មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងប្រកាសជាផ្លូវការពីការបង្កើតគណៈកម្មការសភាស្រមោល ដែលសមាជិកគណៈកម្មការនេះជាមនុស្សមានជំនាញ ដើម្បីតាមដានការងាររបស់គណៈកម្មការជំនាញទាំង១០ ក្នុងរដ្ឋសភា។ ការបង្កើតគណៈកម្មការស្រមោលនេះ ក្នុងគោលបំណងដើម្បីបំពេញកាតព្វកិច្ចធំៗចំនួន៣ សម្រាប់បម្រើផលប្រយោជន៍ដល់ម្ចាស់ឆ្នោត។
អ្នកនាំពាក្យរដ្ឋាភិបាល ហៅការបង្កើតគណៈកម្មការស្រមោលរបស់បក្សប្រឆាំងនេះ ថាជាការទើបភ្ញាក់ពីដេកដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើសន្និសីទកាសែតនៅមុខទីស្នាក់ការកណ្ដាលគណបក្សខ្លួននៅសង្កាត់ចាក់អង្រែលើ ព្រឹកថ្ងៃទី៩ សីហា ថា តួនាទីសំខាន់ចំនួន៣ នៃគណៈកម្មការស្រមោលក្នុងរដ្ឋសភា មានដូចជា តួនាទីក្នុងការធ្វើច្បាប់ឲ្យបានល្អ ធ្វើច្បាប់ដែលធានាបានយុត្តិធម៌នៅក្នុងសង្គមជាតិ និងធ្វើច្បាប់ដើម្បីការពារផលប្រយោជន៍រួម។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណៈកម្មការស្រមោលនេះជាបេក្ខភាពដែលមានស្រាប់នៃសមាជិករដ្ឋសភារបស់គណបក្សខ្លួន ដែលមាននៅក្នុងគណៈកម្មការទាំង១០ ក្នុងរដ្ឋសភាដែរ។ លោក សុន ឆ័យ បញ្ជាក់ដោយខ្លីថា ការបង្កើតគណៈកម្មការស្រមោលនេះ គឺជាការរៀបចំខ្លួនដើម្បីឆ្ពោះទៅការគ្រប់គ្រងប្រទេស ប្រសិនបើគណបក្សឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ៖ « ហើយគណៈកម្មការទាំង១០ ដែលទាំងសមាជិកខ្លួននោះដែលមានជំនាញ ឧទាហរណ៍គណៈកម្មការវិស័យអប់រំ សមាជិកនៅក្នុងជំនាញនោះគាត់យល់អំពីអប់រំ គាត់សរសេរពីគោលនយោបាយគណបក្សសង្គ្រោះជាតិ ថាគាត់ធ្វើអីដឹកអី និងកែទម្រង់អប់រំបែបណា ជាដើម »។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សាទរចំពោះការបង្កើតគណៈកម្មការស្រមោលនេះ ថាជាសិទ្ធិសេរីភាពរបស់គណបក្សជាប់ឆ្នោតនៅក្នុងរដ្ឋសភា ក៏ប៉ុន្តែលោកបានចំអកទៅមន្ត្រីគណបក្សប្រឆាំងថា ជាសកម្មភាពមួយទើបភ្ញាក់ពីដេក ដើម្បីទាញយកការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ៖ « នេះជាសិទ្ធិការរៀបចំរបស់គណបក្សភាគតិចក្នុងរដ្ឋសភាប៉ុណ្ណោះ។ យើងដឹងហើយថាការផ្ដល់សុពលភាពតាមរយៈសន្លឹកឆ្នោត គណបក្សភាគច្រើនទេជាអ្នកទទួលខុសត្រូវចំពោះគណបក្សភាគតិច គ្រាន់តែជាបំពេញបន្ថែមផ្ដល់យោបល់ប៉ុណ្ណោះ »។
ទោះបីជាយ៉ាងនេះក្ដី អ្នកសិក្សាការអភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា ការដាក់មន្ត្រីដែលមានជំនាញច្បាស់លាស់ក្នុងគណៈកម្មការស្រមោលនៅក្នុងរដ្ឋសភា គឺជារឿងល្អសម្រាប់ប្រទេសជាតិ បើទោះជាគណបក្សប្រឆាំងឈ្នះឆ្នោត ឬក៏មិនឈ្នះក៏ដោយ ពីព្រោះជាការរក្សាឲ្យមានតម្លាភាព ហើយធ្វើឲ្យគណៈកម្មការនៃគណបក្សនេះមានជំនាញគ្រប់គ្រាន់ក្នុងការតាមដានការងារដែលរដ្ឋាភិបាលកំពុងអនុវត្ត និងងាយស្រួលដល់ការផ្ទេរភារកិច្ចនៅក្នុងក្រសួង ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស៖ « ហើយមិនត្រឹមតែបង្កើតការបង្កើតគណៈកម្មការទេ គណបក្សប្រឆាំងត្រូវតែមានសមត្ថភាពមួយទៀតក្នុងការប្រមូលមនុស្សពីប្រភពផ្សេងៗដែលមានចំណេះដឹង ក្រៅអំពីសមាជិកសភារបស់ខ្លួននោះ។ ហើយមានអ្នកចេះដឹងជាគេចង់សហការ ប្រសិនបើគណបក្សជាប់ឆ្នោតទាំងពីរត្រូវការដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន »។
គណៈកម្មការស្រមោលដែលមានជំនាញនៅក្នុងរដ្ឋសភា ដែលគណបក្សប្រឆាំងបង្កើតឡើងនេះ មានការសាកល្បងជាលើកដំបូងអំពីសមត្ថភាពនៃគណៈកម្មការទាំង១០ ក្នុងរដ្ឋសភា ដោយមានការតាក់តែងច្បាប់ដាក់ឲ្យគណៈកម្មការនីតិកម្មនៃរដ្ឋសភានេះត្រួតពិនិត្យ ថាតើអាចទទួលយកបានលទ្ធផលល្អ ឬយ៉ាងណា។
លោក សុន ឆ័យ បញ្ជាក់ថា ក្រោយពីសាកល្បងសមត្ថភាពហើយ គឺប្រធានគណៈកម្មការជំនាញទាំងអស់នោះ នឹងប្រកាសជាសាធារណៈ ហើយប្រាប់លេខទូរស័ព្ទទៅអ្នកសារព័ត៌មានសម្រាប់ទាក់ទងសួរនាំអំពីវិស័យនីមួយៗ ដែលពាក់ព័ន្ធនឹងក្រុមជំនាញនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។