ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​រង​របួស​ធ្លាយ​ពោះ​ដោយ​គ្រាប់​កាំភ្លើង​ប៉ូលិស

បុរស​ជា​ជន​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់ បាន​រង​របួស​ធ្លាយ​ពោះ ដោយ​សារ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស នៅ​គ្រា​ដែល​សមត្ថកិច្ច​ប៉ូលិស​មាន​គ្នា ៤​នាក់ បាន​ចុះ​អនុវត្ត​ដីកា​ចាប់​ខ្លួន​ជន​សង្ស័យ ក្នុង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

0:00 / 0:00

លោកស្រី អុល សុវណ្ណ ត្រូវ​ជា​ប្រពន្ធ​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​កាំភ្លើង​របស់​ប៉ូលិស​នោះ បាន​បញ្ជាក់​ថា ប្ដី​របស់​គាត់​ឈ្មោះ ម៉េង ទ្រី អាយុ ៤៤​ឆ្នាំ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី។ លោកស្រី​បាន​រៀបរាប់​ថា កាល​ពី​វេលា​ម៉ោង ៤ និង ៣០​នាទី​ល្ងាច ថ្ងៃ​ទី១៥ ខែ​កុម្ភៈ មាន​កង​កម្លាំង​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​ចំនួន ៤​នាក់ បាន​ជិះ​ឡាន​ទៅ​ឈប់​នៅ​ខាង​មុខ​ផ្ទះ បន្ទាប់​មក​ក៏​ឮ​សំឡេង​ផ្ទុះ​អាវុធ​តែ​ម្ដង។

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល បាន​បញ្ជាក់​ថា ករណី​នេះ​ប៉ូលិស​ពុំ​បាញ់​ជន​សង្ស័យ​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​ចាប់​ខ្លួន​នោះ ប៉ូលិស​បាន​ចាប់​ជន​សង្ស័យ តែ​ជន​សង្ស័យ​រើ​ប្រតាយ​ប្រតប់​គ្នា ដើម្បី​រត់​គេច​ខ្លួន ហើយ​ក៏​មាន​ការ​រាល​កៃ​កាំភ្លើង​ផ្ទុះ​ត្រូវ​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។