ស្ថានទូត​ខ្មែរ​នៅ​វ៉ាស៊ីនតុន​បដិសេធ​មិន​ទទួល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក

មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន (Washington DC)បដិសេធ​មិន​ទទួល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ៧​រូប ដែល​បាន​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លិខិត​នោះ​បង្ហាញ​នូវ​ក្តី​បារម្ភ​ពី​ស្ថានការណ៍​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស ពី​សំណាក់​រដ្ឋាភិបាល លោក ហ៊ុន សែន។

លិខិត​ជូន​ដំណឹង​របស់​លេខាធិការ​ស្ថានទូត​ទី​១ ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក អ្នកស្រី ឡាំ បញ្ចពរ ចុះ​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ កុម្ភៈ ឲ្យ​ដឹង​ថា ស្ថានទូត​បាន​ជូន​ដំណឹង​ទៅ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ទាំង ៧​នាក់​រួច​ហើយ​ថា ស្ថានទូត​មិន​អាច​ទទួល​លិខិត​នោះ ដើម្បី​ផ្ញើ​បន្ត​ទៅ លោក ហ៊ុន សែន បាន​ទេ។ ស្ថានទូត​ក៏​បាន​បញ្ជូន​លិខិត​ទៅ​ម្ចាស់​ដើម​វិញ​ហើយ។

អ្នកស្រី ឡាំ បញ្ចពរ មិន​បាន​បញ្ជាក់​មូលហេតុ​ដែល​ស្ថានទូត​ខ្មែរ មិន​អាច​ទទួល​លិខិត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​ឡើយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​កុម្ភៈ សមាជិក​ព្រឹទ្ធសភា ទាំង ៧​រូប​រួម​មាន លោក គ្រីស្តូហ្វ័រ មឺរហ្វី (Christopher Murphy) លោក រីឆាត ប្លូមេនថាល (Richard Blumentha) អ្នកស្រី អេមី ក្លូប៊ូឆា (Amy Klobuchar) លោក អាល់ ហ្វ្រេងកេន (Al Franken) អ្នកស្រី ម៉ារីយ៉ា ខាន់វែល (Maria Cantwell) លោក ស្ហែលដិន វាយហៅស៍ (Sheldon Whitehouse) និង​អ្នកស្រី អេលីហ្សាបែត វ័ររេន (Elizabeth Warren) បញ្ជាក់​ច្បាស់​ថា ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស សហរដ្ឋ​អាមេរិក នឹង​បន្ត​តាម​ដាន​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា យ៉ាង​ដិតដល់។

សមាជិក​ព្រឹទ្ធសភា ទាំង ៧​រូប បាន​ប្រាប់​ទៅ លោក ហ៊ុន សែន ថា ពួក​លោក​គាំទ្រ​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ដែល​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ទាមទារ​ឲ្យ​ដោះ​លែង លោក មៀច សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិកាំង ពី​ការ​ឃុំឃាំង ព្រម​ទាំង​សុំ​ឲ្យ​បញ្ចប់​ការ​ដណ្ដើម​ដីធ្លី​ទាំង​បង្ខំ​ពី​ប្រជាពលរដ្ឋ និង​ឲ្យ​ផ្ដន្ទាទោស​ជន​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។ លោក ហ៊ុន សែន គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​ដើម​សប្ដាហ៍​ក្រោយ។

សារព័ត៌មាន​អាមេរិក ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គ្រោង​នឹង​លើក​ឡើង​ពី​សារប្រយោជន៍​នៃ​នីតិរដ្ឋ និង​តួនាទី​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មេ​ដឹក​នាំ​អាស៊ាន ប៉ុន្តែ​ប្រហែល​ជា​មិន​ធ្វើ​ការ​រិះគន់​ឲ្យ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។