តំណាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ​ពិភាក្សា​ពី​របៀបវារៈ​ក្នុង​ការ​ចរចា​បន្ត

0:00 / 0:00

តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ​ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឧសភា នេះ ដែល​ជជែក​អំពី​របៀបវារៈ​ក្នុង​ការ​ចរចា​បន្ត​ទៀត។ ហើយ​តំណាង​គណបក្ស​ទាំង​ពីរ បាន​យក​ការ​ពិគ្រោះ​យោបល់​គ្នា​នេះ ដាក់​ជូន​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​រៀងៗ​ខ្លួន រួច​នឹង​ណាត់​ជួប​គ្នា​បន្ត​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា តំណាង​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​ម្ដង​ទៀត នៅ​ដើម​សប្ដាហ៍​ក្រោយ​យក​លទ្ធផល​ពី​ថ្នាក់​ដឹក​នាំ​រៀងៗ​ខ្លួន​មក​ពិគ្រោះ​គ្នា​បន្ត ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចា​ក្រុម​បច្ចេកទេស។

លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា លោក​បាន​ជួប​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ឯកភាព​លើ​គោលដៅ​ទាំង ១៤​ចំណុច ដែល​ក្រុម​បច្ចេកទេស​នៃ​គណបក្ស​ទាំង​ពីរ បាន​ចុះ​កិច្ច​ព្រមព្រៀង​រួម​គ្នា កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤។ តែ​យ៉ាង​នេះ​ក្ដី លោក គួយ ប៊ុនរឿន បញ្ជាក់​ថា មិន​ទាន់​មាន​លទ្ធផល​ពិត​ប្រាកដ​ទេ រង់ចាំ​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​សម្រេច។

«សំឡេង»

គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នោះ រួម​មាន ការ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត រៀបចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត អព្យាក្រឹត្យ​ភាព សុចរិត​ភាព​របស់​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​គណបក្ស​នយោបាយ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ ការ​សង្កេតការណ៍​បោះ​ឆ្នោត អព្យាក្រឹត្យ​ភាព​នៃ​មន្ត្រី​រាជការ​កង​កម្លាំង​ប្រដាប់​អាវុធ កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត បទបញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត កែ​សម្រួល និង​ពង្រឹង​ទោស​បញ្ញត្តិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត ការ​ឃោសនា​បោះ​ឆ្នោត ការ​បោះ​ឆ្នោត​មេ​ភូមិ និង​ការ​ស្ទង់​មតិ។

ប៉ុន្តែ អ្វី​ដែល​ឈាន​ដល់​ក្រុម​បច្ចេកទេស​បក្ស​ទាំង​ពីរ​ផ្អាក​ការ​ចរចា​ជា​បណ្ដោះអាសន្ន​នោះ គឺ​ខុស​គ្នា​ត្រង់​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ដាក់​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ។

លោក គួយ ប៊ុនរឿន អះអាង​ថា ចំណុច​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ​នេះ លោក​ក៏​បាន​ជជែក​ជាមួយ​ឯកឧត្តម ព្រុំ សុខា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ។

ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ការ​ចរចា​បញ្ចប់​នយោបាយ​នោះ អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បញ្ចប់​ជម្លោះ​នយោបាយ​មែន​នោះ គឺ​អាច​ឈាន​ដល់​ជួប​ថ្នាក់​ដឹក​នាំ​កំពូល​ទៀត។

«សំឡេង»

អ្នក​វិភាគ​នយោបាយ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ គណបក្ស​នយោបាយ​ទាំង​ពីរ​ត្រូវ​តម្កល់​ជាតិ​ជា​ធំ ពិសេស​នៅ​ខណៈ​ដែល​អ្នក​ជំនាញ​ការ​បោះ​ឆ្នោត​ជប៉ុន បាន​ចូល​ខ្លួន​មក​ជួយ​កម្ពុជា លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។