គណបក្ស​ហ៊្វុនស៊ិនប៉ិច​បដិសេធ​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ

0:00 / 0:00

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ច្រានចោល​ការអះអាងរ​បស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទាក់ទង​នឹង​ការរំលាយ​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ទាមទារ​យក​ទីស្នាក់ការ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ។ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចាត់​ទុក​ការ​ទាមទារ​ទាំង​នោះ​គឺ​ផ្ទុយ​នឹង​លក្ខន្តិកៈ​នៃ​គណបក្ស​នយោបាយ។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ ថា ជា​ការ​បំផ្លើស ភូតកុហក ដើម្បី​ទាក់ទាញ​ឲ្យ​មាន​អ្នក​ចូលរួម​ជាមួយ​ខ្លួន​ប៉ុណ្ណោះ។

​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក សាយ ហាក់ ប្រតិកម្ម​ភ្លាមៗ​ថា លោក ញឹក ប៊ុនឆៃ បាន​ចាក​ចេញ​ពី​គណបក្ស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បើក​បក្ស​ថ្មី​មួយ​ទៀត​រួច​ហើយ។ ដូច្នេះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​គ្នា​ទៀត​នោះទេ ដោយឡែក​រឿង​សមាជ​គណបក្ស ក៏​លោក ញឹក ប៊ុនឆៃ បាន​ចូលរួម​លើក​ដៃ​អនុម័ត​គ្រប់​ពេល​ដែល​គណបក្ស​បាន​ធ្វើ​សមាជ​ម្តងៗ​ដែរ៖ «ការ​ទាមទារ​របស់​គាត់​នេះ មិន​ត្រឹមត្រូវ​ទេ ព្រោះ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច មិន​មែន​ជា​របស់​អ្នក​ណា​មួយ​ទេ ព្រោះ​លោក ញឹក ប៊ុនឆៃ ខ្លួន​ឯង​តែម្ដង​បាន​ធ្វើ​បញ្ជី​សារពើ​ព័ន្ធ​មក​ជូន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​សមាជ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៥ គាត់​ក៏​ចូល សមាជ​វិសាមញ្ញ​គាត់​ក៏​ចូល​ដែរ ដូច្នេះ​បើ​គាត់​ចាក​ចេញ​ទៅ​បង្កើត​គណបក្ស​ថ្មី​ទៀត​ហើយ​នេះ សមាជិកភាព​របស់​គាត់​មិន​អាច​ទាមទារ​អ្វី​បាន​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទេ នេះ​បើ​តាម​ច្បាប់​នៃ​គណបក្ស​នយោបាយ»

​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ អះអាង​ក្នុង​សមាជ​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នា​ខណ្ឌ​ជ្រោយចង្វារ កាល​ពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ថា ក្រសួង​មហាផ្ទៃ បាន​សម្រេច​រំលាយ​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​លោក​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ដក​ហូត​ទីស្នាក់ការ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​តាម​បណ្តា​ខេត្ត​នានា​ជាង ២០​ខេត្ត ក្រុង ទូទាំង​ប្រទេស​ជា​បន្តបន្ទាប់​ផង​ដែរ។

លោក ញឹក ប៊ុនឆៃ បញ្ជាក់​បន្ថែម​ក្រោយ​ពី​សមាជ​ចប់​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា ជា​គោលការណ៍​មាន​ការ​សម្រេច​ពី​ក្រុម​អ្នក​ច្បាប់​នៃ​ក្រសួង​មហាផ្ទៃ ហើយ ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​នេះ៖ «ស្នាក់ការ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ មាន​តែ​ប្រាំ​ខេត្ត​ទេ ក្រៅ​ពី​នេះ សុទ្ធតែជា​របស់​ឯកជន ទាំង​ថវិកា​ចំណាយ​សាងសង់​អគារ​ហ្នឹង ទាំង​ដី​អី​ហ្នឹង​សុទ្ធតែជា​របស់​ឯកជន​ទេ»

​លិខិត​បដិសេធ​ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ ដែល​បញ្ជាក់​ពី​សេចក្ដី​សម្រេច​ណា​មួយ​ដូច​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ នោះ​ឡើយ។

​ទាក់ទង​បញ្ហា​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ កុម្ភៈ ដែរ​ថា ការិយាល័យ​រដ្ឋបាល​នៃ​ក្រសួង​មហាផ្ទៃ មិន​ទាន់​បាន​ទទួល​សេចក្ដី​សម្រេច​ណា​មួយ​ជុំវិញ​រឿង​នេះ​ទេ៖ «ខ្ញុំ​មិន​ដឹង​ថា គាត់​និយាយ​ហ្នឹង​សំអាង​ទៅ​លើ​អី? ព្រោះ​អត់​មាន​លិខិត​អី​បញ្ជាក់​ពី​ក្រសួង​ទៅ​ផង ហើយ​ខ្ញុំ​សួរ​ទៅ​អគ្គ​រដ្ឋបាល ក៏​អត់​ដឹង​រឿង​នេះ​ដែរ មិន​ដឹង​គាត់​បាន​ពាក្យ​នេះ​មក​ពី​ណា?»

​អ្នក​នយោបាយ​ដែល​មាន​និន្នាការ​រាជានិយម គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ បាន​ដាក់​ពាក្យ​ប្ដឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដណ្ដើម​គ្រប់គ្រង​កេរ​មតក​គ្នា​នៅ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ ដូចជា​ទីស្នាក់ការ​នៅ​តាម​ខេត្ត និង​ស្លាក​គណបក្ស​ជាដើម បន្ទាប់​ពី​អ្នក​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​បែកបាក់​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៦ នេះ​មក៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។