គណបក្ស​ប្រឆាំង​អះអាង​ថា​អាច​កើន​សំឡេង​ជាង​១២​ដង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ខ្លួន​អាច​គ្រង​តំណែង​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​រហូត​ដល់ ៥០០​ឃុំ-សង្កាត់ ផ្អែក​លើ​លទ្ធផល​ក្រៅ​ផ្លូវការ​ដែល​គណបក្ស​នេះ​ប្រមូល​បាន។ ទោះ​ជា​យ៉ាង​នេះ​ក្តី លទ្ធផល​ផ្លូវការ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​មិន​ទាន់​ប្រកាស​នៅ​ពេល​នេះ​នៅ​ឡើយ​ក្តី។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​យប់​ថ្ងៃ​ទី​៤ ខែ​មិថុនា ថ្លែង​នៅ​មុខ​អ្នក​សារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ចៅ​សង្កាត់​ប្រមាណ ៥០០​ឃុំ-សង្កាត់​ក្នុង​ចំណោម​ឃុំ-សង្កាត់​ទាំង ១.៦៤៦ នៅ​ទូទាំង​ប្រទេស ឬ​ស្មើ​នឹង ៤៦% នៃ​អ្នក​ចេញ​ទៅ​បោះឆ្នោត​សរុប​ជាង ៦,៧​លាន​នាក់ (៦.៧៤៣.៣២៩​នាក់) បើ​ផ្អែក​លើ​លទ្ធផល​ក្រៅ​ផ្លូវការ​ដែល​គណបក្ស​នេះ​ប្រមូល​បាន​ពី​ប្រភព​របស់​ខ្លួន​តាម​បណ្ដា​ខេត្ត។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចាត់​ទុក​លទ្ធផល​បណ្ដោះអាសន្ន​នេះ​ថា​ជា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ សម្រាប់​ប្រវត្តិ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ « នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ឥឡូវ​នេះ​គ្រប់គ្រង​ឃុំ ឈ្នះ​ឃុំ​ប្រមាណ ៥០០​ឃុំ។ ៥០០​ឃុំ​ហ្នឹង​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ ហើយ​សុទ្ធ​ជា​ឃុំ​ធំៗ​ដែល​មាន​សក្ដានុពល និង​សកម្មភាព​សេដ្ឋកិច្ច ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន។ ដូច្នេះ នេះ​គឺ​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ »

ស្រប​ពេល​ដែល​លោក យឹម សុវណ្ណ អះអាង​អំពី​លទ្ធផល​បណ្ដោះអាសន្ន​ដែល​ថា​គណបក្ស​សង្គ្រោះ​ជាតិ អាច​ឈ្នះ​រហូត​ដល់ ៥០០​ឃុំ-សង្កាត់​នេះ តួលេខ​បឋម​នៃ​លទ្ធផល​បោះឆ្នោត​ពី "សំឡេង​ម្ចាស់​ឆ្នោត​កម្ពុជា" ត្រឹម​ម៉ោង ១០:១៣​នាទី​យប់​ថ្ងៃ​ទី​៤ មិថុនា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​គាំទ្រ​ប្រកៀក​ប្រកិត​គ្នា ដោយ​គណបក្ស​កាន់​អំណាច​មាន​សំឡេង​លើស​គណបក្ស​ប្រឆាំង​នេះ​ប្រហែល​តែ ១០% ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លទ្ធផល​នេះ គឺ​ប្រមូល​បាន​ពី​ឃុំ-សង្កាត់​ត្រឹម​តែ ១.២៣២ ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ-សង្កាត់​ទាំងអស់ ២២.១៤៨។

លទ្ធផល​បណ្ដោះអាសន្ន​ដែល​ប្រកាស​ដោយ​លោក យឹម សុវណ្ណ ហាក់​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​លទ្ធផល​ក្រៅ​ផ្លូវការ ដែល​ចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ កើន​សំឡេង​ពី ៤០​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១២ ដល់ ៤៨២​ឃុំ-សង្កាត់ ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ថយ​សំឡេង​ពី ១.៥៩២​ឃុំ-សង្កាត់ មក​នៅ​ត្រឹម ១.១៦៣​ឃុំ-សង្កាត់ ពោល​គឺ​គណបក្ស​កាន់​អំណាច​បាត់បង់​រហូត​ដល់ ៤២៩​ឃុំ-សង្កាត់ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​ស្ថាប័ន​ផ្លូវការ​តែ​មួយ​គត់​ដែល​អាច​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​នេះ នៅ​មិន​ទាន់​ប្រកាស​លទ្ធផល​បឋម​ចប់​សព្វគ្រប់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។