បើនិយាយអំពីកាកបាទក្រហម មនុស្សភាគច្រើនដឹងភ្លាមថា ជាក្រុមមួយសម្រាប់ចែកជំនួយមនុស្សធម៌ដល់ជនរងគ្រោះ ជនក្រីក្រ និងជួយដល់ការថែទាំសុខភាពរបស់មនុស្សដោយមិនគិតអំពីនិន្នាការនយោបាយនោះឡើយ។
ទស្សនវិស័យរបស់កាកបាទក្រហម គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល ដែលមានលក្ខណៈស្មុគស្មាញក្នុងការសង្គ្រោះជីវិតមនុស្ស និងដើម្បីពន្លឿនកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។ តើស្ថាប័នកាកបាទក្រហមកម្ពុជា មានទិសដៅ និងសកម្មភាពស្របទៅតាមគោលការណ៍ជាមូលដ្ឋានមនុស្សធម៌នេះដែរឬទេ?
វាដូចជាមិនពិបាកមើលឃើញសោះថា ស្ថាប័នកាកបាទក្រហមកម្ពុជា បន្តិចម្តងៗបានត្រូវគេប្រែក្លាយអោយទៅជាស្ថាប័នដែលប្រកាន់និន្នាការនយោបាយ ហើយញាំញីទៅដោយក្រុមប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលកម្ពុជា។ មិនតែប៉ុណ្ណោះទេ ស្ថាប័នមួយនេះក៏ក្លាយទៅជាកន្លែងលាងលុយរបស់ក្រុមឧកញ៉ាកំពូលៗ និងជាកន្លែងទទួលបានយ័ន្តស័ក្ដិសិទ្ធិ ដើម្បីរកស៊ីជួញដូរខុសច្បាប់។ ក៏ប៉ុន្តែ ប្រការសំខាន់ជាងគេបំផុតនោះ កាកបាទក្រហមកម្ពុជា គឺជាសេនាធិការរកសំឡេងឆ្នោតឲ្យគណបក្សកាន់អំណាចតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័ររបស់កាកបាទក្រហមកម្ពុជា បង្ហាញថា កាកបាទក្រហមបើកទូលាយសម្រាប់ជនគ្រប់រូប ស្ថាប័នជាតិ ឬឯកជន ដោយមិនបែងចែកពូជសាសន៍ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។
កាកបាទក្រហមកម្ពុជា ឈរលើគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិ រួមមានភាពជាមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
ក៏ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលនិយាយថា កាកបាទក្រហមកម្ពុជា បានដើរខុសពីគោលការណ៍ទាំង ៧ប្រការរបស់ខ្លួន ដោយខកខានមិនបានបង្ហាញឲ្យសាធារណជនបានដឹងអំពីចំណូល និងចំណាយរបស់ខ្លួននោះឡើយ។
គេហទំព័ររបស់កាកបាទក្រហមកម្ពុជា បានត្រឹមតែអនុញ្ញាតឲ្យមនុស្សបង់វិភាគទានប៉ុណ្ណោះ ប៉ុន្តែមិនបានរៀបរាប់លម្អិតនូវតម្លាភាព អំពីខ្ទង់ថវិការបស់ខ្លួននោះឡើយ។
អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម លោក កែម ឡី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ខ្ទង់ចំណូលដែលបានមកពីវិភាគទានរបស់កាកបាទក្រហម ស្ថិតក្នុងភាពអាថ៌កំបាំង ហើយក៏មិនបានបង្ហាញពីរបាយការណ៍ចំណាយសរុបប្រចាំឆ្នាំដែរ៖ «កង្វះខាតទីបី គឺប្រព័ន្ធហ្នឹងឯងដែលយើងនិយាយអំពីប្រព័ន្ធគណនេយ្យភាព និងប្រព័ន្ធតម្លាភាព ឬប្រព័ន្ធហិរញ្ញវត្ថុហ្នឹងឯង។ យើងមិនទាន់ចោទប្រកាន់ថា ប្រព័ន្ធគេមិនស្អាតស្អំទេ ពីព្រោះយើងអត់ទាន់ឃើញ។ គេក៏មិនឲ្យយើងដឹង ប៉ុន្តែគ្រាន់តែថាកាលណានៅភាពអាថ៌កំបាំងអ៊ីចឹង យើងវាមានការសង្ស័យ។ ហើយម្យ៉ាងទៀត វាអត់មានអភិបាលកិច្ចល្អទេ។ បើនិយាយអំពីអភិបាលកិច្ចល្អ គឺទាល់តែមានព័ត៌មាន ឬការចូលរួមពីមហាជន»។
វិទ្យុអាស៊ីសេរី មិនអាចសុំព័ត៌មានបន្ថែមពីក្រុមមន្ត្រីកាកបាទក្រហមកម្ពុជា តាមទូរស័ព្ទបានទេអំពីបញ្ហាចំណូលចំណាយរបស់ស្ថាប័នមួយនេះ។
គេហទំព័រកាកបាទក្រហមកម្ពុជា បង្ហាញថា សមាជិករបស់កាកបាទក្រហម ត្រូវបានបែងចែកជាសមាជិកទ្រទ្រង់សកម្ម ឧបការី និងកិត្តិយស។ សមាជិករបស់កាកបាទក្រហមកម្ពុជា មានករណីយកិច្ចផ្សព្វផ្សាយ លើកកម្ពស់ និងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់កាកបាទក្រហមកម្ពុជា និងការពង្រីកសមាជិកភាព។ អនុវត្ដតាមគោលការណ៍ និងលក្ខខណ្ឌរបស់កាកបាទក្រហមកម្ពុជា និងបង់ប្រាក់សមាជិកភាពប្រចាំឆ្នាំ។
ទាក់ទងនឹងរចនាសម្ព័ន្ធ លោក កែម ឡី បញ្ជាក់ថា កាកបាទក្រហម គួរតែជាស្ថាប័នអព្យាក្រឹត្យរបស់ជាតិមួយ ដែលគ្មានការជ្រៀតជ្រែកពីក្រុមអ្នកនយោបាយ ឬក្រុមប្រពន្ធរបស់អ្នកនយោបាយ៖ «វាគួរតែមានអ្នកដែលចូលនិវត្ត វាគួរតែមានព្រះមហាក្សត្រ សែរាជវង្សានុវង្សដែលស្ថិតនៅក្នុងជំហរឯករាជ្យ មិនពាក់ព័ន្ធនឹងនយោបាយ ឲ្យធ្វើជាប្រធាន។ ការដាក់មន្ត្រីអ្នកធំអីឲ្យចូលទៅក្នុងហ្នឹង ដើម្បីធ្វើចលនាធនធាន វាជារឿងមួយ ប៉ុន្តែបើសិនជាដាក់អ្នកណាក៏បានដែរ ឲ្យតែប្រព័ន្ធហ្នឹងវាល្អ វាមានតម្លាភាពហើយ នាយករដ្ឋមន្ត្រី ឬគណបក្សប្រឆាំង និងជនរួមជាតិហ្នឹងគាំទ្រ នោះចលនាធនធានហ្នឹងវាបានដូចគ្នា។ កាលណាវាដាក់ទៅ ដើម្បីមានឥទ្ធិពលនយោបាយដើម្បីធ្វើចលនា អាហ្នឹងវាមិនត្រឹមត្រូវទៅវិញ ពីព្រោះអីអ្នករកស៊ីដើម្បីចំណេញ»។
កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការធ្វើមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០០ ហើយដែលបានឡាយព្រះហស្តលេខាទទួលស្គាល់ពីអតីតព្រះមហាវីរក្សត្រ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២។
ជាងនេះទៅទៀត កាកបាទក្រហម ត្រូវបានបង្កើតឡើងដោយផ្អែកលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ពិធីសារបន្ថែមឆ្នាំ១៩៧៧ និងអនុសញ្ញានានាដែលស្ថិតក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច និងជាសាស្ត្រាចារ្យខាងផ្នែកវិទ្យាសាស្ត្រនយោបាយ និយាយថា កាកបាទក្រហមកម្ពុជា ជាប្រភេទស្ថាប័នប្រឡាយកូនកាត់៖ «យើងឃើញមានកាកបាទក្រហមក៏ពិតមែន ដាក់សញ្ញាកាកបាទក្រហមក៏ពិតមែន ក៏ប៉ុន្តែយើងប្រឡាយកូនកាត់ ខុសពីកាកបាទក្រហមគេ។ វាពាក់កណ្ដាលនយោបាយបន្តិចហើយ។ យើងឃើញមានទិដ្ឋភាព ការចុះជួយរបស់កាកបាទក្រហមហ្នឹង ធម្មតាការចុះជួយ គេមិនគិតពីនិន្នាការទេ គេអត់ខ្វល់អ្នកណានៅ អ្នកណាទេទាហានក៏គេជួយ ស៊ីវិលក៏គេជួយ ជនចុះចាញ់ក្នុងសង្គ្រាមក៏គេជួយ។ ឲ្យតែអ្នកមានបញ្ហា ហើយត្រូវការកាកបាទក្រហមជួយ អាហ្នឹងគេជួយទាំងអស់។ អាហ្នឹងជាទិដ្ឋភាពទ្រឹស្ដីរបស់កាកបាទក្រហម»។
ក្រៅពី អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី សុខ អាន អានី ភរិយារបស់ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី ហើយនិងអ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់ លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច គេក៏ឃើញមានក្រុមប្រពន្ធរដ្ឋមន្ត្រីគ្រាក់ៗ ចៅហ្វាយក្រុង ចៅហ្វាយខេត្ត និងឧត្តមសេនីយ៍កំពូលៗជាច្រើនទៀតជាសមាជិករបស់កាកបាទក្រហមកម្ពុជា ផងដែរ។
រហូតមកទល់ពេលនេះ គេមិនដែលឃើញកាកបាទក្រហមកម្ពុជា ចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារបញ្ហារំលោភដីធ្លី ដូចជាករណីភូមិឡពាង តំបន់បឹងកក់ បុរីកីឡា និងនៅតាមបណ្ដាខេត្តផ្សេងៗ រួមនិងកម្មកររោងចក្រក្រីក្រជាច្រើនទៀតនោះទេ។
នៅពេលឃោសនារកសំឡេងឆ្នោតម្តងៗ ក្រុមកាកបាទក្រហម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកអំណោយមនុស្សធម៌ដល់ជនក្រីក្រតាមជនបទ ហើយដែលគេឃើញជំនួយទាំងនោះ បានដល់ដៃតែក្រុមសកម្មជនគាំទ្របក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ។
ជាក់ស្តែងកាកបាទក្រហម ខកខានមិនបានចុះផ្តល់ជំនួយមនុស្សធម៌ដល់ក្រុមកម្មករដែលរងគ្រោះដោយសារការបាញ់ប្រហារ និងការវាយទាត់ធាក់ដោយកងកម្លាំងរបស់រដ្ឋាភិបាល ដូចជាករណីរោងចក្រ យ៉ាក ជីន និងករណីផ្លូវវ៉េងស្រេង នោះឡើយ។
ប៉ុន្តែផ្ទុយទៅវិញ ក្រុមមន្ត្រីកាកបាទក្រហម ក្រុមមន្ត្រីប៉ូលិស និងក្រុមថៅកែរកស៊ីជួញដីធំៗនៅស្រុកខ្មែរ បែរជាតម្រង់ជួរគ្នាខ្ចប់លុយទៅជួយកងសន្តិសុខដល់មន្ទីរពេទ្យ នៅពេលដែលក្រុមនេះរងរបួសក្នុងការប៉ះទង្គិចគ្នា ខណៈចុះទៅវាយបំបែកក្រុមបាតុករ និងវាយអ្នកកាសែត។
ម្យ៉ាងវិញទៀត គេសង្កេតឃើញក្រុមឧកញ៉ាមហាសេដ្ឋីជួញដូរដី ជួញដូរព្រៃ និងជួញដូររ៉ែជាច្រើន អែបអបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានដីសម្បទាន រីឯប្រពន្ធៗវិញជាអ្នកអែបអបកាកបាទក្រហម ដើម្បីរកសុវត្ថិភាពសម្រាប់មុខជំនួញរបស់ពួកគេ។
បើចង់មើលមុខក្រុមអ្នករកស៊ីខុសច្បាប់នៅកម្ពុជា គឺជាការងាយបំផុត ដោយគ្រាន់តែទស្សនាតាមកញ្ចក់ទូរទស្សន៍ជាតិ (ទទក) ទូរទស្សន៍បាយ័ន ឬអប្សរា ជាដើម គេនឹងឃើញក្រុមអ្នកស៊ីជួញដូរកំពូលៗនៅកម្ពុជា បានយកលុយទាំងកញ្ចប់ៗទៅឲ្យកាកបាទក្រហម ហើយបានថតរូបមួយប៉ុស្តិ៍ជាមួយប្រពន្ធរបស់នាយករដ្ឋមន្ត្រី ភ្ជាប់ជាមួយប័ណ្ណសរសើរដែលអាចដើរតួជំនួសយ័ន្តទេវតា ដើម្បីការពារមុខរបររកស៊ីជួញដូរខុសច្បាប់របស់ពួកគេ។
ចំណែកអ្នកដែលមិនសូវមានលុយធំ ដូចជាមន្ត្រីរាជការ តុលាការ មេធាវី យោធា និងប៉ូលិស បានបង់លុយជាប្រចាំដល់កាកបាទក្រហម ក៏ដើម្បីបានចំហាយអំណាចមួយដើម្បីការពារមុខងាររបស់គេដែរ ហើយខ្ទង់ចំណូលទាំងនោះ មិនបានលាតត្រដាងជាសាធារណៈក្នុងបញ្ជីចំណូលចំណាយរបស់ស្ថាប័នមនុស្សធម៌របស់រដ្ឋាភិបាលកម្ពុជា នេះឡើយ។ គឺដោយសារការសង្កេតឃើញធាតុពិត និងការអនុវត្តជាក់ស្តែងរបស់កាកបាទក្រហមកម្ពុជា។ ដូច្នេះហើយបានជាអ្នកតាមដានស្ថានការណ៍នៅកម្ពុជា ចាត់ទុកថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នផ្តល់ជំនួយមនុស្សធម៌ទៅឲ្យតែសកម្មជនបក្សកាន់អំណាចផង ជាស្ថាប័នរកលុយផង និងជាស្ថាប័នរក្សាសុវត្ថិភាពការងាររបស់មន្ត្រីអែបអបផង ព្រមទាំងជាស្ថាប័នការពារមុខជំនួញរបស់ក្រុមអ្នករកស៊ីជាមួយបក្សកាន់អំណាចផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។