ជាក់ស្តែងនៅក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ មន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំ បានគំរាមបេក្ខជនមេភូមិគណបក្សសង្គ្រោះជាតិ។
បេក្ខជនគណបក្សសង្គ្រោះជាតិ មួយរូប អះអាងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ គំរាមគាត់ថា បើនៅបន្តធ្វើការជាមួយគណបក្សសង្គ្រោះជាតិ នឹងមានបញ្ហានៅថ្ងៃមុខ។
លោក ហឹម ហាក់ បេក្ខជនមេភូមិសាមគ្គី របស់គណបក្សសង្គ្រោះជាតិ ថ្លែងថា លោក ហ៊ន វី ជាប្រធានគណបក្សប្រជាជនកម្ពុជា ឃុំអង្គរបុរី ប្រាប់គាត់ឲ្យយកប្រាក់ ៥០០ដុល្លារ ហើយឈប់ធ្វើការជាមួយគណបក្សសង្គ្រោះជាតិ។ លោកអះអាងថា លោក ហ៊ន វី បានប្រើពាក្យនេះមកលើគាត់ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ថានឹងមានបញ្ហា បើគាត់បន្តឈរឈ្មោះបេក្ខជនភូមិ។
លោក ហឹម ហាក់៖ «ដំណាក់កាលជិតបោះឆ្នោតហ្នឹង ខ្ញុំព្រួយបារម្ភក្នុងចិត្តដែរ ព្រោះបញ្ហាខ្ញុំហ្នឹង ទើបអាណត្តិហ្នឹងដែល គេចង់លខ្ញុំតាំងពីអាណត្តិមុននោះ តែអត់មានបញ្ហាធ្ងន់ធ្ងរដូចឥឡូវទេ។ បើសិនជាយើងមិនចូលទៅគេ ច្បាស់ជាថ្ងៃក្រោយមានគ្រោះថ្នាក់អីអាហ្នឹងមិនដឹងទេ ព្រោះគេបោះសម្ដីមកល្ងាចមិញ សម្ដីហ្នឹងវាធ្ងន់ធ្ងរណាស់ អីចឹងហើយបានជាគេទិញខ្ញុំអត់បាន។ ដល់ទីចុងបំផុត គេគំរាម បើសិនថា បើខ្ញុំមិនព្រមចូលទេ ថ្ងៃក្រោយមានបញ្ហាដល់ខ្លួនខ្ញុំ»។
ឆ្លើយតបនឹងការចោទនោះ លោក ហ៊ន វី ថ្លែងថា គាត់និយាយលេងជាមួយបងប្អូនជីដូនមួយនៅពេលផឹកស្រាជាមួយគ្នា។ គាត់មិនបានគំរាមកំហែង ឬអូសទាញលោក ហឹម ហាក់ នោះទេ៖ «អត់ទេ មិនមែនជាការពិតទេ អានោះកុំខ្លាចខ្ញុំគំរាម ធ្វើបាបធ្វើអីនោះ គ្មានទេវាសុទ្ធតែគ្នាយើង ហើយបែកគ្នាទៅវិញទៅមក»។
អនុប្រធានប៉ុស្តិ៍រដ្ឋបាលឃុំអង្គរបុរី លោក សៅ សឿន ថ្លែងថា សមត្ថកិច្ចមិនទាន់បានទទួលពាក្យបណ្ដឹងពីការគំរាមកំហែងរបស់មន្ត្រីគណបក្សមួយទៅគណបក្សមួយទៀតនៅឡើយ។
ប្រធានគណបក្សសង្គ្រោះជាតិ ស្រុកអង្គរបុរី លោក អ៊ុំ គាវ ថ្លែងថា លោកកំពុងពិភាក្សាជាមួយជនរងគ្រោះ ដើម្បីដាក់ពាក្យប្ដឹងបុគ្គលគណបក្សប្រជាជន ដែលប្រើអំណាចអូសទាញសកម្មជនគណបក្សផ្សេងទៅចូលរួមគណបក្សប្រជាជនកម្ពុជា ដោយវិធីបោកប្រាស់ឲ្យយកប្រាក់ជាដើម។
ជំទប់ទី១ ឃុំអង្គរបុរី លោក ហួត ចាំ ថ្លែងថា ក្នុងឃុំនេះមិនធ្លាប់មានករណីគំរាមកំហែង ឬមានអំពើហិង្សារវាងអ្នកគាំទ្រគណបក្សនយោបាយទេ។ លោកទើបបានទទួលពាក្យប្ដឹងផ្ទាល់មាត់ពីលោក ហឹម ហាក់ គឺថាលោក ហ៊ន វី បានគំរាមគាត់កាលពីរសៀលថ្ងៃទី១៨ ថានឹងមានបញ្ហានៅថ្ងៃក្រោយ បើលោក ហឹម ហាក់ បន្តគាំទ្រគណបក្សសង្គ្រោះជាតិ។ បញ្ហានេះ អាជ្ញាធរឃុំនឹងឃ្លាំមើលសកម្មភាពអ្នកទាំងពីរ ក្រែងមានអំពើហិង្សាអាចកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។