គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​ចង់​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យ​និង​អ្នក​រាជា​និយម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​ចង់​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​និយម និង​អ្នក​រាជា​និយម សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ ការ​បញ្ជាក់​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​នៅ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា គ្រោង​ជួប​ជាមួយ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ចុង​ខែ​តុលា ដើម្បី​ស្វែងរក​លទ្ធភាព​ពី​ការ​បង្រួប​បង្រួម​រវាង​គណបក្ស​ទាំង​ពីរ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា មួយ​នេះ មាន​គោលការណ៍​បង្រួប​បង្រួម​ជាមួយ​គណបក្ស​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​រាជា​និយម ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ ទៅ​តាម​ព្រះរាជ​តម្រិះ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច​ព្រះ​នរោត្តម សីហនុ។

យ៉ាង​ណា​ក៏ដោយ ទាក់ទង​នឹង​ព័ត៌មាន​ដែល​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា មាន​គម្រោង​ជួប​ជាមួយ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នៅ​ចុង​ខែ​តុលា នេះ ដើម្បី​ជជែក​ពី​ការ​បង្រួប​បង្រួម​គ្នា​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ នោះ លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា លោក​នៅ​មិន​ទាន់​ដឹង​ពី​ពេលវេលា ឬ​គម្រោង​នៃ​ការ​ជួប​ជុំ​នេះ​នៅ​ឡើយ​ទេ៖ «យោង​តាម​ព្រះរាជ​តម្រិះ​ព្រះ​បរម​រតន​កោដ្ឋ តែង​តែ​ណែនាំ​ឲ្យ​ខ្មែរ​សាមគ្គី​រួបរួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ផ្ទៃ​ក្នុង​ផង ក្រៅ​ប្រទេស​ផង ដូច្នេះ​ជា​រឿង​មួយ​សំខាន់ ដែល​ខ្មែរ​ត្រូវ​រក​ឯកភាព​ជាតិ​ឲ្យ​បាន»

លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្ដីពី​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ជា​គណបក្ស​ស្នូល​សម្រាប់​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​ដទៃ​ទៀត ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​ជាតិ។

យ៉ាង​ណា​ក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ដើម្បី​អាច​បង្រួប​បង្រួម​គ្នា​បាន លុះ​ណា​តែ​គណបក្ស​ផ្សេង​ទៀត មាន​គោលការណ៍ គោល​បំណង​ដូច​គ្នា​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គោលការណ៍​ប្រជាធិបតេយ្យ​និយម ជាតិ​និយម និង​សេរី​និយម​ពិត​ប្រាកដ។

លោក​ថា បច្ចុប្បន្ន បើ​ទោះ​ជា​មាន​គណបក្ស​ច្រើន​កើត​ឡើង​ក្តី ប៉ុន្តែ​គណបក្ស​ដែល​លោក​គិត​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​បង្រួប​បង្រួម​ជាមួយ​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ។ លោក​ថា ក្រៅ​តែ​ពី​ជា​គណបក្ស​ប្រជាធិបតេយ្យ​និយម គណបក្ស​សង្គ្រោះ​ជាតិ ក៏​ជា​គណបក្ស​ការពារ​រាជា​និយម​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែរ។

ការ​ប្រកាស​ជំហរ​បង្រួប​បង្រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ស្រប​ពេល​ដែល​គណបក្ស​អំណាច​ខ្មែរ ទើប​បង្កើត​ថ្មី​របស់ លោក សួន សេរីរដ្ឋា កំពុង​ស្វែងរក​ការ​បង្រួប​បង្រួម​ជាមួយ​គណបក្ស​តូចៗ​ផ្សេង​ទៀត ដូចជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់ លោក ខឹម វាសនា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់ លោក ម៉ម សូណង់ដូ ឬ​គណបក្ស​ខ្មែរ​សាមគ្គី របស់ អ្នកស្រី ឡាក់ សុភាព ជាដើម។ គណបក្ស​ប្រឆាំង​តូចៗ​ទាំងអស់​នេះ កន្លង​មក​សុទ្ធតែ​បាន​រិះគន់​ទៅ​លើ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ឆ្លើយ​តប​ការ​រិះគន់​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​ថ្លែង​ថា លោក​មិន​បារម្ភ​ចំពោះ​ការ​កកើត​ឡើង​នៃ​គណបក្ស​ប្រឆាំង​តូចៗ​ទាំងអស់​នេះ​ទេ។

ចំពោះ​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ គណបក្ស​នយោបាយ​តែង​បង្រួប​បង្រួម​គ្នា ពេល​ខ្លះ​មុន​ពេល​បោះ​ឆ្នោត ហើយ​ពេល​ខ្លះ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ជោគជ័យ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត ឬ​ធ្វើ​ឲ្យ​មាន​កម្លាំង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សភា។

លោក​បណ្ឌិត រស់ រ៉ាវុធ កត់​សម្គាល់​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច រួបរួម​គ្នា​ដោយ​ស្មោះ​ត្រង់​មែន​នោះ វា​នឹង​ធ្វើ​ឲ្យ​គណបក្ស​ពួក​គេ​មាន​ប្រជាប្រិយភាព និង​អាច​ទាក់ទាញ​អ្នក​គាំទ្រ​ច្រើន​ជាង​មុន​ថែម​ទៀត។ យ៉ាង​ណា លោក​ថា ប្រសិន​បើ​ការ​បង្រួប​បង្រួម​នោះ​មិន​មាន​គោលការណ៍​ច្បាស់លាស់​នោះ​ទេ វា​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាក់​ប្រជាប្រិយភាព​ជាង​មុន​ក៏​ថា​បាន៖ «ក្រុម​រាជា​និយម​បាន​ធ្វើ​ឲ្យ​ខូច​ឈ្មោះ ឬ​ល្អក់​កករ​ជាមួយ​អ្នក​គាំទ្រ​មួយ​រយៈ​កាល​កន្លង​មក តាំង​ពី​មាន​អាសនៈ​ក្នុង​សភា រហូត​ទៅ​ដល់​មិន​មាន​អាសនៈ​ក្នុង​សភា ប្រសិន​បើ​ជជែក​នោះ​មិន​បាន​ល្អ»

លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​រួបរួម​របស់​គណបក្ស​ទាំង​ពីរ​ក្លាយ​ជា​គណបក្ស​មួយ​ខ្លាំង គណបក្ស​ទាំង​ពីរ​ត្រូវ​បង្ហាញ​នូវ​គោល​នយោបាយ និង​គោលការណ៍​បក្ស​ឲ្យ​បាន​ច្បាស់លាស់​រៀងៗ​ខ្លួន និង​ត្រូវ​ដាក់​បង្ហាញ​គោល​នយោបាយ​ទាំងអស់​នោះ​ទៅ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។

ការ​បង្រួប​បង្រួម​គ្នា​នេះ ក្រោយ​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៣ លោក សម រង្ស៊ី ដែល​កាល​ណោះ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បង្កើត​ជា​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ តែ​នៅ​ទីបំផុត សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​បោះ​បង់ លោក សម រង្ស៊ី ហើយ​ទៅ​ចាប់​ដៃ​ជាមួយ លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។