អ្នកជំនាញកិច្ចការព្រំដែន ស្នើឲ្យរដ្ឋាភិបាលប្រើយន្តការអន្តរជាតិ ដើម្បីបញ្ឈប់វៀតណាម សាងសង់សំណង់នៅតំបន់ស នៃព្រំដែនកម្ពុជា-វៀតណាម នៅខេត្តរតនគិរី។ បក្សប្រឆាំង និងសង្គមស៊ីវិល ក៏គាំទ្រមធ្យោបាយនេះដែរ។ ចំណែករដ្ឋាភិបាល ហាក់មិនមានទំនុកចិត្តលើភាគីទី៣ ក្នុងការដោះស្រាយជម្លោះព្រំដែននេះ តែប្ដេជ្ញាប្រើយន្តការការទូតជាទ្វេភាគីឲ្យអស់លទ្ធភាពជាមុនសិន។
ទោះបីជាភាគីកម្ពុជា បានផ្ញើកំណត់ទូតតវ៉ាជាច្រើនលើកច្រើនសាចំនួនបីខែហើយ ដើម្បីស្នើឲ្យភាគីវៀតណាម បញ្ឈប់ការសាងសង់សំណង់នានា ពិសេសប៉ុស្តិ៍យោធាយាមព្រំដែននៅតំបន់ស នៃព្រំដែនប្រទេសទាំងពីរ ត្រូវបានវៀតណាម បន្តសាងសង់ជិតរួចរាល់ហើយ។
បណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែនកម្ពុជា-វៀតណាម ស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរសុំអន្តរាគមន៍ពីប្រទេសបារាំង ដែលជាអតីតអាណាព្យាបាលកម្ពុជា និងវៀតណាម ដែលបានកំណត់ព្រំដែនប្រទេសទាំងពីរ ជួយដោះស្រាយរឿងនេះ។
លោកយល់ថា វៀតណាម មិនអាចរំលោភលើតំបន់ស ដែលមិនទាន់កំណត់ម្ចាស់កម្មសិទ្ធិនោះទេ៖ « យើងបានយល់ព្រមគ្នាថា មិនរំលោភលើតំបន់ដែលមិនទាន់កំណត់ហើយ ។ ឧទាហរណ៍នៅ ចន្លោះបង្គោល ព្រំដែន៣០ និង ៤០ គឺ ១០បង្គោល។ ប្រសិនបើមានការរំលោភ ត្រូវមាន ដំណោះស្រាយតាមផ្លូវ ការទូតឲ្យ អស់លទ្ធភាព »។
លោកបន្ថែមថា ក្រៅពីប្រទេសបារាំង កម្ពុជា ក៏គួរប្ដឹងទៅអាស៊ាន និងអង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលកម្ពុជា និងវៀតណាម ជាសមាជិក ឲ្យជួយសម្របសម្រួលដោះស្រាយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម ដែលជាប្រទេសមានប្រៀបទាំងកម្លាំងសេដ្ឋកិច្ច និងយោធាលើកម្ពុជា នឹងមិនងាយធ្វើតាមការតវ៉ារបស់កម្ពុជា នោះឡើយ។
កាលពីចុងខែសីហា ក្រោយពីមិនមានការឆ្លើយតបកំណត់ទូតដែលរដ្ឋាភិបាលបានផ្ញើទៅរដ្ឋាភិបាលវៀតណាម ភាគីកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញជាមួយភាគីវៀតណាម នៅរាជធានីភ្នំពេញ ដើម្បីជជែកតវ៉ារឿងការរំលោភបំពានរបស់វៀតណាម មកលើទឹកដីកម្ពុជា។ ភាគីវៀតណាម ទទួលយកការតវ៉ារបស់កម្ពុជា ហើយបានបដិសេធថាមិនបានឈ្លានពានចូលទឹកដីកម្ពុជា ដូចការចោទប្រកាន់នោះទេ។
ពលរដ្ឋ និងតម្រួតព្រំដែនកម្ពុជា បានបង្ហើបថា សព្វថ្ងៃ វៀតណាម បានបូកជញ្ជាំង និងប្រក់ដំបូលប៉ុស្តិ៍យាម ដែលភាគីកម្ពុជា អះអាងថា បានសង់នៅលើតំបន់សរួចរាល់ហើយ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ព្រួយបារម្ភចំពោះស្ថានភាពនេះ។ ស្រដៀងនឹងអនុសាសន៍របស់បណ្ឌិត សុខ ទូច តំណាងបក្សប្រឆាំងរូបនេះ ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងដល់ប្រទេសហត្ថលេខីទាំង១៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរួមមានប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី៖ « នេះជា អ្វីដែល រដ្ឋាភិបាល ត្រូវពិនិត្យ ដោយយកចិត្តទុកដាក់ ។ យើង មិនអាច បណ្តោយឲ្យ ប្រទេសជិតខាង ប្រើប្រាស់អំណាច កម្លាំងបាយមកគំរាមលើបូរណភាព ទឹកដីកម្ពុជា តទៅទៀត ទេ »។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព យល់ស្របនឹងយន្តការទាំងនេះ។ លើសពីនេះ អ្នកស្រីថ្លែងនៅលើហេ្វសប៊ុករបស់អ្នកស្រីថា ដំណោះស្រាយវែងឆ្ងាយសម្រាប់រឿងនេះ គឺពង្រឹងសាមគ្គីផ្ទៃក្នុង និងប្រឹងប្រែងដោះស្រាយបញ្ហាជាតិឲ្យបានច្រើនជាងបញ្ហាបក្ស ឬបុគ្គលដែលអ្នកស្រីយល់ថា វានឹងជួយកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យរឹងមាំ។ អ្នកស្រីអះអាងថា នៅពេលសេដ្ឋកិច្ចកម្ពុជា ខ្លាំង នោះគ្មានបរទេសណាមួយមករំលោភបំពានទេ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ប្រកាន់ជំហរប្រើយន្តការការទូតទ្វេភាគីក្នុងការដោះស្រាយជម្លោះព្រំដែននេះ។ លោកហាក់មិនទុកចិត្តលើការអន្តរាគមន៍របស់ភាគីទីបី៖ « ហ្វីលីពីន ប្ដឹងចិន បានការ អ្វី ? ចុងក្រោយ ចាប់ដៃគ្នា ដដែល។ អីក៏ស្រួលម្ល៉េះ ប្ដឹង ! មិនទាន់ ដឹងរឿងរ៉ាវអីផងប្ដឹង។ ប្ដឹងអាមេរិក ទៅ ។ អាមេរិក ត្រូវតុលាការកាត់ក្តីចាញ់ក្តីនីការាហ្គ័ (Nicaragua) ។ អាមេរិ ក មិន ខ្ចីនឹង អនុវត្តផង។ ធ្វើអីក៏ស្រួលម្ល៉េះ ! អាមេរិ ក ខ្លួនឯងហ្នឹងមិនគោរពច្បាប់ផង »។
ចាប់ពីខែតុលា ឆ្នាំ២០១១ ដល់ខែសីហា ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូត និងលិខិតតវ៉ារឿងការរំលោភចូលទឹកដីកម្ពុជា ទៅរដ្ឋាភិបាលវៀតណាម មិនតិចជាង ២៣លើកឡើយ។
លោក សុខ ទូច គូសបញ្ជាក់ថា កម្ពុជា គួរប្រើយន្តការការទូតឲ្យដល់ទីបំផុត ក៏ប៉ុន្តែលោកថា ប្រសិនបើប្រើយន្តការនេះនៅមិនមានប្រសិទ្ធភាព រដ្ឋាភិបាលកម្ពុជា គួរពិចារណាប្រើកងកម្លាំងយោធា ដើម្បីបង្ហាញការមិនពេញចិត្តរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។