តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទូលថ្វាយព្រះមហាក្សត្រពីស្ថានការណ៍នយោបាយក្នុងប្រទេស ដែលគណបក្សនេះចាត់ទុកថាបានធ្លាក់ដុនដាប។ អ្នកតំណាងរាស្ត្រលើកឡើងថា មានអង្គព្រះមហាក្សត្រទេទើបអាចជួយឲ្យស្ថានការណ៍នយោបាយអាចវិលទៅរកភាពធម្មតាវិញ។
ការទូលថ្វាយព័ត៌មានដល់ព្រះមហាក្សត្រដោយអ្នកតំណាងរាស្ត្របក្សប្រឆាំងនេះ ត្រូវបានមន្ត្រីបក្សប្រជាជនកម្ពុជា ថាពុំឆ្លុះបញ្ចាំងពីការពិត គឺជាការបំភ្លៃព័ត៌មាន។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៥៣រូប ស្នើសុំព្រះមហាក្សត្រមានព្រះរាជតម្រិះធ្វើយ៉ាងណាឲ្យស្ថានការណ៍នយោបាយវិលទៅធម្មតាវិញ ស្របតាមរដ្ឋធម្មនុញ្ញ ដែលព្រះអង្គ គឺជាអាជ្ញាកណ្ដាល ដែលធានាឲ្យអំណាចសាធារណៈប្រព្រឹត្តទៅឲ្យមានភាពទៀងទាត់។
ក្នុងលិខិតថ្វាយព្រះមហាក្សត្រចុះថ្ងៃទី២៧ ខែមេសា លើកឡើងថា ក្នុងពេលថ្មីៗនេះមានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ហើយមានការរឹតត្បិតអង្គការសង្គមស៊ីវិល និងសហជីពតាមរយៈការធ្វើច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ស្របគ្នានេះ ក៏មានការគំរាមកំហែងចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិលនានា និងការដាក់ពាក្យបណ្ដឹងប្ដឹងអ្នកវិភាគមួយចំនួនថែមទៀត។ បញ្ហាទាំងនេះ ដែលអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចាត់ទុកថា ជាមូលហេតុនាំឲ្យស្ថានការណ៍នយោបាយនៅកម្ពុជា ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។ លិខិតដដែលបន្តថា បញ្ហានេះក៏នឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ។
ក្រុមអ្នកតំណាងរាស្ត្រទាំងនោះ បានទូលថ្វាយព្រះមហាក្សត្រទៀតថា ប្រសិនបើពុំមានដំណោះស្រាយទាន់ពេលវេលាទេ នឹងធ្វើឲ្យប្រទេសកម្ពុជា ដើរថយក្រោយទៅរកអតីតកាលដោយស្ថាប័នកំពូលៗ ដូចជារដ្ឋសភា តុលាការ និងស្ថាប័នមួយចំនួនទៀត មានដំណើរការមិនប្រក្រតី និងបាត់បង់ឯករាជភាព។
ទាក់ទងនឹងស្ថានការណ៍នយោបាយនេះដែរ ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ លោក ហ៊ាង ឫទ្ធី កាលពីថ្ងៃទី១៩ ខែមេសា ស្នើសុំចូលគាល់ព្រះមហាក្សត្រដើម្បីទូលថ្វាយព្រះអង្គពីការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិខ្មែរ ដោយដង្ហែតាមស្នាព្រះហស្តនៃព្រះបរមរតនកោដ្ឋ។ លោក ហ៊ាង ឫទ្ធី ទូលថ្វាយព្រះករុណាថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ តែងតែមានទំនាស់ខ្វែងគំនិតគ្នាមិនចេះឈប់ឈរ បានធ្វើឲ្យមានអស្ថិរភាព និងពុំមានសន្តិភាពក្នុងសង្គមជាតិ។
ចំពោះតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការទូលថ្វាយព្រះមហាក្សត្រដោយក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនៅពេលនេះ ថាកំពុងបំភ្លៃព័ត៌មាន។ លោកថា ការពិត ពលរដ្ឋគ្រប់ទីកន្លែងកំពុងរស់នៅសុខសាន្ត៖ « គេសប្បាយទូទាំងប្រទេសឆ្នាំនេះ គេសប្បាយលើសឆ្នាំមុនៗទៀត ហើយមូលហេតុអីបាននាំគ្នានិយាយចឹង ? ហ្នឹងគឺជាចេតនាទុច្ចរិតមួយបំផុសមហាជនឲ្យភ័យខ្លាច តែមហាជនគេដឹងហើយ គេអីខ្លាចអីគេ បើគេទើបតែសប្បាយចូលឆ្នាំមិនទាន់ចប់សព្វគ្រប់ផង។ យើងមើលអ៊ីចឹងទៅណាស់ គឺគាត់និយាយខុសពីតថភាពសង្គមហើយ។ គាត់ទូលព្រះករុណាចឹងក៏បានសេចក្ដីថា គាត់ភូតព្រះករុណាដែរ បើក្នុងជំនាន់ព្រះរាជវង្ស គឺត្រូវកាត់កទាំងអស់ហ្នឹង តែសម័យឥឡូវសម័យប្រជាធិបតេយ្យ ហើយវាមិនអីទេ។ ឥឡូវវារួចខ្លួន។ យើងរង់ចាំមើលទាំងអស់គ្នាថា ព្រះករុណាមានព្រះតម្រិះយ៉ាងណា ? ប្រសិនបើព្រះអង្គអត់មានបញ្ចេញព្រះរាជយោបល់អីទេ គឺពួកគាត់ ( អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ) ហ្នឹងបរាជ័យមួយជំហានទៀត »។
នៅក្នុងលិខិតរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លើកឡើងដែរថា ស្របពេលដែលស្ថាប័ននានាបាត់បង់ឯករាជភាព និងមានដំណើរការមិនប្រក្រតីនោះ មានតែស្ថាប័នព្រះមហាក្សត្រប៉ុណ្ណោះដែលទ្រង់មានឯករាជភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។