សាលារាជធានីភ្នំពេញ កំណត់យកថ្ងៃច័ន្ទ ទី២២ ខែមេសា ជាថ្ងៃជួបពិភាក្សាជាមួយគណបក្សប្រឆាំង ដើម្បីស្វែងយល់ពីសកម្មភាពផ្សេងៗក្នុងការធ្វើបាតុកម្ម ងាយស្រួលក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាសុវត្ថិភាពជូនក្រុមបាតុករ។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា សាលារាជធានី និងកងកម្លាំងសន្តិសុខពាក់ព័ន្ធ នឹងបើកការពិភាក្សាគ្នាជាមួយគណបក្សប្រឆាំង នៅថ្ងៃទី២២ មេសា វេលាម៉ោង ៨ព្រឹក ដើម្បីពិនិត្យមើលពីគម្រោងការធ្វើបាតុកម្ម និងជំរុញឲ្យបាតុកម្មប្រព្រឹត្តទៅស្របតាមច្បាប់។ លោកបន្តថា អាជ្ញាធរមានភារៈធានាមិនឲ្យការធ្វើបាតុកម្មនេះ ប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព របៀបរៀបរយសាធារណៈនោះឡើយ។ លោកបញ្ជាក់ថា សាលារាជធានីភ្នំពេញ មិនទាន់សម្រេចទេថានឹងអនុញ្ញាតឲ្យមានការហែក្បួន ឬយ៉ាងណានៅឡើយទេ។
លោក ឡុង ឌីម៉ង់៖ «គាត់ចង់ធ្វើរូបភាពបែបណា មហាជនចូលរួមប៉ុន្មាននាក់ គាត់ចង់ធ្វើអីខ្លះ ម៉ោងប៉ុន្មាន ម៉ោងប៉ុន្មាន បើគាត់ចង់ហែក្បួនហ្នឹងហែទៅណាខ្លះ ដើម្បីយើងចង់ដឹង។ បើគាត់មានគ្នាច្រើន ហែទៅណាមកណានោះ ហើយបើសិនជាគណបក្សនយោបាយហែក្បួនពាក់អាវគណបក្សទ្រង់ទ្រាយធំនោះ អាចទៅជាការឃោសនាមុនការបោះឆ្នោតមួយទៀត។ យើងពិនិត្យមើលសិនថាតើទំហំនៃការស្នើសុំហ្នឹងប៉ុណ្ណា»។
ទោះជាយ៉ាងណាក្តី អនុប្រធានគណៈកម្មការវិន័យគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ សង្ឃឹមថា ជំនួបពិភាក្សាគ្នារវាងសាលារាជធានីភ្នំពេញ និងមន្ត្រីបក្សសង្គ្រោះជាតិ ស្ដីពីការធ្វើបាតុកម្មនេះ នឹងមានលទ្ធផលវិជ្ជមាន។ លោកបន្តថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងមានមនុស្សប្រមាណ ៣ ទៅ ៤ពាន់នាក់ចូលរួម ប៉ុន្តែមិនស្លៀកសម្លៀកបំពាក់ឯកសណ្ឋានគាំទ្រគណបក្សនោះទេ។ លោកបញ្ជាក់ថា អាជ្ញាធរធ្លាប់ប្រើលេសថែរក្សាសន្តិសុខ ដើម្បីរារាំងមិនឲ្យក្រុមយុវជនគណបក្សប្រឆាំងហែក្បួនម្តងរួចមកហើយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ដោយលើកហេតុផលថា ជាប់រៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្ដេចឪ ប៉ុន្តែពេលនេះ អាជ្ញាធរមិនមានហេតុផលណាដែលអាចរារាំងការហែក្បួនរបស់បក្សប្រឆាំងបានឡើយ។
លោក ហូរ វ៉ាន់៖ «ប៉ុន្តែពេលនេះ អត់មានលេសតទៅទៀតទេ គឺជាកាលៈទេសៈមួយដែលអាចនឹងអនុញ្ញាតសហការជាមួយនឹងគណបក្ស ឲ្យបាតុកម្មប្រព្រឹត្តទៅបានរលូន និងសុខសុវត្ថិភាព។ តាមច្បាប់ បាតុកម្មយើងមិនចាំបាច់សុំច្បាប់ទេ យើងគ្រាន់តែជូនដំណឹងទៅសាលារាជធានី តាមច្បាប់និយាយថា បើមិនឆ្លើយតប បានន័យថាអនុញ្ញាត បើឆ្លើយតបបានន័យថា ជាការរៀបចំឲ្យដំណើរការបាតុកម្មនោះបានល្អប្រសើរ»។
តាមច្បាប់បោះឆ្នោត ចែងថា គណបក្សនយោបាយមិនអាចហែក្បួនទ្រង់ទ្រាយធំបានទេ មុនយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែ គណបក្សនយោបាយអាចជួបជុំគ្នាពិភាក្សាគ្នា ចេញសេចក្តីថ្លែងការណ៍ទៅកាន់សមាជិកគាំទ្រ និងពលរដ្ឋបាន។
គណបក្សសង្គ្រោះជាតិ ប្រកាសថានឹងជួបជុំសមាជិកគណបក្សរាប់ពាន់នាក់នៅវេលាម៉ោង ៧ព្រឹក នាថ្ងៃទី២៤ ខែមេសា ខាងមុខ នៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីធ្វើសេចក្តីថ្លែងការណ៍បញ្ជាក់អំពីគោលជំហរគាំទ្រ និងទាមទារឲ្យ គ.ជ.ប អនុវត្តតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។ បន្ទាប់ពីធ្វើសេចក្តីថ្លែងការណ៍ ក្បួនបាតុករនឹងធ្វើដំណើរដង្ហែញត្តិយកទៅប្រគល់ជូនថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។