មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រិះគន់ថា រដ្ឋាភិបាលនៅតែបន្តបង្ក្រាបក្រុមអ្នកតវ៉ា ដើម្បីសេរីភាព និងការបញ្ចេញមតិជាសាធារណៈ ដោយមិនបន្ធូរដៃ ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៤ មកទល់សព្វថ្ងៃ។
សេចក្ដីសង្ខេបព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយ នៅថ្ងៃទី២៦ ឧសភា លើកឡើងថា ការចាប់ខ្លួនបុគ្គលិកនិងសមាជិក ៨នាក់ របស់សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ (C-CAWDU) បញ្ជូនទៅតុលាការខេត្តតាកែវ នៅចុងសប្ដាហ៍នេះ គឺជាផ្នែកមួយនៃយុទ្ធនាការក្នុងការបង្ក្រាបក្រុមអ្នកតវ៉ាដើម្បីសេរីភាព និងការបញ្ចេញមតិជាសាធារណៈដោយឥតបង្អង់ដៃ។
សេចក្ដីសង្ខេបព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សរសេរថា៖ «ការចាប់និងឃុំខ្លួនសមាជិក និងថ្នាក់ដឹកនាំសហជីព ទាំង ៨ គឺជាសកម្មភាពនៃបរបទប្រព័ន្ធដ៏ទូលំទូលាយមួយ ក្នុងការបង្ក្រាបកម្មករ និងសហជីព តាំងពីខែមករា ឆ្នាំ២០១៤ មក។ នេះជាការរំលោភបំពានកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកដំឡើងសិទ្ធិសេរីភាពបញ្ចេញមតិ និងការបង្កើតសមាគម»។
សេចក្ដីសង្ខេបព័ត៌មានបន្តថា ៖ «មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តែងទទួលព័ត៌មានថា ការសុំចុះបញ្ជីឈ្មោះសហជីពត្រូវបានព្យួរចោល ហើយសមាជិកសហជីពមួយចំនួនត្រូវបានកាត់ទោស ដោយសារធ្វើសកម្មភាពការពារសិទ្ធិការងាររបស់ខ្លួន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលបានភ្លាមៗ នៅថ្ងៃទី២៦ ឧសភា ដើម្បីសុំការឆ្លើយតបទៅនឹងសេចក្ដីសង្ខេបព័ត៌មានរបស់សិទ្ធិមនុស្សកម្ពុជានេះបានទេ។
សេចក្ដីសង្ខេបព័ត៌មានដដែល ធ្វើឡើងមួយថ្ងៃបន្ទាប់ពីតុលាការខេត្តតាកែវ កាលពីថ្ងៃទី២៥ ឧសភា បានចោទបុគ្គលិក និងសមាជិកសហជីពស៊ីខាវឌូ ទាំង ៨នាក់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទផ្ដើមគំនិតក្នុងការធ្វើឲ្យខូចខាតដោយចេតនា បទគំរាមកំហែងធ្វើឲ្យខូចខាត និងបទមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។ ក៏ប៉ុន្តែ តុលាការបានសម្រេចឲ្យអ្នកទាំង ៨នាក់ នៅក្រៅឃុំបណ្ដោះអាសន្ន។
បុគ្គលិកនិងសមាជិកសហជីពស៊ីខាវឌូ ទាំង ៨នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកម្មកររោងចក្រមួយចំនួន ធ្វើបាតុកម្មអស់រយៈពេលប្រហែលមួយខែ ក្នុងអំឡុងខែឧសភា នេះ ដើម្បីទាមទារលក្ខខណ្ឌការងារឲ្យបានប្រសើរជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។