រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី និងមន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា លោក ម៉ាក ដេវី (Marc Derveeuw) នៅថ្ងៃទី៤ ខែមេសា បានជូនដំណើរកងរក្សាសន្តិភាពកម្ពុជា ១៥២នាក់ឆ្ពោះទៅកាន់ប្រទេសស៊ូដង់ខាងត្បូង (South Sudan) ដើម្បីបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរយៈពេលមួយឆ្នាំ។
កងរក្សាសន្តិភាពចំនួន ១៥២នាក់ ដែលត្រៀមចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសស៊ូដង់ខាងត្បូងនោះ បានធ្វើសច្ចាប្រណិធានរួមគ្នាស្មោះត្រង់ចំពោះជាតិ និងព្រះមហាក្សត្រ និងប្ដេជ្ញាបំពេញបេសកកម្មនេះឲ្យបានជោគជ័យ។ នៅពេលនោះដែរ ព្រះសង្ឃចំនួន ៥អង្គ បានសូត្រមន្តបួងសួងឲ្យកងរក្សាសន្តិភាពកម្ពុជា ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជោគជ័យក្នុងបេសកកម្មខាងមុខនេះ។
នៅក្នុងចំណោមកងរក្សាសន្តិភាពទាំង ១៥២នាក់នោះ គឺចំនួន ៧៣នាក់ជាកងរាជអាវុធហត្ថ និង ៧៩នាក់ទៀតជាពេទ្យ។ កងរក្សាសន្តិភាពទាំងនេះចាកចេញនៅវេលាម៉ោង ១០យប់ ថ្ងៃទី៤ ខែមេសា ទៅជំនួសកងរាជអាវុធហត្ថ និងពេទ្យដែលចប់បេសកកម្មមួយឆ្នាំនៅប្រទេសស៊ូដង់ខាងត្បូង (South Sudan) ហើយត្រូវវិលត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី៦ ខែមេសា។
ភារកិច្ចសំខាន់ៗរបស់កងរក្សាសន្តិភាពចំនួន ១៥២នាក់នេះ គឺទៅរក្សាសណ្ដាប់ធ្នាប់សាធារណៈ ឆែកឆេរអាវុធគ្រឿងផ្ទុះ និងព្យាបាលអ្នកជំងឺ និងអ្នករងរបួសក្រោមបេសកកម្មមនុស្សធម៌អង្គការសហប្រជាជាតិ។ នេះជាឆ្នាំទី២ ហើយ ដែលក្រសួងការពារជាតិបានបញ្ជូនកងរក្សាសន្តិភាពទៅប្រទេសស៊ូដង់ខាងត្បូង ដែលទើបបានទទួលឯករាជ្យ ពីប្រទេសស៊ូដង់ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា កងរក្សាសន្តិភាពទាំងនេះ សុទ្ធតែបានជ្រើសរើស និងវាយតម្លៃអំពីគុណភាពនៃជំនាញវិជ្ជាជីវៈដោយអង្គការសហប្រជាជាតិ ក្រោយពីបានហ្វឹកហាត់ពីគ្រូបង្វឹកមកពីប្រទេសបារាំង (France) ឥណ្ឌា (India) ប្រទេសជប៉ុន (Japan) សហរដ្ឋអាមេរិក (U.S.A) និងប្រទេសចិន (China) ជាដើម។
លោក ទៀ បាញ់៖ «ជំនាញនេះគឺបន្ទាប់ពីការរៀនសូត្រហ្វឹកហ្វឺនហើយ វាមានស្តង់ដាររបស់គេ គេមានជំនាញ ហើយអង្គការសហប្រជាជាតិនេះឯងគេមកវាយតម្លៃ មកវាយតម្លៃ គេឲ្យពិន្ទុ គឺឃើញថា យើងគ្រប់លទ្ធភាពគ្រប់ស្តង់ដារហើយ ទើបគេទទួលស្គាល់ ទើបឲ្យចេញទៅប្រតិបត្តិការកិច្ចការងារនេះ»។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា លោក ម៉ាក ដេវី បានមានប្រសាសន៍ជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា កាលពី ២០ឆ្នាំមុន កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានមកជួយប្រទេសកម្ពុជា ឲ្យរួចផុតពីជម្លោះ ប៉ុន្តែថ្ងៃនេះឆ្នាំ២០១៣ កងរក្សាសន្តិភាពកម្ពុជា ទៅជួយប្រទេសស៊ូដង់ខាងត្បូង ឲ្យរួចផុតពីជម្លោះ។
លោក ម៉ាក ដេវី៖ «ការបំពេញការងាររបស់អ្នក និងផ្ដល់កិត្តិយសកេរ្តិ៍ឈ្មោះ ជូនព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយបានធ្វើពលីកម្មដើម្បីសន្តិភាព និងសន្តិសុខ និងមិត្តភាពតាមរយៈការចូលរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ»។
កងរក្សាសន្តិភាពកម្ពុជាម្នាក់ក្នុងចំណោម ១៥២នាក់ ឈ្មោះ ខុន ថាវិន អាយុ ២៥ឆ្នាំ បានមានប្រសាសន៍ថា កិច្ចការងាររបស់នាង គឺទៅជួយព្យាបាលអ្នកជំងឺ និងអ្នករងរបួសនៅប្រទេសស៊ូដង់ខាងត្បូងក្នុងបេសកកម្មមនុស្សធម៌របស់អង្គការសហប្រជាជាតិ៖ «នៅមន្ទីរពេទ្យខ្មែរកម្រិតនៅប្រទេសស៊ូដង់ខាងត្បូងយើង។ យើងទៅព្យាបាលមិនថា ប្រជាជននៅក្នុងស្រុក ឬក៏ជនបរទេសទេ ឲ្យតែបុគ្គលិកអង្គការសហប្រជាជាតិ យើងព្យាបាលទាំងអស់ ហើយក៏ជាមន្ទីរពេទ្យមនុស្សនៅទីនោះដែរ»។
ក្រសួងការពារជាតិកម្ពុជា បានបញ្ជូនកងរក្សាសន្តិភាពលើកដំបូងតាំងពីឆ្នាំ២០០៥ កន្លងមកទៅប្រទេសស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសឆាត (Chad) ប្រទេសអាហ្វ្រិកកណ្ដាល (Central Africa) ប្រទេសស៊ីរី (Syria) និងប្រទេសលីបង់ (Lebanon) ជាដើម។
រហូតដល់ពេលនេះ កម្ពុជានៅមានកងរក្សាសន្តិភាពនៅប្រទេសចំនួនតែ ៣ទេ គឺប្រទេសស៊ូដង់ខាងត្បូង ប្រទេសស៊ីរី និងប្រទេសលីបង់។ ក្រសួងការពារជាតិ កំពុងតែត្រៀមកងរក្សាសន្តិភាពចំនួន ៣កងទៀត ដើម្បីឆ្លើយតបតាមសំណើរបស់អង្គការសហប្រជាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។