ផ្លូវ​ច្បាប់ បណ្ដែតបណ្ដោយ​រឿង​ហ្នឹង​ឲ្យ​ទៅ​ជា​និទ្ទណ្ឌភាព​ដោយ​មិន​បាន​អនុវត្ត​​ច្បាប់​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ចាប់​ជន​ល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ វា​អត់​មាន​បាទ! ព្រោះ​តាម​ពិត​ទៅ​ករណី​ហ្នឹង បើ​តាម​អ្វី​ដែល​​ជា​ការ​ដឹង​ខ្លះៗ និង​តាម​រយៈ​ព័ត៌មាន គឺ​ជនល្មើស​ក្នុងស្រុក​ទេ មិន​មែន​នៅ​ឆ្ងាយ​ទេ។ គ្រាន់តែ​ថា អ្នក​ហ្នឹង​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​មាន​អំណាច​នៅ​ក្នុង​ប្រទេស​អី​អ៊ីចឹង។ អ៊ីចឹង​ប្រសិនបើ​ប្រទេស​យើង​បណ្ដែតបណ្ដោយ​រឿង​ហ្នឹង​ឲ្យ​មាន​របៀប​អ៊ីចឹង​ត​ទៅ​ទៀត ខ្ញុំ​គិត​ថា អ្នករងគ្រោះ​គឺ​រង​ភាព​អយុត្តិធម៌​កាន់​តែ​ខ្លាំង​ទៅៗ និង​ច្រើន​ទៅៗ ដែល​ពិបាក​ឲ្យ​តម្លៃ​ថា ជា​ប្រទេស​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ»

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ចាត់​ទុក​ឧក្រិដ្ឋកម្ម​ជះ​ទឹក​អាស៊ីដ​មក​លើ​អ្នកស្រី តាត ម៉ារីណា ជា ឃាតកម្ម​គិត​ទុក​ជា​មុន។

មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​​គឺ​ជា​អំពើ​សម្លាប់​មនុស្ស​គិត​ទុក​ជា​មុន​ដោយ​ការ​ពួន​ស្ទាក់ ការ​រៀបចំ​គម្រោង និង​ជា​ការ​ឃ្លាំចាំ​បុគ្គល​ណា​ម្នាក់​ក្នុង​មួយ​រយៈពេល ដើម្បី​ប្រព្រឹត្ត​អំពើ​បៀតបៀន​ទៅ​លើ​រូប​បុគ្គល​នៃ​ជនរងគ្រោះ។ ឃាតកម្ម​គិតទុក​ជាមុន​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

​ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត អះអាង​ថា ជនរងគ្រោះ​នៅតែ​អាច​បន្ត​ប្ដឹង​សើរើ​លើ​សំណុំរឿង​ជះ​ទឹក​អាស៊ីដ​ខ្លាំង​នេះ​បាន​ដោយសារ​ការ​កាត់​សេចក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ កន្លង​មក​មិន​បាន​ជូន​ដំណឹង​ដល់​ជនរងគ្រោះ ឬ​សាច់ញាតិ​ជន​រងគ្រោះ។

​ជុំវិញ​បញ្ហា​នេះ អ្នកស្រី តាត ម៉ារីណា ដែល​សព្វថ្ងៃ​មាន​កូន​ពីរ​នាក់ (ប្រុស​ម្នាក់​ស្រី​ម្នាក់) ក្នុង​បន្ទុក​អះអាង​ថា អ្នកស្រី​នៅតែ​ប្ដេជ្ញា​រក​យុត្តិធម៌​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ជនរងគ្រោះ​ផ្សេង​ទៀត។ អ្នកស្រី​បន្ត​ថា អ្នកស្រី​នឹង​ប្ដឹង​សើរើ​ករណី​នេះ​ទៅ​សាលាឧទ្ធរណ៍​នៅ​ពេល​ណា​អ្នកស្រី​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ។

​អ្នកស្រី​បន្ត​ថា​ទោះបីជា​អ្នកស្រី​រង​ការ​ឈឺ​ចាប់​ខាង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ក៏​ពិត​មែន ប៉ុន្តែ​ការ​ឈឺ​ចាប់​នោះ​មិន​បាន​ធ្វើ​ឲ្យ​អ្នកស្រី​បរាជ័យ​ក្នុង​ឆាក​ជីវិត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ វា​កាន់តែ​ធ្វើ​ឲ្យ​អ្នកស្រី​រឹង​មាំ និង​តស៊ូ​ដើម្បី​ស្រេច​គោលដៅ​ធំ​របស់​អ្នកស្រី​ទៅ​ថ្ងៃ​អនាគត ដែល​អ្នកស្រី​ចង់​ធ្វើ​ជា​វេជ្ជបណ្ឌិត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។