ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​ចំនួន​ពីរ​របស់​បក្ស​សង្គ្រោះ​ជាតិ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ច្រាន​ចោល​បណ្ដឹង​ចំនួន​ពីរ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ដំបូង​នៃ​កិច្ច​ប្រជុំ​សម្រេច​លើ​ពាក្យ​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​លើ​ដំណើរ​ការ​បោះ​ឆ្នោត។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា បណ្ដឹង​ទាំង​នេះ​ជា​បណ្ដឹង​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ជំទាស់​លើ​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

0:00 / 0:00

នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​មិន​ឲ្យ​អ្នក​កាសែត​ចូល នៅ​ថ្ងៃ​ទី២០ ខែ​សីហា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ទាត់​ចោល​បណ្ដឹង​ចំនួន ២ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្ដី​សម្រេច​របស់ គ.ជ.ប។

លិខិត​ពីរ​ផ្សេង​គ្នា ចុះ​ថ្ងៃ​ទី២០ ខែ​សីហា របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក ឯក សំអុល បាន​ផ្ញើ​ជូន​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក រស់ សួ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក នូ ចំរើន។ លិខិត​នោះ​បញ្ជាក់​ដោយ​ខ្លី​ថា គ.ជ.ប បាន​ធ្វើ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក រស់ សួ មាន​ប្រសាសន៍​ថា នីតិវិធី​សម្រេច​លើ​សំណុំ​រឿង​នេះ​មិន​មាន​តម្លាភាព​ឡើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ត​ថា លោក​ទទួល​បាន​ដំណឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​បណ្ដឹង ហើយ​បណ្ដឹង​ទាំង​នោះ​ជា​បណ្ដឹង​ដែល​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

ទោះ​យ៉ាង​ណា​ក្តី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​រៀប​ចំ​កិច្ច​ប្រជុំ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គឺ​ធ្វើ​ឡើង​តាម​នីតិវិធី​ក្នុង​ការ​ធ្វើ​ការងារ​របស់​ស្ថាប័ន​កំពូល​មួយ​នេះ។ លោក​បន្ត​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​មាន​សិទ្ធិ​ដោះស្រាយ​បណ្ដឹង​តាម​រយៈ​សវនាការ​ជា​សាធារណៈ និង​សម្រេច​ផ្ទៃ​ក្នុង។

លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​មាន​តម្លាភាព ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គួរ​តែ​ព្យាយាម​ដោះស្រាយ​បណ្ដឹង​តវ៉ា​តាម​រយៈ​សវនាការ​ជា​សាធារណៈ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «ពេល​ខ្លះ​អា​សវនាការ​អស់​ហ្នឹង​អត់​មាន​តម្លាភាព​ដែរ ការ​សម្រេច​ប៉ិន​គាត់​អាច​មាន​បញ្ហា អត់​មាន​ការ​ពន្យល់​ឲ្យ​បាន​ច្បាស់​ថា នីតិវិធី​បែប​ណា​ត្រូវ​ធ្វើ​ជា​សាធារណៈ។ ជា​ទូទៅ ត្រូវ​មាន​សវនាការ​ជា​សាធារណៈ​ឲ្យ​បាន​ច្រើន​ដល់​ណា​ល្អ​ដល់​ហ្នឹង»

ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​ពាក្យ​បណ្ដឹង​សរុប​ចំនួន ៣៣​បណ្ដឹង និង​បាន​ដោះស្រាយ​រួច​ចំនួន ១៤​ពាក្យ​បណ្ដឹង។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ដោះស្រាយ​បណ្ដឹង​ចំនួន ១៩ ក្នុង​នោះ​មាន​បណ្ដឹង​បដិសេធន៍​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ចំនួន ៩​ពាក្យ​បណ្ដឹង។

ចំណែក​ឯ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កណ្ដាល លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​កោះ​ហៅ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២១ ខែ​សីហា និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី២៣ ខែ​សីហា។ លោក​បន្ត​ថា ចំពោះ​ពាក្យ​បណ្ដឹង​ដែល​បណ្ដឹង​បដិសេធន៍​លទ្ធផល​បោះ​ឆ្នោត មិន​ទាន់​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើក​យក​មក​ដោះស្រាយ​នៅ​ឡើយ​ទេ។ ប៉ុន្តែ លោក​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បើក​សវនាការ​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​តម្លាភាព។

ផ្អែក​តាម​ច្បាប់​ស្ដីពី​ការ​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ គ.ជ.ប នឹង​ប្រកាស​ផ្សាយ​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត ការ​បែង​ចែក​អាសនៈ និង​ការ​កំណត់​បេក្ខជន​ជាប់​ឆ្នោត បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោះស្រាយ​បណ្ដឹង​ចប់​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។