អាជ្ញាធរខេត្តបាត់ដំបង ប្រតិកម្មចំពោះការធ្វើអត្ថាធិប្បាយរបស់មន្ត្រីគណបក្សប្រឆាំង ដែលចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយខ្នងកងកម្លាំងប៉ូលិស ជំរុញឲ្យមានអំពើហិង្សាប៉ះទង្គិចគ្នាមួយប្រាវ រវាងកងកម្លាំងប៉ូលិស និងប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈមួយនៅខេត្តបាត់ដំបង។
មន្ត្រីនាំពាក្យសាលាខេត្តបាត់ដំបង លោក វ៉ឹង មុនី ថ្លែងនៅថ្ងៃទី២៣ ខែសីហា ថា លោកស្រី មូរ សុខហួរ បានចោទប្រកាន់យ៉ាងធ្ងន់ធ្ងរទៅលើបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានភាពចាស់ទុំខាងផ្នែកនយោបាយ ហើយពុំបានបញ្ជានៅពីក្រោយខ្នងនៃព្រឹត្តិការណ៍នោះទេ៖ «លោកស្រី មូរ សុខហួរ គាត់តែងតែកេងចំណេញខាងផ្នែកនយោបាយ គាត់ព្យាយាមធ្វើម៉េចដើម្បីបានផលចំណេញខាងផ្នែកនយោបាយ ម្ល៉េះហើយ គាត់តែងតែចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ហើយរឿងនេះមិនមែនជារឿងប្លែកទេ ហើយគាត់តែងធ្វើជារៀងកន្លងមក»។
កាលពីថ្ងៃទី២២ ខែសីហា ប៉ូលិសក្រុងបាត់ដំបង ជាច្រើននាក់ ប្រដាប់ដោយខែល និងដំបង បានប៉ះទង្គិច ដោយមានការរុញច្រានគ្នាជាមួយ លោកស្រី មូរ សុខហួរ និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខាងមុខបរិវេណរោងវេទិកាប្រជុំជាសាធារណៈ នៅភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកស្រី មូរ សុខហួរ ចោទថា សមត្ថកិច្ចប៉ូលិសដែលហាមឃាត់ប្រជាពលរដ្ឋមិនឲ្យចូលរួមនៅក្នុងវេទិកានោះ គឺមានគណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នង។
លោកស្រី មូរ សុខហួរ៖ «ហើយសូមឲ្យឯកឧត្ដម ប្រាជ្ញ ចន្ទ ជ្រាបថា ប្រជាពលរដ្ឋលោកបានបោះឆ្នោតជ្រើសរើសទៅហើយ អ្វីដែលធ្វើឲ្យគណបក្សឡើងនៅខេត្តក្រុងបាត់ដំបង ជាង ១ម៉ឺន ៧ពាន់សន្លឹកឆ្នោតនោះ យកនគរបាលយកប្រដាប់អាវុធមកបំបាក់ស្មារតីប្រជាពលរដ្ឋ តែបំបាក់អត់បានទេ។ គណបក្សប្រជាជន ដូរទៅឥរិយាបថហ្នឹង ទុកខ្មែរជាខ្មែរ មិនមែនសមរភូមិនៅសង្កាត់អូរចារ ទេ សមរភូមិរបស់យើង គឺការពារព្រះវិហារ ការពារព្រំប្រទល់របស់យើងកុំឲ្យអ្នកជិតខាងមកយកទឹកដីរបស់យើង ហើយខ្ញុំជឿជាក់ថា នគរបាលទាំងប៉ុន្មានលោកអត់មានឆន្ទៈ អត់មានស្មារតីហ្នឹង ក្នុងការស្ដាប់បញ្ជារបៀបហ្នឹងទៀតទេ»។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ កាលពីថ្ងៃទី១៤ សីហា បានជូនដំណឹងទៅសង្កាត់អូរចារ ដើម្បីរៀបចំវេទិកាផ្លាស់ប្ដូរព័ត៌មានស្ដីពីដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែសីហា។ ប៉ុន្តែ សាលាសង្កាត់អូរចារ បដិសេធថា ទីតាំងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវរៀបចំវេទិកានោះ មានវិសាលភាពធំ មិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សាលាសង្កាត់បានបញ្ជូនបញ្ហានេះទៅសាលាក្រុង។ សាលាក្រុងបាត់ដំបង បានចារលើលិខិតរបស់សាលាសង្កាត់ ប្រាប់ឲ្យអង្គការទៅសុំច្បាប់ពីរដ្ឋបាលសាលាខេត្តបាត់ដំបង។

ទាក់ទិនបញ្ហានេះ មន្ត្រីនាំពាក្យសាលាខេត្ត លោក វ៉ឹង មុនី បដិសេធថា សាលាខេត្តបាត់ដំបង ពុំទទួលបានលិខិតជូនដំណឹង លិខិតស្នើសុំរៀបចំវេទិកានោះទេ។ បញ្ហានេះ ទំនងកើតមានឡើងដោយសារកំហុសបច្ចេកទេសរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលពុំបានស្នើសុំការអនុញ្ញាត និងសុំគោលការណ៍ដើម្បីរៀបចំ ដូចដែលសាលាសង្កាត់អូរចារ បានបញ្ជាក់ច្បាស់នៅក្នុងខ្លឹមសារលិខិតផ្ញើទៅអង្គការវិញ៖ «តាមពិតទៅ អាហ្នឹងមិនមែនជាលិខិតដែលសាលាក្រុងដែលគាត់ចេញទេ ជាលិខិតដើមរបស់សាលាសង្កាត់ ដែលគាត់ចម្លងជូន បើយើងនិយាយពីខ្លឹមសាររដ្ឋបាល មិនមែនជាលិខិតស្នើសុំមករដ្ឋបាលសាលាខេត្តទេ»។
ទាក់ទិនប្រតិកម្មរបស់អាជ្ញាធរខេត្តនេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ថា គេមិនអាចរកភស្តុតាងណាមួយមកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយខ្នងរឿងនេះទេ ប៉ុន្តែព្រឹត្តិការណ៍កាលពីថ្ងៃទី២២ សីហា ជារឿងនយោបាយ។ លោកថា មានទឡ្ហីករណ៍ខ្លះដែលអាចបង្ហាញបាន ដូចជាប្រធានបទនៅក្នុងវេទិកានោះ និយាយអំពីការផ្លាស់ប្ដូរព័ត៌មានជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ ម៉្យាងវិញទៀត ភាពចម្រូងចម្រាស និងរដ្ឋាភិបាលថ្មីមិនទាន់បង្កើតបាននៅឡើយ៖ «អ៊ីចឹង នេះជាទឡ្ហីករណ៍ដែលបង្ហាញថា នេះជារឿងនយោបាយ ហើយយើងចេះតែនាំគ្នារសើប នាំគ្នាភ័យ ហ្នឹងវាជ្រុលពេក មួយទៀត ពាក់ព័ន្ធនឹងលិខិតស្នាមដែលអាជ្ញាធរថ្នាក់ខេត្តអត់បានដឹងអត់បានទទួល នេះគឺជាកំហុសរបស់កូនចៅខ្លួនដែលអត់បានផ្ដល់ព័ត៌មានទាំងអស់នេះ»។
សមាគមអាដហុក សង្កត់ធ្ងន់ថា យោងលើសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានតម្រូវឲ្យអង្គការសមាគមនានានៅពេលរៀបចំវេទិកា កិច្ចប្រជុំ សិក្ខាសាលាអ្វីមួយ ត្រូវជូនដំណឹងទៅតែអាជ្ញាធរមូលដ្ឋានជាចាំបាច់។ ករណីនេះ លោកចាត់ទុកថា ពុំមែនជាកំហុសរបស់អង្គការទេ ប៉ុន្តែបើសិនជាមានកំហុស កំហុសនោះបង្កឡើងដោយសារអាជ្ញាធរមូលដ្ឋានសង្កាត់ក្រុង។ ប៉ុន្តែ មន្ត្រីសាលាខេត្តអះអាងថា គ្រប់អង្គការសមាគមទាំងអស់ ត្រូវគោរពលិខិតបទដ្ឋាន ការណែនាំរបស់ក្រសួងមហាផ្ទៃ ទាក់ទងទៅនឹងការរៀបចំវេទិកា ការប្រមូលផ្ដុំទ្រង់ទ្រាយធំ តម្រូវឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ ហើយត្រូវជូនដំណឹង ឬការសុំគោលការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលសាលាខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។