តំណាងរាស្ត្រ​បក្ស​ប្រឆាំង​១រូប​ទៀត​មិន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ

លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក នុត រំដួល តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ (ស្ដាំ) នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក នុត រំដួល តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ (ស្ដាំ) នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤។ (RFA/Chun Chanboth)

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ មាន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត គឺ​លោក នុត រំដួល​ មិន​បាន​ចូល​ទៅ​បំភ្លឺ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឡើយ ជុំវិញ​ករណី​បាតុកម្ម​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។

គិត​មក​ដល់​ពេល​នេះមាន​អ្នកតំណាងរាស្រ្ត​ចំនួន៥​រូប​ហើយ ដែលមិន​ព្រម​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​ក្រុង​ភ្នំពេញ ជុំវិញ​ករណីដូចគ្នានេះ។

មិន​ខុស​ពី​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​៤​រូបទៀតដែរ បាន​អោយ​មេធាវី​ចូល​បំភ្លឺ​ជំនួស ប៉ុន្តែ​តុលាការ​ក៏​មិន​បាន​សាកសួរ​ដែរ នៅ​ពេល​គ្មាន​សាមី​ខ្លួន​ចូល​បំភ្លឺ​ដូច្នេះ។

លោក នុត រំដួល បញ្ជាក់​ថា លោក​នឹង​ចូល​បំភ្លឺ​បើ​តុលាការ​តម្រូវ​សាមី​ខ្លួន​ចូល​បំភ្លឺ តែ​លោក​ចាត់​ទុក​ថា ការ​កោះ​ហៅ​ទៅ​សាកសួរ​នេះ​ជា​ការ​រំខាន និង​សួរ​តែ​រឿង​ដដែល៖ «ជា​យោបល់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ជម្រាប​ថា តុលាការ​ធ្វើ​នេះ​គ្រាន់​តែ​ជា​ការ​រំខាន ដើម្បី​មិន​ឲ្យ​តំណាងរាស្ត្រ​មិន​សូវ​បាន​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​អីចឹង​ទៅ»។

យ៉ាង​ណា​ក៏​ដោយ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​មួយ​រូប​ទៀត ដែល​ត្រូវ​តុលាការ​កោះ​ហៅ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៩ ឧសភា គឺ​លោក ឡុង រី ក៏​នឹង​មិន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​ទេ ដោយ​លោក​ប្រគល់​សិទ្ធិ​ឲ្យ​មេធាវី​របស់​លោក​គឺ លោក សំ សុគង់​ទៅ​ជំនួស។

តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​៤​រូបទៀតដែល​មិន​បាន​ចូលបំភ្លឺ​ដែរ មាន​លោក ហូរ វ៉ាន់ លោក រៀល ខេមរិន្ទ្រ លោក ម៉ែន សុថាវរិន្ទ្រ និង​លោក កែវ ភីរម្យ។

រដ្ឋធម្មនុញ្ញ​មាត្រា ៨០ ចែង​ថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ។ តំណាងរាស្ត្រ​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ដោយ​ហេតុ​ព្រោះ​តែ​សំដែង​មតិ​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការអចិន្រ្តៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​ រដ្ឋ​សភា វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​ប៉ុណ្ណោះ។

ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំង​៧​រូប ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​តំណាង​តុលាការ​ក្រុង​ភ្នំពេញ មាន​តែ​លោកស្រី មូរ សុខហួរ ម្នាក់​​គត់ ដែល​ព្រម​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ ប៉ុន្តែ​លោកស្រី​មិន​បាន​ឆ្លើយ​នឹង​សំណួរ​របស់​តុលាការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។