អតីតអ្នកកាសែតភ្នំពេញប៉ុស្តិ៍និយាយថា លោក ហ៊ុន សែន មិនបានប្រើប្រាស់តួនាទី និងអំណាចរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីមួយរូបឲ្យបានពេញលេញត្រឹមត្រូវឡើយ។ មិនបានប្រើតួនាទីជានាយករដ្ឋមន្ត្រីឈរលើនយោបាយអភិបាលកិច្ចល្អនោះ គឺដោយសារតែលោកអនុវត្តវប្បធម៌ "ឯងជួយអញ អញជួយឯង"។
ថ្លែងក្នុងឱកាសធ្វើបទបង្ហាញសៀវភៅទើបចេញថ្មីដែលមានចំណងថា «Hun Sen's Cambodia» នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ មករា ដែលមានមនុស្សចូលរួមស្តាប់ប្រមាណ ១០០នាក់នោះ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ (Sebastian Strangio) ដែលជាអ្នកនិពន្ធ មានប្រសាសន៍ថា គណបក្សកាន់អំណាចដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតមកដល់ពេលនេះ បណ្តោយឲ្យកម្ពុជា ហិនហោចធនធានធម្មជាតិ បញ្ហារំលោភយកដីធ្លី និងអំពើពុករលួយ។ លោកថា លោក ហ៊ុន សែន ជ្រើសរើសយកល្បែង "ឯងជួយអញ អញជួយឯង" ដើម្បីការរក្សា និងពង្រឹងអំណាចរបស់លោក និងបក្ខពួក៖ «ប្រព័ន្ធនយោបាយនៅកម្ពុជា បច្ចុប្បន្ន កំពុងប្រព្រឹត្តទៅដោយផ្អែកលើគោលនយោបាយ "យកចិត្តយកចិត្តយកថ្លើមក្រុមអ្នកជំនួញដែលមានឥទ្ធិពល" ហើយដើម្បីជាការដោះដូរគ្នា ក្រុមអ្នកជំនួញដែលមានអំណាចទាំងនោះ ត្រូវផ្តល់ការគាំទ្រដល់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាឱកាស និងប្រយោជន៍ដែលទទួលបានពីអាជីវកម្មរបស់ពួកគេ។ ប្រព័ន្ធនយោបាយបែបនេះ បានបង្កឲ្យកើតមានការមិនយកចិត្តទុកដាក់ដល់សេចក្តីត្រូវការរបស់ពលរដ្ឋសាមញ្ញ។ នេះហើយជាឫសគល់នៃបញ្ហារំលោភយកដីធ្លី និងការកាប់បំផ្លាញព្រៃឈើ ជាដើម។ ខ្ញុំគិតថា ប្រព័ន្ធនយោបាយបែបនេះគ្មានគោលដៅ ឬទស្សនៈវិស័យច្បាស់លាស់ទេ ក្រៅតែពីប្រាថ្នាចង់រក្សាឲ្យមានបែបនេះជារៀងរហូតនោះ។ ចំពោះ លោក ហ៊ុន សែន វិញ គាត់មិនបានប្រើប្រាស់អំណាចរបស់គាត់ក្នុងនាមជានាយករដ្ឋមន្ត្រីឲ្យបានពេញលេញទេ ពីព្រោះគាត់ពឹងផ្អែកពេកទៅលើបុគ្គល។ សម្រាប់ លោក ហ៊ុន សែន ការរក្សាអំណាច គឺជាល្បែងនៃការទប់ឲ្យមានតុល្យាការជាប់ជានិច្ចរវាងបុគ្គលមានឥទ្ធិពល ឈ្មួញមានអំណាច និងមន្ត្រីយោធា ព្រមទាំងរក្សាឲ្យពួកគេបន្តមានភក្តីភាពតាមរយៈឯងជួយអញ អញជួយឯង»។
ទោះជាយ៉ាងណា លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ ទទួលស្គាល់ថា លោក ហ៊ុន សែន មានចំណុចវិជ្ជមានដូចជា លោកបានបើកទូលាយដល់សង្គមកម្ពុជា ឲ្យមានផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាទំនើប៖ «មនុស្សវ័យក្មេងពេលនេះមានឱកាសច្រើនជាងកាលពី ២០ឆ្នាំមុន។ នេះ គឺជាការក្រាលថ្នាលនៃសេចក្តីសង្ឃឹមសម្រាប់ភាពវិជ្ជមានក្នុងរយៈពេលយូរ។ បច្ចុប្បន្ន ពលរដ្ឋកម្ពុជា មានការអប់រំច្រើន ហើយពួកគេមានការភ្ជាប់ទំនាក់ទំនងទៅពិភពខាងក្រៅតាមរយៈបច្ចេកវិទ្យាទំនើប ដូចជាអ៊ីនធឺណិត (internet) ហើយពួកគេមានគោលជំហរទាមទារឲ្យមានការផ្លាស់ប្ដូរ។ ពលរដ្ឋកម្ពុជា ហ៊ានក្រោកឈរ ហើយសួររដ្ឋាភិបាលថា ហេតុអ្វីបានជាជីវភាពរបស់ពួកគេមិនល្អ និងហេតុអ្វីបានជាកម្ពុជា ដើរយឺតជាងប្រទេសវៀតណាម និងថៃ? ខ្ញុំគិតថា រដ្ឋាភិបាលនឹងត្រូវបង្ខំចិត្តឆ្លើយទៅនឹងសំណួរទាំងនោះ និងប្រឹងរកដំណោះស្រាយទៅនឹងក្តីព្រួយបារម្ភទាំងនោះ»។
ទាក់ទងនឹងផ្នែកសេដ្ឋកិច្ចវិញ លោក ស៊ិបប៊េស្ទៀន ស្រេ្ទងជីអូ យល់ស្របជាមួយអ្នកស្រាវជ្រាវមួយចំនួនទៀតដែរថា បើទោះជាសេដ្ឋកិច្ចបច្ចុប្បន្នប្រសើរជាង ២០ឆ្នាំមុនក៏ដោយ ភោគផលបានពីការរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា ភាគច្រើនហូរបញ្ច្រាសទៅខាងលើ មិនបានហូរចែកចាយដល់ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនទេ ពោលគឺអ្នកក្រកាន់តែក្រទៅ រីឯអ្នកមានឱកាសប្រមូលធ្វើមានធ្វើបាន ចេះតែមានបានទៅ។ លោកថា បញ្ហានេះ គឺបណ្ដាលមកពីប្រព័ន្ធនយោបាយ ឬវប្បធម៌ "ឯងជួយអញ អញជួយឯង" ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពឹងផ្អែកលើបុគ្គលក្រុមឈ្មួញមានឥទ្ធិពល និងកងប្រដាប់អាវុធ ជាជាងច្បាប់ ដើម្បីរក្សាអំណាច។ ម្ចាស់សៀវភៅ «Hun Sen's Cambodia» អតីតអ្នកកាសែតភ្នំពេញប៉ុស្តិ៍រូបនេះបន្តថា ពលរដ្ឋខ្មែរបច្ចុប្បន្នមិនត្រឹមតែសម្លឹងមើលសេចក្តីត្រូវការប្រចាំថ្ងៃដើម្បីរស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏សម្លឹងមើលទៅមុខដែរថា តើពួកគេគួរជ្រើសរើសយករបបនយោបាយបែបណា ដើម្បីជាត្រីវិស័យក្នុងការនាំប្រទេសជាតិឲ្យរីកចម្រើនទៅមុខ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។