ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែមិថុនា ប្រោសព្រះរាជទានគោរមងារជា "សម្ដេច" ដល់សមាជិកថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ២រូប គឺលោក ស ខេង លោក សាយ ឈុំ។ ចំណែកគណបក្សប្រឆាំងវិញ យល់ឃើញថា ការព្រះរាជទានគោរមងារ "សម្ដេច" ទៅឲ្យមន្ត្រីណាម្នាក់ គឺជាសិទ្ធិរបស់ព្រះមហាក្សត្រ។
លោក ស ខេង និងលោក សាយ ឈុំ គឺជាបុគ្គលទី៦ និងទី៧ ហើយដែលចេញមកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រខ្មែរប្រទានគោរមងារជា "សម្ដេច"។
លោក ស ខេង បច្ចុប្បន្នគឺជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានគោរមងារជា "សម្ដេចក្រឡាហោម ស ខេង"។ ចំណែកឯលោក សាយ ឈុំ ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាទទួលគោរមងារជា "សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ"។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របញ្ជាក់ថា លោក ស ខេង និងលោក សាយ ឈុំ គឺជាអ្នកដឹកនាំដ៏ឆ្នើមជាទីគោរពស្រឡាញ់របស់ប្រជារាស្ត្រ បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា បានកសាងនូវសន្តិភាព ស្ថិរភាព ឯកភាព សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ បានចូលរួមកសាងប្រព័ន្ធច្បាប់ការពារលទ្ធិប្រជាធិបតេយ្យ បានរក្សានូវឯករាជ្យជាតិ បូរណភាពទឹកដី មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិងគោរពព្រះពុទ្ធសាសនា ព្រមទាំងការពារយុត្តិធម៌សង្គម ដើម្បីនិរន្តភាពរាជានិយមជាដើម។
ចាប់តាំងពីឆ្នាំ១៩៩៣ មក ព្រះមហាក្សត្របានព្រះរាជទានគោរមងារដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា សរុបចំនួន ៧រូបហើយ ក្នុងនោះរួមមានសពលោក ជា ស៊ីម ដែលមានគោរមងារជា "សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម" លោក ហេង សំរិន ជា "សម្តេចអគ្គមហាពញាចក្រី ហេង សំរិន" លោក ហ៊ុន សែន ជា "សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន" លោក គង់ សំអុល ជា "សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល" ភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី មានគោរពងារជា "សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន" និងពេលនេះគឺ "សម្ដេចក្រឡាហោម ស ខេង" និង "សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ"។
ជុំវិញការប្រទានគោរមងារជា "សម្ដេច" ដល់លោក ស ខេង និងលោក សាយ ឈុំ នេះ ត្រូវបានគណបក្សសង្គ្រោះជាតិ លើកឡើងថា វាជាសិទ្ធិ និងជាព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា លោកមិនអាចធ្វើអត្ថាធិប្បាយចំពោះការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថា បែបណានោះទេ ចំពោះព្រះរាជទានគោរមងារដល់មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចពេលនេះ។ យ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថា ទង្វើរបស់មនុស្សគ្រប់រូបគឺមានគុណសម្បត្តិផង និងគុណវិបត្តិផង ហើយលោកថា ការវិនិច្ឆ័យទៅលើបុគ្គលអ្នកនយោបាយណាម្នាក់ថា ល្អ ឬ អាក្រក់នោះ វានឹងឆ្លុះបញ្ចាំងទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ៖ «ខ្ញុំយល់ឃើញថា អ្នកនយោបាយទាំងអស់ អ្នកដែលទទួលបាននូវតួនាទីទាំងអស់ ទទួលនូវតំណែងទាំងអស់ ខិតខំធ្វើនូវទង្វើល្អ ការពារផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋ រួមគ្នាដោះស្រាយបញ្ហា បង្កើតនូវវប្បធម៌មួយដែលមានសន្តិភាពប្រកបដោយយុត្តិធម៌ ហើយធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ មានការទុកចិត្តទៅលើអ្នកនយោបាយ»។
ការប្រោសព្រះរាជទានគោរមងារ "សម្ដេច" ដល់លោក ស ខេង និងលោក សាយ ឈុំ ដោយព្រះមហាក្សត្រនៅពេលនេះ ធ្វើឡើងមិនដល់មួយសប្ដាហ៍ផងក្រោយពីលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាទទួលមរណភាព និងក្រោយពីលោក សាយ ឈុំ ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាទទួលតំណែងពីសពលោក ជា ស៊ីម កាលពីថ្ងៃទី៩ ខែមិថុនា។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត រស់ រ៉ាវុធ កត់សម្គាល់ថា ការប្រទានគោរមងារដល់លោក ស ខេង និងលោក សាយ ឈុំ ក្នុងពេលនេះ គឺធ្វើឡើងដើម្បីឲ្យស្របទៅនឹងសភាពការណ៍ បន្ទាប់ពីលោក ជា ស៊ីម ទទួលមរណភាពប៉ុណ្ណោះ៖ «ការផ្ដល់គោរមងារនេះ គឺអាស្រ័យទៅលើព្រះមហាក្សត្រដែលលោកទតឃើញថា បុគ្គលណាដែលមានស្នាដៃសម្រាប់ជាតិ នោះលោកមានសិទ្ធិប្រគល់ នេះជាសិទ្ធិរបស់ព្រះមហាក្សត្រ»។
លោក ស ខេង គឺជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លំដាប់ទី៤ បន្ទាប់ពីសពលោក ជា ស៊ីម ដែលជាអតីតប្រធាន លោក ហ៊ុន សែន ជាអនុប្រធាន និងលោក ហេង សំរិន ជាប្រធានកិត្តិយស។ ការប្រទានគោរមងារ "សម្ដេច" ដល់លោក ស ខេង ខណៈដែលគណបក្សប្រជាជនកម្ពុជា កំពុងត្រៀមបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សក្នុងពេលខាងមុខនេះ ដែលអ្នកវិភាគមើលឃើញថា លោក ស ខេង អាចនឹងត្រូវគណបក្សជ្រើសរើសធ្វើជាអនុប្រធានបក្សជំនួសលោក ហ៊ុន សែន ដែលគេរំពឹងថា នឹងឡើងទៅកាន់តំណែងជាប្រធានបក្សបន្តពីសពលោក ជា ស៊ីម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។