អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុកការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានរបស់អាជ្ញាធររាជធានីភ្នំពេញ ថាជាការភ័យខ្លាចចាញ់ការបោះឆ្នោតសកលនៅឆ្នាំ២០១៨ ខាងមុខ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា លោក ហ៊ុន សែន កំពុងមានបញ្ហាផ្លូវចិត្ត ដោយសារតែវិបត្តិមិនទុកចិត្តអ្នកដទៃ និងបារម្ភពីការផ្សាយព័ត៌មានពិតរបស់បណ្ដាញព័ត៌មានឯករាជ្យ និងសង្គមស៊ីវិល។
លោក ហ្វីល រ៉ូប៊ឺតសុន៖ «វាច្បាស់ណាស់ទៅហើយដែលរដ្ឋាភិបាលគិតថា ខ្លួនកំពុងស្ថិតក្នុងការគំរាមកំហែងដោយសារការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។ បណ្ដាញសារព័ត៌មានទាំងនេះហើយបានបង្ហាញការបំភិតបំភ័យដល់លោក ហ៊ុន សែន ដែលកាន់អំណាចជាង ៣០មកម្ល៉េះ។ ខ្ញុំគិតថា លោក ហ៊ុន សែន ក៏កំពុងស្ថិតក្នុងកម្រិតមួយដែលត្រដរខ្យល់ ព្យាយាមការពារបក្ស និងគ្រួសាររបស់គាត់ដើម្បីអំណាចដែលនាំឲ្យគាត់ភ្លេចគិតថា គាត់ជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ»។
លោកបន្តថា នយោបាយរបស់លោក ហ៊ុន សែន កំពុងបោះពួយឈ្មោះទៅរករបបផ្ដាច់ការយ៉ាងពិតប្រាកដ។
នៅចុងខែសីហា នេះ រដ្ឋាភិបាលបានសម្រេចបញ្ឈប់សកម្មភាព និងបណ្ដេញបុគ្គលិកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចេញពីកម្ពុជា ដោយចោទថា វិទ្យាស្ថានដែលគាំទ្រដោយគណបក្សប្រជាធិបតេយ្យរបស់អាមេរិកមួយនេះ រួមដៃជាមួយបក្សប្រឆាំងក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាល។ បន្ទាប់មកទៀត គឺការទាមទារពន្ធរាប់លានដុល្លារពីកាសែត ឌឹ ខេមបូឌា ដេលី និងការបិទស្ថានីយវិទ្យុមួយចំនួនដែលវិទ្យុទាំងនោះជួលម៉ោងអោយកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)។
លោក ហ្វីល រ៉ូប៊ឺតសុន បន្តថា វិធានការចុងក្រោយរបស់លោក ហ៊ុន សែន គឺធ្វើអ្វីៗគ្រប់យ៉ាងក្នុងរូបភាពដ៏កខ្វក់ដើម្បីយកឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ តាមរយៈការដឹកនាំដោយកណ្ដាប់ដៃដែក។
ចំណែកលោកបណ្ឌិត អៀ សុផល ដែលជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យកាលីហ្វ័រញ៉ា (California) និងជាអ្នកជំនាញខាងផ្នែកអាស៊ីភាគអាគ្នេយ៍ បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ការធ្វើទុក្ខទោសដល់ក្រុមអង្គការឃ្លាំមើលការបោះឆ្នោត និងក្រុមអ្នកសារព័ត៌មានដែលតែងជួយដល់កិច្ចការសង្គមនៅមុនការបោះឆ្នោត២០១៨ នេះ នឹងប៉ះទង្គិចធ្ងន់ធ្ងរដល់ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ៖ «ពិតប្រាកដណាស់ គឺពលរដ្ឋនឹងបាត់បង់ផលប្រយោជន៍លែងបាន ស្ដាប់សំឡេងរបស់អ្នកនៅតាមស្ថានីយវិទ្យុទាំងឡាយក៏ដូចជាលែងបានទទួលផលប្រយោជន៍ពី NDI ដែលផ្ដល់ការវាយតម្លៃយ៉ាងច្បាស់លាស់ក្នុងនាមជាភាគីទីបីបានឃ្លាំមើលការបោះឆ្នោត។ ប៉ុន្តែរដ្ឋាភិបាលអាចជួលអង្គការឃ្លាំមើល និងវាយតម្លៃការបោះឆ្នោតផ្សេងឲ្យមកនិយាយថា ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងដោយសេរី និងយុត្តិធម៌ ដោយមិនបានចំណាយពេលអ្វីនៅក្នុងប្រទេសផង។ អង្គការទាំងនោះគ្រាន់តែចំណាយពេលពីរបីថ្ងៃមុនការបោះឆ្នោត និងពីរបីថ្ងៃក្រោយការបោះឆ្នោតហើយក៏ចាកចេញទៅ»។
ឆ្លើយតបនឹងការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលកម្ពុជា នេះ ក្រសួងការបរទេសអាមេរិក កាលពីដើមសប្ដាហ៍នេះសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពធ្លាក់ចុះដុនដាបខ្លាំងនៃបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ កាលពីរបីខែមុន កម្ពុជាទើបតែទទួលបានការទទួលស្គាល់ជាទូទៅថា រៀបចំការបោះឆ្នោតឃុំ-សង្កាត់មួយដែលមានតម្លាភាព និងស្ងប់ស្ងាត់ល្អ។ ប៉ុន្តែពីរសប្ដាហ៍កន្លងទៅនេះ អ្វីដែលគេទទួលស្គាល់ថា ល្អ ប្រែជាល្អក់កករ ដោយសារតែចំណាត់ការរដ្ឋាភិបាលក្នុងការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល។
ក្រសួងការបរទេសអាមេរិក ជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យវិទ្យាស្ថាន NDI និងកាសែត ឌឹ ខេមបូឌា ដេលី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀតអាចបន្តសកម្មភាពដ៏សំខាន់របស់ពួកគេ ដើម្បីជួយជំរុញឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
មិនត្រឹមតែរដ្ឋាភិបាលអាមេរិកទេ តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាអាមេរិក ក៏ថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា ដែរ។
ប្រធានគណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក លោក អេដ រ៉យ (Ed Royce) កាលពីថ្ងៃទី២៤ ខែសីហា បានហៅរបបដឹកនាំរបស់លោក ហ៊ុន សែន ថាជារបបព្រៃផ្សៃដែលកំពុងសំដៅរកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ ដែលនៅសេសសល់តិចតួច និងអង្គការសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យលើកស្ទួយតម្លៃប្រជាធិបតេយ្យនៅកម្ពុជា។ លោក អេដ រ៉យ (Ed Royce) អំពាវនាវឲ្យសហរដ្ឋអាមេរិក គាំទ្រប្រជាពលរដ្ឋខ្មែរហើយ ប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលកំពុងនាំប្រទេសធ្លាក់ទៅរបបផ្ដាច់ការ។
អាស៊ីសេរីមិនទាន់អាចសុំអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍ថ្កោលទោសរបស់អាមេរិក នៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងភ្នំពេញ បានចេញលិខិតចំហមួយវាយប្រហារធ្ងន់ៗទៅលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន (Washington) ដោយចោទប្រកាន់ថា កំពុងធ្វើនយោបាយស្មោកគ្រោក និងព្រៃផ្សៃក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្នុងលិខិតចំហនេះបន្តថា ពលរដ្ឋខ្មែរយល់ដឹងអំពីដំណើរការប្រជាធិបតេយ្យនេះ ហើយសហរដ្ឋអាមេរិក មិនចាំបាច់មកបង្គាប់បញ្ជាពួកគេថា ត្រូវធ្វើអ្វីនោះទេ។
ផ្ទុយទៅវិញ លោក ហ្វីល រ៉ូប៊ឺតសុន អះអាងថា ការខឹងសម្បារបស់លោក ហ៊ុន សែន ចំពោះសហរដ្ឋអាមេរិក អាចដោយសាររដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) មិនយកចិត្តទុកដាក់នឹងលោក ហ៊ុន សែន ខណៈមេដឹកនាំប្រទេសថៃ និងវៀតណាម ត្រូវបានអញ្ជើញមកកាន់សេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតុន៖ «គួរឲ្យមានការចាប់អារម្មណ៍ណាស់ ខណៈប្រទេសជិតខាងរបស់គាត់ ដូចជាមេដឹកនាំយោធារបស់ថៃ និងមេដឹកនាំប្រទេសវៀតណាម ដែលជាប្រទេសកុម្មុយនិស្តផ្ដាច់ការមានបក្សតែមួយ ត្រូវបានគេអញ្ជើញមកសេតវិមាន រីឯលោក ហ៊ុន សែន វិញមិនបានទទួលការអញ្ជើញអ្វីទាំងអស់។ តើលោកដឹងទេថា ហេតុអ្វីបានជាលោក ហ៊ុន សែន មិនសូវមានទំនាក់ទំនងល្អជាមួយអាមេរិក ដោយសារគោលនយោបាយការបរទេសរបស់អាមេរិក ព្យាយាមលុបបំបាត់មេដឹកនាំទាំងឡាយណាដែលរំលោភសិទ្ធិមនុស្សនៃពលរដ្ឋរបស់ខ្លួន»។
ជុំវិញការធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មាន និងសង្គមស៊ីវិលនេះដែរ ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីថ្ងៃសុក្រ ទី២៥ ខែសីហា បានព្រមានថា ការបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ធ្វើឡើងមិនស្របតាមនីតិវិធីត្រឹមត្រូវ ហើយធ្វើឲ្យស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅកម្ពុជា ជាច្រើនទៀតកាន់តែយ៉ាប់យ៉ឺន។
អង្គការសហប្រជាជាតិ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធានាពេញលេញនូវការគោរពសិទ្ធិពលរដ្ឋ និងនយោបាយ ព្រមទាំងសេរីភាពសារព័ត៌មាន មុនពេលបោះឆ្នោតជាតិ ឆ្នាំ២០១៨ ចូលមកដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។