សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស សម្ដែងក្តីព្រួយបារម្ភចំពោះការវិវឌ្ឍស្ថានការណ៍នយោបាយនៅកម្ពុជា ដែលរួមមាន ការតាមចាប់ខ្លួន លោក សម រង្ស៊ី ការដកតំណែង លោក កឹម សុខា អំពើហិង្សាលើអ្នកតំណាងរាស្ត្រ និងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង។ សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចរបស់ខ្លួនក្នុងការធានានូវសិទ្ធិសេរីភាពពេញលេញ ចំពោះការចូលរួមក្នុងជីវិតនយោបាយរបស់ពលរដ្ឋកម្ពុជា គ្រប់រូប។
ក្រុមតំណាងរាស្ត្រនៃសភាអាស៊ាន ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទប្រឆាំង លោក សម រង្ស៊ី និងធានាសុវត្ថិភាព ព្រមទាំងសេរីភាពជូនតំណាងរាស្ត្រ និងសកម្មជនគណបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍ចេញផ្សាយនៅរសៀលថ្ងៃទី៣០ វិច្ឆិកា របស់សភាអាស៊ាននេះ ហៅការធ្វើទុក្ខបុកម្នេញលើអ្នកតំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង ថាជាការបំផ្លាញពន្លកប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានសភាអាស៊ានផ្នែកសិទ្ធិមនុស្ស លោក ឆាលស៍ សេនទីអាហ្គូ (Charles Santiago) មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ការវិវឌ្ឍនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន គឺជាក្តីព្រួយបារម្ភរបស់សមាជិកសភានៅតំបន់អាស៊ីអាគ្នេយ៍៖ «ដើម្បីជាប្រយោជន៍ដល់កម្ពុជា និងប្រទេសនានាក្នុងតំបន់ សហគមន៍អន្តរជាតិ រួមទាំងអាស៊ានផង ត្រូវតែប្រាកដថា សកម្មភាពអស់ទាំងនេះមិនអាចទទួលយកបាននោះឡើយ។ ប្រសិនបើការដាក់សម្ពាធមិនអាចធ្វើអ្វីរដ្ឋាភិបាលកម្ពុជា បាន នោះមេដឹកនាំដទៃទៀតក្នុងតំបន់ ប្រាកដជាមិនញញើតនឹងប្រព្រឹត្តនូវទង្វើរំលោភបំពានបែបនេះឡើយ ពេលដែលមានអ្នកហ៊ានរិះគន់ពួកគេ»។
សេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រនៃសភាអាស៊ាន ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលអង្គការអន្តរជាតិសំខាន់ៗ រួមមាន អង្គការសហប្រជាជាតិ និងសភាអឺរ៉ុប បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ថាបានប្រព្រឹត្តផ្ទុយទៅនឹងសន្ធិសញ្ញា និងកតិកាសញ្ញាផ្សេងៗស្តីអំពីសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពខាងការប្រមូលផ្តុំ ដែលកម្ពុជា ជាភាគីហត្ថលេខី។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា រដ្ឋាភិបាលមិនមានការព្រួយបារម្ភឡើយចំពោះការរិះគន់ និងការថ្កោលទោសពីមជ្ឈដ្ឋានខាងក្រៅ។ លោក សុខ ឥសាន បន្តថា រដ្ឋាភិបាលកម្ពុជា តែងអនុវត្តតាមនីតិវិធីរបស់ខ្លួនដោយមិនរណបបរទេស៖ «អត់មានអីត្រូវសម្ពាធទេ។ យើងយល់ថា ចិត្តគាត់ចង់យ៉ាងម៉េច ក៏តាមចិត្តគាត់ទៅ ប៉ុន្តែយើងជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ។ យើងធ្វើអ្វីទៅតាមច្បាប់របស់ប្រទេសយើង»។
ជុំវិញរឿងការលើកឡើងរបស់ក្រុមតំណាងរាស្ត្រនៃសភាអាស៊ាន ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនេះ លោកបណ្ឌិត ដេត សុខឧត្តម សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា សេចក្ដីថ្លែងការណ៍នេះនឹងមិនមានឥទ្ធិពលធំដុំឡើយចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ពីព្រោះសេចក្តីថ្លែងការណ៍នេះ មិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋជាសមាជិកអាស៊ាននីមួយៗឡើយ។
យ៉ាងនេះក្តី លោក ដេត សុខឧត្តម អះអាងថា ការថ្កោលទោស ឬការរិះគន់ធ្ងន់ៗពីមជ្ឈដ្ឋានអន្តរជាតិ នឹងនាំមកនូវផលវិបាកជាច្រើនសម្រាប់កម្ពុជា ដូចជាការកាត់ផ្តាច់ជំនួយ និងការដកវិនិយោគទុន ជាដើម៖ «វាជាការសម្រេចចិត្តរបស់យើងខ្លួនឯង បើសិនយើងថាយើងមិនចង់ឲ្យគេមកជ្រៀតជ្រែក។ តាមការពិត គេអត់មកជ្រៀតជ្រែកទេ គ្រាន់តែថាយើងកុំទទួលជំនួយពីគេទៅ អាហ្នឹងគេអត់មានសិទ្ធិអីមកជ្រៀតជ្រែករឿងយើងទេ»។
ហេតុការណ៍សំខាន់ៗដែលធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិឈឺឆ្អាលនឹងកម្ពុជា រួមមាន ការតាមចាប់ខ្លួន លោក សម រង្ស៊ី ការដកតំណែង លោក កឹម សុខា អំពើហិង្សាលើអ្នកតំណាងរាស្ត្រ ការកាត់ទោសឲ្យជាប់ពន្ធនាគារចំពោះសកម្មជនបក្សប្រឆាំង និងការកាត់ទោស លោក ហុង សុខហួរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន ដោយចោទពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តទៅនៅសារមន្ទីរជើងឯក កាលពីឆ្នាំ២០០៨។ កាលនោះ លោក សម រង្ស៊ី បានចោទ លោក ហោ ណាំហុង បច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ថាជាអតីតប្រធានគុកបឹងត្របែក នៃរបបកម្ពុជាប្រជាធិបតេយ្យ។
ចំណែកតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានជនដៃដល់វាយប្រហារឲ្យរងរបួសជាទម្ងន់ ពេលដែលលោកចេញពីប្រជុំនៅវិមានរដ្ឋសភា អំឡុងពេលមានបាតុកម្មទាមទារទម្លាក់ លោក កឹម សុខា កាលពីចុងខែតុលា។
ប៉ុន្មានថ្ងៃក្រោយអំពើហិង្សាលើអ្នកតំណាងរាស្ត្រ លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតំណាងរាស្ត្រទាំង ៦៨រូបនៃគណបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់ពីតួនាទីជាអនុប្រធានទី១ រដ្ឋសភា ដោយចោទថា រូបលោកមិនគោរពស្មារតីនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងញុះញង់ឲ្យមានចលាចលក្នុងចំណោមមហាជន ពេលលោកចុះទៅជួបពលរដ្ឋនៅមូលដ្ឋានម្តងៗ។
ដោយឡែកសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានតុលាការចាប់ខ្លួនកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥ ដោយចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង បទញុះញង់ឲ្យមានភាពវឹកវរ និងអសន្តិសុខសង្គម ទាំងដែល លោក ហុង សុខហួរ មិនទាន់ត្រូវបានព្រឹទ្ធសភាដកអភ័យឯកសិទ្ធិនៅឡើយ។
ចំណែកឯសកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់វិញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ ទៅ ១០ឆ្នាំ ពីបទចូលរួម និងដឹកនាំចលនាកុបកម្មក្បែរស្ពាននាគនៅទីលានប្រជាធិបតេយ្យ។
កាលពីពេលថ្មីៗនេះ សភាអឺរ៉ុប ព្រមានថា គេនឹងលុបចោលទឹកប្រាក់ជំនួយប្រមាណ ៤៣៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដែលផ្ដល់ឲ្យកម្ពុជា បើសិនជា លោក សម រង្ស៊ី មិនអាចវិលត្រឡប់មកកម្ពុជា វិញបាននោះ។
ចំណុចនេះ សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ លោក ដេត សុខឧត្តម លើកឡើងថា មេដឹកនាំគណបក្សនយោបាយធំៗនៅកម្ពុជា គួរតែបញ្ឈប់ការហែកហួរគ្នាផ្នែកនយោបាយ និងគិតគូរពីការទាញយកផលពីសមាហរណកម្មអាស៊ាននាពេលខាងមុខវិញ ទើបជារឿងត្រឹមត្រូវសម្រាប់ប្រយោជន៍ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។