គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ឧសភា បណ្ដេញសមាជិករបស់ខ្លួនម្នាក់នៅសហរដ្ឋអាមេរិក ចេញពីបក្ស។ ក្នុងសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិ ចុះហត្ថលេខាដោយអនុប្រធានគណបក្ស លោក កឹម សុខា សម្រេចបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ហៅ Brady Young ពីសមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ាខាងត្បូង។ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ការបញ្ចប់សមាជិកភាពនេះ ដោយផ្អែកលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស។
បើទោះជាគណបក្សសង្គ្រោះជាតិ មិនបញ្ជាក់ពីមូលហេតុនៃការបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ក្តី ប៉ុន្តែគេដឹងថា លោក យ៉ង់ ណុយ ហៅ Brady Young កាលពីពេលថ្មីៗនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកនិយាយថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អ្នកនយោបាយវៀតណាម ឈ្មោះ ឡេ ឌឹក ថូ (Le Duc Tho) ជាមួយភរិយាលោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី។
ការសរសេរលើទំព័រហ្វេសប៊ុករបស់លោក យ៉ង់ ណុយ បានធ្វើឲ្យលោក ហ៊ុន សែន ខឹងសម្បារយ៉ាងខ្លាំង ហើយចោទប្រកាន់បក្សប្រឆាំងថាជាអ្នកនៅពីក្រោយរឿងនេះ។ លោក ហ៊ុន សែន ថែមទាំងព្រមានថា បើនរណាមិនឲ្យគ្រួសារលោកបានសុខ លោកក៏មិនឲ្យអ្នកនោះបានសុខដូចគ្នា។
ភ្លាមៗក្រោយការព្រមានរបស់លោក ហ៊ុន សែន បក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍អះអាងថា ខ្លួនមិនបាននៅពីក្រោយរឿងនេះឡើយ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនជឿការអះអាងរបស់បក្សប្រឆាំងនោះទេ ហើយទាមទារឲ្យបក្សប្រឆាំងថ្កោលទោសចំពោះអ្នកប្រព្រឹត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។