ថៃ​ចោទ​កម្ពុជា​ថា​ប្រើ​គ្រាប់​មីន​តាម​បណ្ដោយ​ព្រំដែន

ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មីនា បាន​ប្រកាស​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ (Bangkok Post) ថា​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត គ្មាន​មូលដ្ឋាន និង​បំភ្លៃ​មតិ​ជាតិ និង​អន្តរជាតិ ឲ្យ​មាន​ការ​យល់​ច្រឡំ និង​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថៃ។

ការ​ផ្សាយ​នោះ គឺ​ប៉ះពាល់​ជាពិសេស​ដល់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​រក្សា​សន្តិភាព​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​ថៃ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នេះ គឺ​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី៧ ខែ​មីនា កន្លង​ទៅ​នេះ ដែល​បាន​ចោទ​ប្រកាន់​ថា កម្ពុជា បាន​ប្រើប្រាស់​គ្រាប់​មីន​ផលិត​នៅ​វៀតណាម (TMN1) នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា និង​ថៃ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ថ្កោល​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​នាំ​ពាក្យ​រង​យោធា​ថៃ លោក វិនថៃ ស៊ូវ៉ារី (WinThai Suwaree) ដែល​កាសែត​បាងកក​ប៉ុស្តិ៍ ដក​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ។ សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា កម្ពុជា ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូតាវ៉ា (Ottawa Convention) ប្រឆាំង​ការ​ប្រើប្រាស់​គ្រាប់​មីន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។