យុវជនខ្មែរមួយក្រុម គ្រោងហែក្បួនដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ពីរមណីយដ្ឋានវត្តភ្នំ យកញត្តិស្នាមមេដៃទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ ឲ្យស៊ើបអង្កេតករណីបាញ់សម្លាប់ពលរដ្ឋម្នាក់ និងអ្នករបួស ១ចំនួនទៀតនៅក្នុងព្រឹត្តិការណ៍បិទផ្លូវស្ពានអាកាសក្បាលថ្នល់ច្បារអំពៅ នៅថ្ងៃធ្វើមហាបាតុកម្ម។
នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយយុវជនស្ម័គ្រចិត្តនៅថ្ងៃទី១៤ ខែតុលា យុវជន ហេង សំណាង បានថ្លែងថា កាលពីថ្ងៃទី១១ ខែតុលា ពួកគេបានដាក់លិខិតជូនដំណឹងរៀបចំពិធីសម្ដែងមតិនៅរមណីយដ្ឋានវត្តភ្នំ ហើយហែញត្តិទៅសាលាដំបូង ប៉ុន្តែមន្ត្រីពីសាលារាជធានីអះអាងថា ពួកគេមានកំហុសផ្នែករដ្ឋបាល មិនអាចទទួលយកលិខិតទាំងនោះបាន។
យុវជនដដែលបានបន្តថា ទោះជាយ៉ាងណាពួកគាត់នៅតែធ្វើពិធីនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះម្នាក់ដែលបានស្លាប់ និងជាង ២០នាក់ទៀតរងរបួស ក្នុងព្រឹត្តិការណ៍បិទផ្លូវស្ពានអាកាសក្បាលថ្នល់ច្បារអំពៅ នៅថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
នាយកទីចាត់ការនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបដិសេធថា សាលារាជធានីនៅពុំទាន់បានឃើញការស្នើសុំហែក្បួនរបស់ក្រុមយុវជននោះទេ។ លោកថា បើមានការស្នើសុំលោកនឹងពិនិត្យសុំគោលការណ៍ពីថ្នាក់ដឹកនាំ។
កាលពីថ្ងៃទី១៧ ខែកញ្ញា អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមិន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) នៅទីក្រុងញីវយ៉ក សហរដ្ឋអាមេរិក ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតបន្ទាន់មួយនិងដោយឥតលំអៀងចំពោះករណីបាញ់សម្លាប់ប្រជាពលរដ្ឋឈ្មោះ ម៉ៅ សុខចន្ទ និងករណីបាញ់ឲ្យរបួសប្រជាពលរដ្ឋប្រមាណ ២៤នាក់ទៀត ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល កាលពីយប់ថ្ងៃទី១៥ កញ្ញា ក្នុងអំពើហិង្សារវាងអ្នកតវ៉ាបក្សប្រឆាំង និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាស និងសមត្ថកិច្ចដែលដាក់រនាំងលួសបន្លាបិទផ្លូវស្ពានអាកាសក្បាលថ្នល់ច្បារអំពៅ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់យុវជននេះ។ លោកបានលើកទឹកចិត្តឲ្យយុវជនបន្តធ្វើសកម្មភាពដើម្បីសង្គមរបៀបនេះបន្តទៀត ដើម្បីដាស់សតិអារម្មណ៍ដល់យុវជននិងបញ្ញវន្តទូទាំងប្រទេស។ លោកថានេះជាការសម្ដែងសុឆន្ទៈរបស់យុវជន។
នៅថ្ងៃប៉ះទង្គិចរវាងអ្នកធ្វើដំណើរឆ្លងកាត់ស្ពានអាកាសជាមួយសមត្ថកិច្ចដែលដាក់រនាំងលួសបន្លាបិទផ្លូវស្ពានអាកាសក្បាលថ្នល់ ប្រជាពលរដ្ឋ ៦នាក់ ត្រូវបានចាប់ខ្លួន ដោយតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបទធ្វើឲ្យខូចខាតដោយចេតនា។
នៅថ្ងៃទី១១ ខែតុលា តុលាការបានប្រកាសដោះលែង ៤នាក់ ឲ្យនៅក្រៅឃុំ ប៉ុន្តែនៅសល់មនុស្ស ២នាក់ទៀតដែលមិនទាន់ដោះលែង។ ទាក់ទងការឃុំខ្លួនប្រជាពលរដ្ឋនៅសល់ពីរនាក់ក្នុងពន្ធនាគារនេះ នៅថ្ងៃទី១៤ តុលា មេធាវីការពារក្ដីរបស់ប្រជាពលរដ្ឋទាំងនោះ បានប្ដឹងទៅឧទ្ធរណ៍ដើម្បីជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕