រដ្ឋាភិបាលបានប្រកាសបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី ចំណុះក្រសួងមហាផ្ទៃ ផ្ទាល់ ដោយផ្ទេរចេញពីអគ្គស្នងការដ្ឋាននគរបាលជាតិ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកថា នេះជាជំហានថ្មីមួយ ប៉ុន្តែមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនិយាយថា ចាំមើលគោលការណ៍ស្ដីពីតួនាទី និងភារកិច្ចរបស់អង្គភាពនោះសិន ទើបបានដឹងថា តើការបង្កើតនោះវាមានប្រសិទ្ធភាពការងារឬអត់?
ប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាលើអនុក្រឹត្យមួយកាលពីថ្ងៃទី១ មេសា បង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចំណុះក្រសួងមហាផ្ទៃ ផ្ទាល់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍នៅថ្ងៃទី២ មេសា ថា ការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ ដោយសារចំនួនជនបរទេសទាំងអន្តោប្រវេសន៍ និងមិនអន្តោប្រវេសន៍ ដែលចេញចូលប្រទេសកម្ពុជា មានការកើនឡើងច្រើន ក្នុងនោះមានទាំងអ្នកបច្ចេកទេស ជំនាញ និងអ្នកវិនិយោគទុនបរទេសផង។
លោក ខៀវ សុភ័គ៖ «តាមការរីកចម្រើននៃសភាពការណ៍ប្រទេសជាតិ យើងឃើញថា ជនបរទេសកាន់តែមកទស្សនកិច្ចកម្ពុជា ច្រើនឡើងៗ ហើយមានទាំងជនអន្តោប្រវេសន៍ផង និងជនមិនមែនអន្តោប្រវេសន៍ផង។ ហើយមានជនអន្តោប្រវេសន៍ជាអ្នកវិនិយោគិននោះផង។ ដូច្នេះ ដើម្បីធ្វើការងារនោះឲ្យបានច្បាស់លាស់ថែមទៀត និងស៊ីជម្រៅ យើងបានស្នើសុំរាជរដ្ឋាភិបាលបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយ ក្នុងនោះមាននាយកដ្ឋានចំណុះចំនួន៥»។
អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ មិនបាននិយាយលម្អិតអំពីតួនាទី និងភារកិច្ចរបស់អង្គភាពនេះទេ ដោយសរសេរថា តួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតួនាទីភារកិច្ចរបស់នាយកដ្ឋានចំណុះ ត្រូវកំណត់ដោយអនុក្រឹត្យមួយដោយឡែក។
អនុក្រឹត្យស្ដីពីការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ បានសរសេរថា នាយកដ្ឋានអន្តោប្រវេសន៍ដែលពីមុនចំណុះអគ្គស្នងការនគរបាលជាតិ ត្រូវផ្ទេរមកចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលទើបបង្កើតថ្មីនេះវិញ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មីនេះ ដឹកនាំដោយអគ្គនាយកមួយរូប និងអគ្គនាយករងមួយចំនួន ហើយមាននាយកដ្ឋានចំណុះចំនួន៥។ នាយកដ្ឋានចំណុះទាំង៥នោះរួមមាន ទី១ នាយកដ្ឋានរដ្ឋបាលសរុប។ ទី២ នាយកដ្ឋានគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន៍។ ទី៣ នាយកដ្ឋានគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍។ ទី៤ នាយកដ្ឋានគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន និងទី៥ នាយកដ្ឋានច្រកទ្វារអន្តរជាតិ។
មកទល់ពេលនេះមិនទាន់ប្រកាសឲ្យដឹងថា អ្នកណាជាអ្នកដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលទើបបង្កើតថ្មីនេះទេ។
ទាក់ទងការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មីនេះ លោក សុក សំអឿន នាយកអង្គការមិនមែនរដ្ឋាភិបាលមួយឈ្មោះ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មានប្រសាសន៍ថា ការបង្កើតអគ្គនាយកដ្ឋានថ្មីនេះវាមានប្រយោជន៍ ឬអត់ អាស្រ័យលើសកម្មភាពជាក់ស្តែងរបស់អង្គភាពនោះ។
លោក សុក សំអឿន បានឲ្យដឹងថា ប្រទេសកម្ពុជា មានច្បាប់អន្តោប្រវេសន៍ហើយ ប៉ុន្តែការអនុវត្តកន្លងមកមិនសូវមានប្រសិទ្ធភាព ដោយសារមន្ត្រីថ្នាក់ក្រោមមួយចំនួននិយាយថា មិនមានគោលការណ៍ច្បាស់លាស់ពីថ្នាក់លើមក ជាពិសេសទាក់ទងជនជាតិវៀតណាម ហាក់មានការអនុគ្រោះ ដែលធ្វើឲ្យការអនុវត្តច្បាប់អន្តោប្រវេសន៍នោះមិនមានលក្ខណៈទូទៅស្មើភាពគ្នា ចំពោះជនអន្តោប្រវេសន៍ទាំងអស់ដែលរស់នៅ និងមកបំពេញការងារនៅប្រទេសកម្ពុជា។
លោក សុក សំអឿន៖ «សំខាន់លើគោលនយោបាយរដ្ឋាភិបាល តើសម្រេចអនុវត្តគោលការណ៍នោះច្បាស់លាស់ដែរឬអត់? ព្រោះកន្លងមក ការងារអន្តោប្រវេសន៍នេះរយីករយាកដោយសារយើងឃើញថា រដ្ឋាភិបាលហ្នឹងរាងបន្ធូរដៃជាមួយជនអន្តោប្រវេសន៍វៀតណាម។ ធម្មតាក្នុងការអនុវត្ត បើយើងអនុវត្តបន្ធូរដៃដល់ក្រុមណាមួយ វានាំឲ្យអនុវត្តធូរដៃទូទៅដែរ»។
បញ្ហាជនអន្តោប្រវេសន៍ជារឿងរសើបងាយប៉ះទង្គិចមួយនៅកម្ពុជា ជាពិសេសទាក់ទងជាមួយជនអន្តោប្រវេសន៍វៀតណាម។ ក្រៅពីជនអន្តោប្រវេសន៍វៀតណាម ក៏មានជនអន្តោប្រវេសន៍ចិន និងសាសន៍ផ្សេងៗទៀតដែរ។ ប្រទេសកម្ពុជា មានច្បាប់អន្តោប្រវេសន៍តាំងពីឆ្នាំ១៩៩៤។ ច្បាប់នេះមាន ៧ជំពូក និងចែងជា ៤១មាត្រា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។