យុវជនកម្ពុជា ថាសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាច្បាប់បិទសិទ្ធិសេរីភាពយុវជនក្នុងការចូលរួមកិច្ចការសង្គម ហើយសេចក្តីព្រាងច្បាប់នេះ មិនទាន់ចាំបាច់សម្រាប់កម្ពុជា បច្ចុប្បន្នទេ។
មន្ត្រីជាន់ខ្ពស់នៃបក្សកាន់អំណាចលើកឡើងថា យុវជនទាំងនោះមិនទាន់ចេះអានអក្សរទៅវិញ ព្រោះថា សេចក្ដីព្រាងច្បាប់នេះមិនមែនជាច្បាប់បិទសិទ្ធិសេរីភាពនោះឡើយ បើសិនជាយុវជនអានសេចក្ដីព្រាងច្បាប់នេះឲ្យបានល្អិតល្អន់។ ទន្ទឹមនឹងនេះដែរ មន្ត្រីសង្គមស៊ីវិលនិយាយថា យុវជន គឺជាសំឡេងឆ្នោតដែលគ្រប់គណបក្សនយោបាយ មិនអាចមើលរំលងបានឡើយ។
យុវជនកម្ពុជា ជាច្រើនថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីកង្វល់របស់យុវជនលើសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៣០ មិថុនា នាទីក្រុងភ្នំពេញ លើកឡើងថា កម្ពុជា ត្រូវការយុវជនជាស្នូលសំខាន់ក្នុងការអភិវឌ្ឍសង្គម ម៉្លោះហើយការបង្កើតច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងក្លាយជាឧបសគ្គធំក្នុងការចូលរួមកិច្ចការសង្គមរបស់យុវជនកម្ពុជា នាពេលអនាគត។
ការលើកឡើងរបស់ក្រុមយុវជននេះ នៅខណៈដែលក្រុមយុវជនជាច្រើនបានចូលរួមកិច្ចការសង្គមយ៉ាងសស្រាក់សស្រាំ ដូចជាពួកគេបានចូលរួមទប់ស្កាត់ការកាប់ព្រៃឈើ ការចូលរួមធ្វើសកម្មភាពតវ៉ាពីការរំលោភសិទ្ធិមនុស្ស និងកិច្ចការពារបរិស្ថាន ជាដើម។
និស្សិតបញ្ចប់ផ្នែកទស្សនវិជ្ជានៃសាកលវិទ្យាល័យរដ្ឋមួយ និងជាសមាជិកសភាយុវជនត្រាប់ កញ្ញា កុប ច័ន្ទណាំ និយាយថា កម្ពុជា ត្រូវការច្បាប់ជាច្រើនដើម្បីភាពរីកចម្រើននៃជីវភាព និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដូចជា ច្បាប់ស្ដីពីការគាំពារមនុស្សចាស់ជរាគ្មានទីពឹង និងច្បាប់ ប៉ុន្តែមិនមែនច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ កញ្ញាបន្ថែមថា រដ្ឋាភិបាលចូលចិត្តធ្វើអ្វីខុសពីលទ្ធិសង្គមប្រជាធិបតេយ្យ ដោយគិតថាប្រជាពលរដ្ឋល្ងង់មិនចេះស្នើនឹងខ្លួន៖ «តែខ្ញុំនៅក្នុងសេចក្តីព្រាងច្បាប់ហ្នឹង គ្មានចំណុចណាមួយដែលធ្វើឲ្យសង្គមមានការរីកចម្រើននោះទេ។ មើលឃើញថា ច្បាប់ហ្នឹងមិនទាន់មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាននោះឡើយ»។
និស្សិតមួយរូបទៀតសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យរដ្ឋមួយនាទីក្រុងភ្នំពេញ លោក ហេង គឹមហុង បញ្ចេញមតិថា យុវជននឹងនាំគ្នាតវ៉ាដល់នាទីចុងក្រោយ មិនបណ្តោយឲ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោក ហ៊ុន សែន ធ្វើអ្វីស្រេចតែចិត្តនឹកឃើញនោះទេ។ លោកបន្តថា ក្នុងសង្គមប្រជាធិបតេយ្យ អ្នកដឹកនាំប្រទេសចាប់យកអង្គការសង្គមស៊ីវិលជាដៃគូក្នុងការអភិវឌ្ឍ និងយកប្រជាជនជាម្ចាស់ ព្រោះប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តដ៏ធំនៅពេលបោះឆ្នោត មិនមែនមិនឲ្យតម្លៃចំពោះពលរដ្ឋអ៊ីចឹងទេ៖ «ធ្វើបែបណាមួយដែលសមស្រប ដូចធ្វើការថ្កោលទោសចំពោះគណបក្សនយោបាយ ការមិនគាំទ្រតាមរយៈសន្លឹកឆ្នោត មិនទទួលស្គាល់នូវច្បាប់ហ្នឹង មានន័យថា ច្បាប់ហ្នឹងមានប្រយោជន៍សម្រាប់តែរដ្ឋាភិបាល ប៉ុន្តែមិនបម្រើប្រយោជន៍ប្រជាជននោះទេ»។
ក្រុមយុវជនទាំងនេះមិនខុសពីមន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើយុទ្ធនាការប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ ពួកគេបានព្រមានថា បើសិនជាគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាណាមួយលើកដៃអនុម័តសេចក្ដីព្រាងច្បាប់នេះ ពួកគេនឹងមិនបោះឆ្នោតជូននោះឡើយនៅពេលខាងមុខ។

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ និយាយថា សេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ មិនមានការរឹតត្បិតសិទ្ធិសេរីភាពនោះទេ។ មិនមានការរឹតត្បិតសិទ្ធីសេរីភាព ព្រោះច្បាប់នេះបង្កើតឡើងក្នុងគោលដៅការពារប្រយោជន៍របស់ប្រជាជន និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ លោកបន្តថា ការសម្រេចចិត្តក្នុងការបោះឆ្នោត គឺជាសិទ្ធិរបស់បុគ្គល ម៉្លោះហើយ យុវជនអាចសម្រេចចិត្តដោយខ្លួនគ្មានពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះបន្តិចសោះឡើយ៖ «យុវជនជាអ្នកនិយាយហ្នឹងប្រហែលមិនទាន់ចេះអក្សរខ្មែរអស់ គួរតែយកអាមាត្រា៥ ហ្នឹង អានឲ្យបាន ១០ដង ហើយមួយដងមួយម៉ាត់មួយម៉ាត់»។
រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ វិញ លោក យឹម សុវណ្ណ គាំទ្រចំពោះការលើកឡើងរបស់យុវជនទាំងនោះ។ មន្ត្រីគណបក្សសង្គ្រោះជាតិ នឹងជជែកពិភាក្សាជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ដោយប្រឆាំងដាច់ខាតមិនឲ្យរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់នេះទេ៖ «សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ថា គណបក្សសង្គ្រោះជាតិ មិនគាំទ្រច្បាប់នេះទេ ដរាបណាសេចក្តីព្រាងច្បាប់នេះនៅតែមានចំណុចដូចក្នុងរដ្ឋសភា។ យើងនឹងថ្លឹងថ្លែង និងពិនិត្យពិចារណា ហើយឥឡូវនេះមិនទាន់ដល់ដំណាក់កាលនោះទេ។ យើងមានគណៈកម្មាធិការចំនួន៣ ក្នុងរដ្ឋសភា ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងពេលឆាប់ៗនេះ។ អនុប្រធាននៃគណៈកម្មាធិការ និងសមាជិកដែលមកពីគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាគ្នាជាមុនសិន មុននឹងមានជំហរផ្សេងទៀត»។
ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ និងសន្តិភាព លោក យង់ គិមអេង លើកជាចម្ងល់ថា ហេតុអ្វីរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិ លោក ហ៊ុន សែន មិនសូវខ្វល់ពីមតិប្រជាពលរដ្ឋជាធំអ៊ីចឹង? លោកពន្យល់ថា តម្រូវការនៃច្បាប់ក្នុងសង្គមជាច្រើនដែលពលរដ្ឋខ្មែរត្រូវការ ប៉ុន្តែរដ្ឋាភិបាលមិនបង្កើត បែរជាមកបង្កើតច្បាប់មួយដែលមានលក្ខណៈបិទសំឡេងខាងអង្គការសង្គមស៊ីវិល និងពលរដ្ឋទៅវិញ៖ «នៅក្នុងរដ្ឋធម្មនុញ្ញគេប្រាប់ឲ្យមានការអនុម័តច្បាប់ស្ដីពីសមាជជាតិដែរហ្នឹង ចុះម៉េចក៏មិនព្រមធ្វើដែរទៅបាទ ព្រោះថា ច្បាប់ហ្នឹងវាសំខាន់ វាពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចទំនាក់ទំនងនឹងតំណាងរបស់ខ្លួន ដឹងឮយល់គ្នាទៅវិញទៅមក ចុះហេតុអ្វីមិនបង្កើត? នេះជាអ្វីដែលយើងចង់សួរដែរបាទ»។
ជំពូកទី៣ ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមាត្រា៤២ នៃច្បាប់រដ្ឋធម្មនុញ្ញវាក្យខណ្ឌទី១ និងទី២ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមក ការពារសមិទ្ធផលជាតិ និងសណ្ដាប់ធ្នាប់សង្គម។ រីឯមាត្រា៣៦ វាក្យខណ្ឌទី៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលរួមជាសមាជិកសហជីពនេះ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បង្ហាញថា មានសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងសហជីពប្រមាណជាង ៥ពាន់ស្ថាប័ន។
យុវជនកម្ពុជា និងមន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទទូចឲ្យរដ្ឋសភា បញ្ឈប់គំនិតចង់អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រោះច្បាប់នេះគ្មានប្រយោជន៍អ្វីក្រៅពីបិទសិទ្ធិយុវជន កុំឲ្យចូលរួមសកម្មភាពសង្គម និងគ្មានអ្វីក្រៅពីបិទសិទ្ធិបញ្ចេញមតិរបស់មន្ត្រីអង្គការសង្គមស៊ីវិល ក្នុងការរិះគន់រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន នោះទេ។ យុវជនកម្ពុជា និងមន្ត្រីសង្គមស៊ីវិលអះអាងថា ច្បាប់នេះបង្កើតឡើងក្នុងគោលដៅក្តោបក្តាប់អំណាចក្នុងដៃគណបក្សឈ្នះឆ្នោតតែប៉ុណ្ណោះ។
ទោះបីជាសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្លាយជាថ្នាំពុលសម្រាប់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលក៏ដោយ តែគេរង់ចាំមើលថា តើរដ្ឋសភានឹងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។