គណបក្សសង្គ្រោះជាតិ កំពុងធ្វើយុទ្ធនាការកៀរគរការគាំទ្រពីពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបានយ៉ាងតិច ៣លាននាក់ គឺច្រើនជាងពាក់កណ្ដាលនៃចំនួនអ្នកបោះឆ្នោតសរុប ក្នុងគោលដៅដាក់ញត្តិទៅអង្គការសហប្រជាជាតិ (អ.ស.ប)។ ពួកគេចង់ឲ្យអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលកើតឡើងនៅក្រោយការបោះឆ្នោតនៅកម្ពុជា ហើយនឹងអាចឆ្ពោះទៅព្យួរសមាជិកភាពកម្ពុជា នៅអង្គការនេះ។
តើការទាមទាររបស់គណបក្សប្រឆាំងមានលទ្ធភាពកម្រិតណា ក្នុងការទាក់ទាញការយកចិត្តទុកដាក់ពីអង្គការសហប្រជាជាតិ?
ការប្រមូលស្នាមមេដៃអ្នកគាំទ្រ ត្រូវមេដឹកនាំគណបក្សប្រឆាំងប្រកាសជាសាធារណៈនៅក្នុងពេលធ្វើសមាជមហាជន កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា សំឡេងប្រជាពលរដ្ឋគាំទ្រ នឹងជួយអោយគណបក្សនេះអាចទៅចរចារកការគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិផង។
និយាយដល់អង្គការសហប្រជាជាតិ គណបក្សនេះមានបំណងធំមួយ គឺការទាមទារអោយព្យួរជាបណ្ដោះអាសន្ននូវអាសនៈសមាជិកភាពរបស់កម្ពុជា។
មកដល់ពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា កំពុងធ្វើដំណើរទៅតាមបណ្ដាប្រទេសម្ចាស់ជំនួយមួយចំនួន ក្នុងគោលដៅរកសំឡេងគាំទ្រអោយជួយដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ទាក់ទិននឹងការព្យួរសមាជិកភាពកម្ពុជា ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មើលឃើញថា ទំនងថាមានការលំបាកសម្រាប់គណបក្សប្រឆាំង ដ្បិតជាទូទៅ អង្គការសហប្រជាជាតិពុំធ្លាប់ពិចារណាដក ឬព្យួរសមាជិកភាពរបស់ប្រទេសណាមួយឡើយ ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។
ក្នុងជំពូក២នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលនិយាយពីសមាជិកភាព បញ្ជាក់ថា សមាជិកភាពគឺបើកចំហសម្រាប់ប្រទេសទាំងឡាយក្នុងពិភពលោក ដែលស្រឡាញ់សន្តិភាព និងប្ដេជ្ញាគោរពតាមធម្មនុញ្ញនៃអង្គការនេះ។ យ៉ាងណា រាល់ការសម្រេចពីការទទួល ឬបណ្ដេញសមាជិកណាមួយ គឺត្រូវឆ្លងកាត់ការសម្រេចរបស់ក្រុមប្រឹក្សាអចិន្ត្រៃយ៍ ដែលជាទូទៅធ្វើឡើងនៅពេលមានមហាសន្និបាតអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណា ក្នុងធម្មនុញ្ញនេះពុំបានចែងដល់ការព្យួរសមាជិកភាពឡើយ។
ប៉ុន្តែ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោក សុខ ទូច មានប្រសាសន៍ថា ក្នុងករណីនេះ កម្ពុជា ធ្លាប់មានបទពិសោធន៍ម្ដងរួចហើយកាលពីចុងទសវត្សទី៧០ និងក្នុងទសវត្ស៨០។ ហេតុនេះ គណបក្សប្រឆាំងទំនងថាអាចនឹងមានលទ្ធភាពច្រើនក្នុងការស្នើអោយអង្គការសហប្រជាជាតិ ពិចារណាចំពោះសំណើរបស់ខ្លួន។
លោក សុខ ទូច បន្តថា គណបក្សប្រឆាំងត្រូវរៀបចំអោយទាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រសិនបើគណបក្សនេះមានបំណងដាក់សំណើអោយមានការព្យួរអាសនៈកម្ពុជា មែននោះ។ យ៉ាងណា លោក សុខ ទូច បញ្ជាក់ថា គណបក្សប្រឆាំងគួរមានជំហានបន្តបន្ទាប់ មុននឹងឈានដល់ការដាក់ស្នើព្យួរអាសនៈរបស់កម្ពុជា។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ជារៀងរាល់ឆ្នាំ ចាប់ផ្ដើមនៅពាក់កណ្ដាលខែកញ្ញា បន្តរហូតដល់ចុងខែវិច្ឆិកា។ ជាទូទៅ កិច្ចប្រជុំកំពូលនេះមានការចូលរួមពីគ្រប់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ។ បញ្ហាជាច្រើន ត្រូវលើកឡើងក្នុងកិច្ចប្រជុំ ដើម្បីដាក់អោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ សម្រេច។ រាល់សកម្មភាពរបស់អង្គការសហប្រជាជាតិ គឺផ្ដោតលើគោលដៅធំៗចំនួន៤ គឺរក្សាសន្តិភាពក្នុងពិភពលោក បង្កើនចំណងមិត្តភាពក្នុងចំណោមប្រជាជាតិ គាំពារ ជ្រោមជ្រែងអោយប្រជាជាតិទាំងអស់រួបរួមគ្នា ជួយដល់ពលរដ្ឋក្រីក្រ ប្រយុទ្ធនឹងទុរ្ភិក្ស អនក្ខរភាព និងជំងឺរាតត្បាត និងជំរុញអោយគោរពសិទ្ធិ និងសេរីភាពគ្នាទៅវិញទៅមក ហើយអង្គការសហប្រជាជាតិ ជាស្នូលនៃសកម្មភាពទាំងឡាយ ដើម្បីអោយរដ្ឋនីមួយៗបានសម្រេចតាមគោលដៅរបស់ខ្លួន។
ចំពោះអ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា គណបក្សប្រឆាំងទំនងថាពិបាកនឹងចូលទៅរកអង្គការសហប្រជាជាតិ ដោយខ្លួនឯង ដ្បិតពួកគេអាចត្រឹមតែជាតំណាងនៃពលរដ្ឋមួយភាគ ដែលពុំមែនជារដ្ឋមួយ។ លោកថា គណបក្សប្រឆាំងអាចធ្វើនយោបាយការបរទេសកៀរគររកការគាំទ្រពីបណ្ដាប្រទេស ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស អោយជួយនាំយកសំណើរបស់ខ្លួនទៅអង្គការសហប្រជាជាតិ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ មានប្រទេសចំនួន១៨ បានចុះហត្ថលេខាទទួលស្គាល់កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ប្រទេសទាំងនោះរួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ចិន បារាំង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត អង់គ្លេស សហរដ្ឋអាមេរិក វៀតណាម និងយូហ្គោស្លាវី។
មកដល់ពេលនេះ ប្រទេសមួយចំនួនក្នុងចំណោមប្រទេសជាហត្ថលេខីទាំងនោះបានប្រកាសជំហរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងបន្តសហប្រតិបត្តិការរដ្ឋាភិបាលអាណត្តិថ្មី។ ក្នុងនោះ ក៏មានប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។
ប្រសិនបើគណបក្សប្រឆាំងអាចកៀរគររកការគាំទ្រពីប្រទេសផ្សេងៗទៀត មានដូចជា សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស ជាដើម ទើបអាចមានលទ្ធភាពច្រើនក្នុងការដាក់សំណើទៅអង្គការសហប្រជាជាតិ ទៅតាមអ្វីដែលខ្លួនចង់បាន។
ករណីនេះ អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ បានផ្ដល់អនុសាសន៍ថា គណបក្សប្រឆាំងក៏អាចប្រើប្រាស់មធ្យោបាយដែលមានស្រាប់ដូចជា ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលតែងផ្ដោតការយកចិត្តទុកដាក់លើបញ្ហានៅកម្ពុជា។
កន្លងមក អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់បានរាយការណ៍បញ្ហាសិទ្ធិមនុស្សនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ និងបានស្នើនូវអនុសាសន៍មួយចំនួន។ ហើយថ្មីៗនេះ លោក សុរិយា ស៊ូប៊ែឌី បានសរសេរក្នុងរបាយការណ៍របស់លោក ដែលដាក់ទៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៦៨ រិះគន់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការបង្កើតរដ្ឋសភា នៅក្រោយការបោះឆ្នោត ដោយមានតែគណបក្សប្រជាជនកម្ពុជា ថាកំពុងរំលោភបំពានសិទ្ធិសេរីភាពពលរដ្ឋ។ ប៉ុន្តែ របាយការណ៍នោះត្រូវមន្ត្រីរដ្ឋាភិបាលច្រានចោល ដោយសំអាងថាជារបាយការណ៍ដែលគ្មានមូលដ្ឋានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។