មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា កម្មវិធីទូរទស្សន៍ព្រះអាទិត្យ ដែលគ្រោងផ្សាយនៅចុងឆ្នាំ២០១៥ ហើយអូសបន្លាយរហូតមកដល់ពេលនេះ គឺដោយសារតែអាជ្ញាធរធ្វើឲ្យរាំងស្ទះ។ គណបក្សនេះព្រមានថា នឹងធ្វើសន្និសីទកាសែត ប្រសិនបើការរាំងស្ទះជាហេតុផលនយោបាយ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ការងារដំឡើងអង់តែនរបស់ស្ថានីយទូរទស្សន៍ព្រះអាទិត្យ កំពុងរាំងស្ទះដោយសារតែអាជ្ញាធរមូលដ្ឋាននៅខេត្តកណ្ដាល។
បញ្ហានេះ ត្រូវបាន លោក យឹម សុវណ្ណ ប្រកាសនៅក្នុងសន្និបាតក្រុមប្រឹក្សាជាតិលើកទី២ របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ មីនា ក្នុងពេលដែលលោកធ្វើរបាយការណ៍ហិរញ្ញវត្ថុគណបក្សរយៈពេល ២ឆ្នាំកន្លងមក៖ « ឥឡូវកំពុងកកនៅ ខេត្តកណ្ដាល ។ ឥឡូវអត់ធ្មត់សិន មិនទាន់ ធ្វើសន្និសីទកាសែត ទេ ប៉ុន្តែបើហេតុផលនយោបាយ អាហ្នឹងត្រូវធ្វើហើយសន្និសីទកាសែត ។ ឥឡូវគេថា លក្ខណៈបច្ចេកទេស ថាមានគេប្ដឹង ២១គ្រួសារ មិនឲ្យ លើកទេ។ ដល់ទៅសួរនាំមែនទែន អត់មានអ្នកណាចេញមកប្ដឹងផង តាម ឮសូរ ព័ត៌មានមកថា ប្រធានភូមិ ថាប្ដឹងទៅៗ ប្ដឹងដាក់ថាប៉ះពាល់សុខភាពកុំឲ្យលើក ។ យ៉ាងម៉េច អ៊ីចេះ ដូចអត់ស្រួលទេណា។ អ៊ីចឹងបើ ស្មោះត្រង់ ជាមួយគ្នា បើឲ្យលីសង់ ( អាជ្ញាប័ណ្ណ ) កុំបន្ទច់បង្អាក់អ៊ីចឹង។ ថ្ងៃមុននោះឲ្យគេមកទារលុយ ដល់ខ្ញុំថាឥឡូវអញ្ជើញមកចុះ ខ្ញុំបើកឲ្យ ប៉ុន្តែអត់មានម្នាក់ណាសោះ ។ ដល់តែស្រាវជ្រាវ មែនទែន មិនដឹងឈ្មោះនៅឯណា ? យ៉ាប់ មែនទែន »។
រហូតមកដល់ថ្ងៃទី២៧ មីនា វិទ្យុអាស៊ីសេរី មិនទាន់មានការឆ្លើយតបណាមួយពីអាជ្ញាធរខេត្តកណ្ដាល នៅឡើយទេ ទាក់ទងនឹងការចោទប្រកាន់គណបក្សសង្គ្រោះជាតិ អំពីរឿងដែលរាំងស្ទះការដំឡើងអង់តែនទូរទស្សន៍ព្រះអាទិត្យនេះ។
ការកសាងស្ថានីយទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិ ដែលមិនធ្លាប់មាន គឺកើតចេញពីកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ កិច្ចព្រមព្រៀងនេះ ជាថ្នូរនឹងការយល់ព្រមរបស់គណបក្សសង្គ្រោះជាតិ ដែលចូលសភាជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សសង្គ្រោះជាតិ ត្រូវការថវិកា ៣លានដុល្លារ ដើម្បីដំណើរការផ្សាយទូរទស្សន៍ថ្មីនេះ។
លោក យឹម សុវណ្ណ ថ្លែងថា ចំណូលថវិកាវិភាគទានដែលទទួលបានពីប្រជាពលរដ្ឋខ្មែររហូតមកដល់ឆ្នាំ២០១៥ មានចំនួន ៧០ម៉ឺនដុល្លារ។ ក្នុងចំនួននេះ ត្រូវបានគណបក្សចំណាយអស់ ១៦ម៉ឺនដុល្លារហើយ៖ « ទិញដីអស់ ១០ម៉ឺន ៧ពាន់ ហើយនិងធ្វើរបងអស់ ១ម៉ឺន ៨ពាន់។ ឧបត្ថម្ភអ្នក ដែលជួយប្រមូល លុយបាន ៧០ម៉ឺនហ្នឹង ៣ម៉ឺន ៥ពាន់។ សល់ ៤៤ម៉ឺន អត់ចាយ ដាច់ខាត ទោះបី គណបក្ស អត់លុយ ក៏ មិនឲ្យ ចាយដែរ ព្រោះ ត្រូវធ្វើ ទូរទស្សន៍បាន។ ខ្ញុំមិញ និយាយថា ៤៤ សុំទោស គឺ៥៤ ម៉ឺន ទុកសម្រាប់គម្រោងទូរទស្សន៍។ អានេះអត់ចាយទេ »។
ថវិកាចំនួន ៧០ម៉ឺនដុល្លារដែលគណបក្សនេះមាន ត្រូវបានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អះអាងថា បានមកពីវិភាគទានរបស់ប្រជាពលរដ្ឋខ្មែរចាប់ពីអ្នកសុំទាន រហូតដល់មន្ត្រីរាជការ និងឧកញ៉ា។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទទួលបន្ទុកការងារទូរទស្សន៍ព្រះអាទិត្យ លោក គី វណ្ណដារ៉ា ធ្លាប់បញ្ជាក់ថា ទូរទស្សន៍នេះនឹងផ្សព្វផ្សាយដំណឹងពិតដែលកើតឡើងពិតប្រាកដ និងមិនផ្សាយពាណិជ្ជកម្មស្រាបារីនោះទេ។ លោកបន្តទៀតថា ទូរទស្សន៍ដែលកើតចេញពីប្រជាពលរដ្ឋខ្មែរនេះ កំពុងបណ្ដុះធនធានមនុស្ស រៀបចំកម្មវិធី និងបច្ចេកទេសជាបណ្ដើរៗ ប៉ុន្តែមានអ្នកជំនាញការជាជនបរទេសខ្លះ បានផ្ដល់បច្ចេកទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។