មន្ត្រីជាន់ខ្ពស់កម្ពុជា និងវៀតណាម បន្តពិភាក្សាគ្នាលើការដោះស្រាយរឿងព្រំដែននៅថ្ងៃទី៣០ សីហា នៅទីក្រុងភ្នំពេញ។ នៅថ្ងៃនេះ ភាគីទាំងពីរធ្វើពង្រាងសេចក្ដីថ្លែងការណ៍រួម ដែលសរុបលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីនៅថ្ងៃទី២៩ សីហា។
ទោះបីជាយ៉ាងណា ភាគីទាំងពីរមិនទាន់អាចចេញសេចក្ដីថ្លែងការណ៍រួមបាននៅឡើយទេ ដោយសារភាគីវៀតណាម ជំទាស់នឹងចំណុចមួយ។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ថ្លែងប្រាប់អាស៊ីសេរី ថា ចំណុចដែលខ្វែងគំនិតនោះ គឺភាគីវៀតណាម មិនយល់ស្របបញ្ចូលយន្តការ "ខ្សែព្រំដែនមិនកែប្រែ"៖ «សន្ធិសញ្ញាទាំងអស់ យើងយកតែផែនទីដែលបន្សល់ទុកឲ្យពីអាណាព្យាបាល ពីយើងទទួលបាន ឯករាជ្យ ឬខ្សែព្រំដែនខ្នាតមួយលើមួយរយពាន់ (1/100.000) របស់ឥណ្ឌូចិន»។
លោកបន្តថា ក្រុមការងាររបស់ភាគីវៀតណាម ដែលមកចរចានៅទីក្រុងភ្នំពេញ ជាក្រុមមនុស្សថ្មីដែលមិនទាន់យល់ពីការងារបច្ចេកទេសដោះស្រាយរឿងព្រំដែនប្រទេសទាំងពីរ៖ «ខ្ញុំគិតថា គាត់ក្ដាប់យន្តការអន្តរជាតិមួយហ្នឹងមិនបាន។ យើងក៏មិនចង់ទុកឲ្យ (បញ្ហា) នៅតទៅទៀតដែរ បើគាត់មិនយល់ទេ ដក (ចំណុចហ្នឹង) ចោល ក៏ដកទៅចុះ តែមិនព្រមដកទៀត»។
លោកថា "ខ្សែព្រំដែនមិនកែប្រែ" ភាគីទាំងពីរយកជាសំអាងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ឆ្នាំ១៩៨៣ ឆ្នាំ១៩៨៥ និងឆ្នាំ២០០៥។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា លោក លេ ហ៊យ ជុង (Le Hoai Trung) ថ្លែងប្រាប់ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង នៅថ្ងៃទី២៩ សីហា ថា វៀតណាម យល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា ទាក់ទងនឹងការរំលោភចូលអធិបតេយ្យភាពទឹកដីកម្ពុជា ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម តែបានបដិសេធថា វៀតណាម មិនបានរំលោភចូលទឹកដីកម្ពុជា នោះទេ។
កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្ដីពីការដោះស្រាយវិវាទតាមព្រំដែនប្រទេសទាំងពីរនាទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូត និងលិខិតតវ៉ាការរំលោភចូលទឹកដីកម្ពុជា ពីសំណាក់វៀតណាម។
លោក វ៉ា គឹមហុង នៅថ្ងៃទី៣០ សីហា បញ្ជាក់ថា ភាគីកម្ពុជា និងវៀតណាម នឹងបញ្ជូនពង្រាងសេចក្ដីថ្លែងការណ៍រួមឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ពិនិត្យសម្រេច បន្ទាប់ពីចរចាត្រូវគ្នាហើយ នៅពេលខាងមុខ តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។