គណបក្ស​ប្រឆាំង​នឹង​ចុះ​​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន​បើ​ការចរចា​មិន​ដំណើរការ

គណបក្សប្រឆាំង​នឹង​ងាក​ទៅ​និយាយ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​វិញ នៅ​ពេល​គណបក្ស​កាន់​អំណាច​មិន​ជួប​ចរចា។

អ្នក​តំណាងរាស្ត្រ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មករា ថា នៅ​ក្នុង​កិច្ចប្រជុំ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​រាជធានី ខេត្ត នៅ​ទីស្នាក់ការ​បក្ស ប្រធាន​ស្ដីទី​គណបក្សប្រឆាំង គឺ​លោក កឹម សុខា បាន​ថ្លែង​ថា បើ​គណបក្ស​កាន់​អំណាច​មិន​ត្រូវការ​ជួប​ចរចា​ជា​មួយ​ទេ នោះ​បក្ស​ប្រឆាំង​ត្រូវ​នាំ​គ្នា​ទៅ​និយាយ​ជាមួយ​ពលរដ្ឋ​នៅ​មូលដ្ឋាន​វិញ។

កាល​ពី​ថ្ងៃ​ទី១៨ ខែមករា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​បាន​ផ្លាស់ប្ដូរ​ចិត្ត​ភ្លាមៗ លើក​ពេល​ចរចា​ជា​មួយ​លោក កឹម សុខា ដោយ​មិន​កំណត់​ថ្ងៃ​ចរចា​ជាក់លាក់។ ដំបូង​ឡើយ ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ផ្ញើ​លិខិត​ទៅ​លោក កឹម សុខា ប្រធាន​ថ្នាក់​ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សន្យាជួបគ្នាថ្ងៃទី២៥ ខែ​មករា។

ការ​លុប​​ចោល​ការប្រជុំ​នេះ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​​ថ្ងៃ​ទី​១៦ ខែ​មករា ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ចង់​រំលាយ​​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុម​ថ្នាក់​ដឹកនាំ​តំណាង​រាស្ត្រ​នៅ​ក្នុង​សភា​ចោល​ដោយ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ត្រង់​ប្រការ ​៤៨​ថ្មី (បី) ព្រោះ​មិន​បាច់​ពិបាក​រៀបចំ​របៀបវារៈ​នៃ​ការប្រជុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។