បក្ស​សង្រ្គោះជាតិ​រង់ចាំ​ការ​ចរចា​បន្ត​ពី​បក្ស​ប្រជាជនកម្ពុជា

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ដឹង​ថា​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ នឹង​ជួប​គ្នា​ចរចា​បន្ត នៅ​ពេល​ឆាប់ៗ​នេះ តែ​មិន​ទាន់​បញ្ជាក់​អំពី​កាលបរិច្ឆេទ​ជាក់​លាក់​នោះ​ឡើយ។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ខ្លួន​រង់ចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ណាត់​ជួប​គ្នា​បន្ត​នេះ។

មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​លើក​ឡើង​ថា គណបក្ស​ទាំងពីរ​កំពុង​ពន្យារ​ពេល​ការ​ចរចា និង​លេង​ល្បែង​នយោបាយ​មួយ​ថ្មី​ទៀត ក្នុង​ការ​ចរចា​ពេល​ខាង​មុខ ពី​ព្រោះ​ថា​ទ្វារ​នៃ​ការ​ចរចា​គ្រាន់តែ​បាន​បើក តែ​គណបក្ស​ទាំងពីរ​មិន​បាន​ជួប​គ្នា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ឲ្យ​ពិតប្រាកដ​នៅឡើយ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ឧសភា​ថា​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជូន​របៀប​វារៈ ចរចា​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ បន្ទាប់ពី​ថ្នាក់​ដឹកនាំ​កំពូល​គណបក្ស​បានសម្រេច។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន និង​ជា​សមាជិក​ក្រុម​បច្ចេកទេស ចរចា​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះ​ជាតិ រង់ចាំ​ចម្លើយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ជួប​គ្នា​បន្ត​ជជែក​អំពី​ការចរចា​នេះ៖ «ជា​គោល​ការណ៍​យើង​បាន​ជួប​គ្នា ហើយ​សំខាន់ យើង​បាន​បញ្ជូន​របាយការណ៍​ជា​គោលការណ៍​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ តែ​យើង​មិន​ទាន់​មាន​អី​ទេ​គឺ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ»។

រី​ឯ​ប្រធាន​គណៈកម្មការ សេដ្ឋកិច្ច​និង​សវនកម្ម​នៃ​រដ្ឋសភា លោក បណ្ឌិត​រដ្ឋ ជាម យៀប និង​ជា​សមាជិក​ក្រុម​ការងារ​បច្ចេកទេស​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា​តំណាង​គណបក្ស​ទាំងពីរ​នឹង​ជួប​គ្នា​ឆាប់​ក្នុង​ពេល​ឆាប់ៗ ពី​ព្រោះ​ថា​គ្មាន​ជម្រើស​អ្វី​ល្អ​ជាង​ការចរចា​ទេ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ។ យ៉ាង​នេះ​ក្ដី លោក ជាម យៀប មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ជួប​គ្នា​ពិត​ប្រាកដ ទេ​អំពី​ការកំណត់​ជួប​គ្នា​រវាង​តំណាង​គណបក្ស​សង្គ្រោះជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ៖ «សភាព​ការណ៍​នៅ​កម្ពុជា ដែល​នៅ​សេសសល់​លើ​គ្រប់​ផ្នែក ដែល​គណបក្ស​ទាំង​ពីរ​ជាប់​ឆ្នោត​នៅ​រដ្ឋសភា​ហ្នឹង មាន​តែ​ការ​ចរចា​ទេ ​ដែល​ជា​ដំណោះស្រាយ​នោះ មិន​អាច​យក​គោល​ការណ៍​ដំណោះ​ស្រាយ​ធ្វើ​បាតុកម្ម​នោះ​អត់​បាន​ទេ អាហ្នឹង​អត់​បាន​ទេ»។

ការ​បង្ហើប​ឲ្យ​ដឹង​អំពី​ផែនការ​ជួប​គ្នា​ចរចា​បន្ត​នេះ នៅ​ខណៈ​ប្រទេស​ថៃ​កំពុង​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ធ្ងន់ធ្ងរ ហើយ​អ្នក​វិភាគ​នយោបាយ បាន​ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ត្រូវ​ពន្លឿន​ការ​ចរចា ក្នុង​ការ​រក​ឯកភាព​ជាតិ ដែល​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​នយោបាយ​កម្ពុជា ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​ប្រទេស​ជិត​ខាង​ដែល​កំពុង​តែ​មាន​វិបត្តិ​នេះ។

តំណាង​គណបក្ស​ទាំងពីរ​បាន​ជួប​គ្នា​កាលពី​ថ្ងៃ​ទី​២២ ឧសភា នោះ​ពិភាក្សា​អំពី​ចំណុច​មួយ​ចំនួន​ក្នុងចំណោម​១៤​ចំណុច ដែល​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​កាលពី​ខែមីនា។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា លោក បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍ថា​គណបក្ស​ទាំងពីរ​ហាក់​លេងល្បែង​នយោបាយ មួយ​ថ្មី​ទៀត​ក្នុង​ការ​ចរចា​បន្ត ព្រោះថា​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ថា ទ្វារ​ចរចា​នៅតែ​បើក​ចំហ តែ​បញ្ហា​ធ្វើ​ឲ្យ​ឈាន​ជួប​គ្នា​ក្នុង​ការចរចា ហាក់​ដូច​ជា​មិនទាន់​ច្បាស់លាស់​នៅឡើយ៖ «បាទ​ខ្ញុំ​គិត​ថា គណបក្ស​ទាំង​ពីរ​មិន​ទាន់ គិត​គូរ​ពី​ផល​ប្រយោជន៍​ជាតិ​ខ្ពស់​ជាង ផល​ប្រយោជន៍​បក្ស​នៅ​ឡើយ​ទេ អ៊ីចឹង​ហើយ​ទើប​មាន​ការ រាំង​ស្ទះ​ក្នុង​ការ​ចរចា​បាទ»។

ក្រុម​អ្នក​ជំនាញ​ការបោះឆ្នោត​ជប៉ុន ដែល​ដឹកនាំ​ដោយ​លោក សិនយ៉ា ម៉ូរី (Senya Mori) អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​គោល​នយោបាយ​សាធារណៈ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) បាន​ជួប​តំណាង​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី​២០ ឧសភា។ នៅ​ក្នុង​ជំនួប​ទាំង​តំណាង​គណបក្ស​ទាំងពីរ​នោះ អ្នក​ជំនាញ​ការ​បោះឆ្នោត​ជប៉ុន​បាន ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​ឆាប់​ត្រូវ​រ៉ូវ​គ្នា​លើ​រឿង​ជម្លោះ​នយោបាយ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ងាយ​នឹង​ជួយ​លើ​ការ កែ​ទម្រង់​ការ​បោះឆ្នោត​នេះ។

ក្រៅពី​ជួប​តំណាង​គណបក្ស​នយោបាយ​ទាំងពីរ អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​ជប៉ុន ក៏បាន​ជួប​តំណាង​អង្គការ សង្គម​ស៊ីវិល ដើម្បី​ស្រាវជ្រាវ​អំពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ដាក់​របាយការណ៍​ជាច្រើន ទាក់ទង​និង​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នេះ។ លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ចំណុច​ដែល​សំខាន់​នោះ មាន​៥​ចំណុច​ដូចជា សុំ​ឲ្យ​ជប៉ុន ជួយ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កែ​ទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ រៀបចំ​របៀប​ដោះ​ស្រាយ​ទំនាស់ និង សុំ​ឲ្យ​ជួយ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។